កម្ពុជាទទួលបានមេដាយឆ្នើម លើជំនាញចុងភៅក្នុងការប្រកួតជំនាញអាស៊ានលើកទី១២ នៅទីក្រុងបាងកក ប្រទេសថៃ

យុវជនកម្ពុជាផ្នែកជំនាញចុងភៅឈ្មោះ ឡាំ រិទ្ធី ជាសិស្សមកពីសាលាសណ្ឋាគារ និងទេស ចរណ៍ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប ទទួលបានជ័យជម្នះមេដាយឆ្នើម (Medallion for Excellence) ក្នុងចំណោមបេក្ខជន២០រូបមកពី១០ប្រទេស និងទទួលបានជាបេក្ខជន មានពិន្ទុ ខ្ពស់ជាងគេរបស់កម្ពុជា (Best of Nation) ក្នុងឱកាសកម្មវិធីប្រកួតជំនាញអាស៊ានលើក ទី១២ (12th ASEAN Skills Competition) នៅទីក្រុងបាងកក ប្រទេសថៃ។

នេះបើតាមការចេញ ផ្សាយរបស់ក្រសួងទេសចរណ៍។ ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ក្រសួងទេសចរណ៍ បានចូលរួមដឹកនាំយុវជនកម្ពុជា ចំនួន៤រូប ក្នុងនោះ ជំនាញ សេវាកម្មភោជនីយដ្ឋាន ២រូប និងជំនាញចុងភៅ ២រូប បានទៅ ចូលរួមប្រកួតជំនាញអាស៊ានលើកទី១២ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ។
ការប្រកួតជំនាញអាស៊ាននេះ ប្រព្រឹត្តទៅរៀងរាល់២ឆ្នាំម្តង ក្នុងគោលបំណងដើម្បីលើក កម្ពស់ជំនាញវិជ្ជាជីវៈ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន សំដៅអភិវឌ្ឍន៍ធន ធានមនុស្ស និងជំនាញវិជ្ជាជីវៈស្របតាមតម្រូវការទីផ្សារការងារ និងការប្រែប្រួលនូវបច្ចេក វិទ្យាក្នុងយុគ្គសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០។

សូមរម្លឹកថា កន្លងមក ក្រសួងទេសចរណ៍កម្ពុជាបានបញ្ជូនយុវជនកម្ពុជាចូលរួមប្រកួតជំនាញ អាស៊ានចំនួន៣លើករួចមកហើយ ដោយទទួលបានលទ្ធផលជាបន្ដបន្ទាប់ ដោយកាលពីឆ្នាំ ២០១២ ប្រកួតជំនាញអាស៊ានលើកទី៩ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ទទួលបានមេដាយឆ្នើម (Medallion of Excellence) ១រូប លើជំនាញចុងភៅ សិស្សមកពី សាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច ប៉េ អេស អឺ។

ក្នុងឆ្នាំ២០១៤ ប្រកួតជំនាញ អាស៊ាន លើកទី១០ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ទទួលបានមេដាយឆ្នើម (Medallion of Excellence) ២រូប លើជំនាញចុងភៅ សិស្សមកពីសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច ប៉េ អេស អឺ និងសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយ ប្រ៊ូល ខេត្តសៀមរាប។ ក្នុងឆ្នាំ២០១៦ ប្រកួតជំនាញអាស៊ានលើកទី១១ នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី ទទួលបានមេដាយឆ្នើម (Medallion of Excellence) ២រូប លើជំនាញសេវាកម្មភោជនីយដ្ឋាន សិស្សមកពីសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច ប៉េ អេស អឺ៕

 

ដោយ អ៊ុន រិទ្ធី