ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជាប្រកាស ជំរុញការចុះពិនិត្យ ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃអោយបានគ្រប់ទីកន្លែង

វិទ្យុជាតិកម្ពុជា៖ ដោយ លោ ហុក សុខរិន៖

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ក្រុមការងារកាកបាទក្រហមកម្ពុជាប្រកាស ជំរុញការចុះ​ពិនិត្យព្យា​បាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃអោយបានគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ដើម្បី​បង្កើន​​កិច្ចគាំពារថែទំាសុខភាពជូនប្រជាពលរដ្ឋ។
ក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើននាក់ ចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំពេទ្យ​ដល់​ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅបរិវេណវត្តវង្គត់បូរី ក្នុងសង្កាត់ទឹកថ្លារាជ​ធានីភ្នំពេញ​នៅ​ព្រឹកថ្ងៃទី ៥ ខែកញ្ញានេះ លោកជំទាវ អ៊ុក ដារ៉ា មេបញ្ជាការរងកងពោលតូចលេខ៧០ ផ្នែកការិ​យា​ល័យសុខាភិបាលនៃមន្ទីរពេទ្យសម្តេចគិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបានមានប្រសាស៍ថា ការពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាននិងតំបន់ដាច់ស្រយាលដោយផ្ទាល់នេះ គឺដើម្បីជួយសម្រាលទុក្ខលំបាកនិងការចំណាយ ផ្សេងៗរបស់ប្រជាពលរដ្ឋ​ក្នុងការព្យាបាល​ជម្ងឺ។លោកជំទាវបានបញ្ជាក់ថា ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតី​មនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាម​ជ័រ ខ្មែរដូចគ្នា ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ​ណាមួយ​ឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមួយ ចំណែក។


លោកជំទាវបន្ថែមថាការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនោះរួមមាន ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺសួត ក្រពះ ពោះ​វៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់​ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺ​ទឹកនោមផ្អែមជំងឺបេះនិងជំងឺជាច្រើនទៀត។ ក្រៅពីនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក៏បាផ្តល់​សារអប់​រំដល់ប្រជាពលរដ្ឋឲ្យប្រតិបត្តិអនាម័យល្អក្នុងជីវភាពរស់នៅ ដូចជា ហូបស្អាត ផឹកស្អាត រស់នៅ​ស្អាត ដើម្បីធានាឲ្យមានសុខភាពល្អមិនប្រឈមនឹងការកើតជម្ងឺផ្សេងៗ។
ព្រះតេជគុណ កង ភារម្យ ព្រះចៅអធិការវត្តវង្គតបុរី បានមានសង្ឃដីការអោយដឹងថា ការចុះ​ជួយ​​​ព្យា បាលជម្ងឺជូនប្រជាពលរដ្ឋអោយឥតគិតថ្លៃនាពេលនេះ ក៏មានវត្តមានព្រះសង្ឃ យាយជី តាជីផងដែរហើយនេះជាការដឹងសុខដឹងទុក្ខរបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។
សូមបញ្ជាក់ថាចាប់ពីឆ្នាំ១៩៩៨មក ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់កាកបាទក្រហមកម្ពុជា បានចុះព្យាបាលអ្នកជម្ងឺដោយឥតគិតថ្លៃបានជូនដល់ប្រជាពលរដ្ឋបានជាច្រើនលាននាក់ដើម្បីលើកកម្ពស់ សុខភាពរបស់ប្រជាពលរដ្ឋ៕