ទូតប្រចាំប្រទេសកម្ពុជាចំនួន២២គាំទ្រការបើកសម័យប្រជុំដំបូងរបស់រដ្ឋសភា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងទូតប្រចាំប្រទេសកម្ពុជាចំនួន២២ បានចូលរួមអបអរសាទរ និងសម្តែងការគាំទ្រចំពោះដំណើរការបើកសម័យប្រជុំដំបូងរបស់រដ្ឋសភា នីតិកាលទី៦នេះ បើទោះបីជាក្រុមតំណាងប្រទេស មួយចំនួនមិនបានបង្ហាញ វត្តមាននៅថ្ងៃបើកសម័យប្រជុំដំបូងរបស់រដ្ឋសភានេះក្ដី។

ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យអគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា បណ្តាអង្គទូតដែលបានចូលរួមបើកសម័យប្រជុំលើកដំបូង នៃនីតិកាលទី៦របស់រដ្ឋសភា ថ្ងៃទី៥ ខែកញ្ញានេះមាន ជប៉ុន ចិន កូរ៉េខាងត្បូង វៀតណាម ថៃ ម៉ាឡេស៊ី កាហ្សាក់ស្ថាន និងបណ្តាប្រទេសក្នុងតំបន់ អាស៊ីមួយចំនួនទៀត។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីបើកសម័យប្រជុំលើកដំបូង នៃនីតិកាលទី៦របស់រដ្ឋសភា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឡេង ប៉េងឡុង បានសម្តែងការសោកស្តាយចំពោះការ អវត្តមានពីបណ្តាតំណាងទូតប្រចាំប្រទេសកម្ពុជាផ្សេងទៀត ខណៈលិខិតអញ្ជើញឱ្យចូលរួមត្រូវបានដាក់ទៅតាមបណ្តាស្ថានទូតដែលមាននិវេសដ្ឋានប្រចាំប្រទេសកម្ពុជារហូតដល់៣១ប្រទេស។

ឯកឧត្តម ឡេង ប៉េងឡុង បញ្ជាក់ថា តំណាងទូតប្រចាំប្រទេសកម្ពុជាដែលមិនបានចូលរួមតាមការអញ្ជើញរបស់រដ្ឋសភា មានចំនួន៩ប្រទេសដូចជា សហភាពអឺរ៉ុប អាមេរិក អូស្ត្រាលី ស៊ុយអែត ប៊ុលការី កាណាដា បារាំង អាល្លឺម៉ង់ និងអង់គ្លេស។ ឯកឧត្តមបានឱ្យដឹងបន្ថែមថា រដ្ឋសភាក៏បានអញ្ជើញបណ្តាអង្គការអន្តរជាតិចំនួន១១ ដើម្បីចូលរួមជាសក្ខីភាពក្នុងសម័យប្រជុំនីតិកាលដំបូងរបស់រដ្ឋសភា នីតិកាលទី៦នេះផងដែរ ប៉ុន្តែមានតែក្រុមអង្គការរបស់អង្គការសហប្រជាជាតិចំនួន៥ប៉ុណ្ណោះដែលបានឆ្លើយតបតាមការអញ្ជើញ។

ឯកឧត្តម ឡេង ប៉េងឡុង បញ្ជាក់ថា បណ្តាអង្គទូត និងអង្គការអន្តរជាតិមិនបានតបតាមការអញ្ជើញនេះ មិនបានបញ្ជាក់ពីមូលហេតុមកកាន់រដ្ឋសភាវិញនោះទេ។ យ៉ាងណាក៏ដោយ សារព័ត៌មានក្នុងស្រុកបានដកស្រង់ផ្សាយសម្តីរបស់ទូតអាមេរិក និងអឺរ៉ុប ថា ការខកខានមិនបានចូលរួមប្រជុំដំបូងរបស់រដ្ឋសភានេះ ដោយសារជាប់បំពេញបេសកម្មនៅប្រទេសដើមរបស់ខ្លួន។

សូមបញ្ជាក់ថា ក្រោយព្រះរាជពិធីបើកសម័យប្រជុំលើកដំបូង នៃនីតិកាលទី៦នេះ អង្គរដ្ឋសភា តំណាងដោយព្រឹទ្ធសមាជិករដ្ឋសភាអាយុចាស់ជាងគេមួយរូប គឺសម្តេចពញាចក្រី ហេង សំរិន ក៏បានប្រកាសសុពលភាពតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាទាំង១២៥ ដើម្បី ស្បថចូលកាន់តំណែងនៅព្រះមរមរាជវាំងនៅល្ងាចថ្ងៃដ៏ដែល មុននឹងឈានទៅចាប់ផ្តើមអនុវត្តការងាររបស់ខ្លួនស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត សម្រាប់នីតិកាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។

ក្រោយពីស្បថចូលកាន់តំណែងរួច រដ្ឋសភានឹងបន្តប្រជុំនៅថ្ងៃបន្ទាប់ គឺព្រឹកថ្ងៃទី៦ខែកញ្ញា នេះ ដើម្បីបោះឆ្នោតជ្រើសតាំងប្រធាននិងអនុប្រធានរដ្ឋសភាប្រធាននិងអនុប្រធានគណៈកម្មការជំនាញ

ទាំងអស់នៃរដ្ឋសភា និងផ្ដល់សេចក្ដីទុកចិត្តចំពោះរាជរដ្ឋាភិបាលនៅ៕