ឯកឧត្តម គួច ចំរើន៖ រាជរដ្ឋាភិបាល ទើបបង្កើតថ្មី ក្នុងពេលឆាប់ៗនេះ គឺកើតចេញពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ខេត្តកំពង់ចាម៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋ ជិត១ពាន់គ្រួសារ ក្នុងពិធីចែកអំណោយមនុស្សធម៌ដោយគ្រោះទឹកជំនន់ក្នុងស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី៥ ខែកញ្ញានេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអះអាងថា រាជរដ្ឋាភិបាលដែលទើបបង្កើតថ្មីក្នុងពេលឆាប់ៗនេះ គឺជារាដ្ឋាភិបាលដែល កើតចេញពីការជឿទុកចិត្ត និងជឿជាក់ពីបងប្អូន ប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅបោះឆ្នោត នាពេលកន្លងមក ។

ឯកឧត្តម គួច ចំរើន បាននាំនូវប្រសាសន៍ផ្ដាំផ្ញើរ និងការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិ ទឹកជំនន់ទាំងអស់ និងផ្ដាំផ្ញើរ សូមឲ្យយកចិត្តទុកដាក់ទៅលើសុខភាព ដោយរក្សាអនាម័យ និងពិសារទឹកឆ្អិន ជានិច្ច និងត្រូវប្រុងប្រយ័ត្ន ចំពោះ សត្វអសិរពឹសទាំងឡាយ បើមានពស់ចឹក ត្រូវប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាព កូន ចៅ តូចៗ កុំឲ្យលេងទឹក ដើម្បីបញ្ជៀសការលង់ទឹកតែម្តង ។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ក្នុងពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បាន និង កំពុងរៀបចំរដ្ឋាភិបាលថ្មី ដែលជារដ្ឋាភិបាលកើតចេញពីការជឿទុកចិត្តពីសំណាក់បងប្អូន ប្រជាពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោត នាពេលកន្លងទៅថ្មីៗនេះ ហើយរដ្ឋាភិបាលថ្មីនិងខិតខំបន្តអនុវត្តគោលនយោបាយរបស់ខ្លួនក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រឲ្យកាន់តែមានកម្រិតទាបបំផុត ។ ឯកឧត្តម បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាងអស់ នៅពេលទឹកសម្រកទៅវិញ ត្រូវត្រៀមនូវពូជដំណាំដាំដុះទាំងឡាយ និងត្រូវសហការជាមួយស្ថាប័នជំនាញ ដើម្បី ស្ដារលទ្ធភាពកសិកម្ម ឡើងវិញផងដែរ ។

សូមបញ្ជាក់ថា ពិធីខាងលើនេះ ស្ថិតក្នុងអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម និងលោកជំទាវជាភរិយា មានការចូលរួមដោយ មន្ត្រីរាជការក្រោមឱវ៉ាតសាលាខេត្តកំពង់ចាម សហភាពសហពន្ធ័យុវជនកម្ពុជា សមាគមគ្រូពេទ្យស្មគ្រ័ចិត្តយុវជន សម្តេចតេជោ និងអង្គការមូលនិធិពុទ្ធសាសនាឆឺជឺ បាននាំយកអំណោយមនុស្សធម៍ទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន២ឃុំក្នុងស្រុកស្ទឹងត្រង់ ជិត១ពាន់គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន មីមួយ កេស អង្ករ៤០គីឡូក្រាម និងនំប័ង២ដើមផងដែរ ៕