ឡាវ និងថៃធ្វើការជំរុញពាណិជ្ជកម្មទ្វេភាគី

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ — វិធានការនានាត្រូវបានដាក់ចេញ ដើម្បីបង្កើនតម្លៃនៃពាណិជ្ជកម្មទ្វេភាគីរវាងឡាវ និងថៃ នៅក្នុងកិច្ចប្រជុំពាណិជ្ជកម្មដែលបានធ្វើឡើងនៅក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវកាលពីថ្ងៃទី ៤ ខែកញ្ញា។

កិច្ចប្រជុំដែលមានរយៈពេល ៣ថ្ងៃនេះ មានការចូលរួមពីមន្រ្តីនៃប្រទេសទាំងពីរ ដែលពិភាក្សាគ្នាពីវិធានការជាច្រើនដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ ១០ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២១។ កាលពីឆ្នាំ ២០១៧ ការធ្វើពាណិជ្ជកម្មរវាងប្រទេសថៃ និងឡាវ មានចំនួន ៦,១៧ប៊ីលានដុល្លារអាម៉េរិក ពោល គឺកើនឡើង ៥,១ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។

ការនាំចូលរបស់ប្រទេសឡាវពីប្រទេសថៃ ភាគច្រើន គឺផលិតផលប្រេងរថយន្ត និងគ្រឿងបន្លាស់ ផលិតផលដែកថែប សត្វចិញ្ចឹម សារធាតុគីមី គ្រឿងសំអាង សាប៊ូ និងផលិតផលព្យាបាលមុន គ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់ សាច់សត្វស្រស់ និង ក្លាសេ ព្រមទាំងផលិតផលប្លាស្ទិក។

ទន្ទឹមនឹងនេះដែរ ប្រទេសឡាវបាននាំចេញផលិតផលសំខាន់ៗដូចជា ថាមពលវារីអគ្គិសនី ផលិតផលកសិកម្ម និងផលិតផលដែលមានមូលដ្ឋានលើធនធានធម្មជាតិផ្សេងៗទៀតទៅកាន់ប្រទេសជិតខាងរបស់ខ្លួន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)