កិច្ចប្រជុំប្រចាំត្រីមាសទី៣ នៃគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្ត

AKP កំពង់ធំ ថ្ងៃទី៥ ខែកញ្ញា  ឆ្នាំ២០១៨ –កាលពីព្រឹកថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរៀបចំបើកិច្ចប្រជុំប្រចាំត្រីមាសទី៣ នៃគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្ត ក្រោមអធិបតីភាព លោក ព្រឹម រដ្ឋា នាយករងរដ្ឋបាលសាលាខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ

កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើការពិគ្រោះយោបល់ ស្វែងរកបញ្ហាប្រឈម ដំណោះស្រាយ ការផ្លាស់ប្តូរបទពិសោធន៍ និងលើកជាអនុសាសន៍ ក្នុងការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តការងារសហគមន៍ព្រៃឈើនៅតាមមូលដ្ឋាន ។

នៅក្នុងកិច្ចប្រជុំនេះលោក ព្រឹម រដ្ឋា បានលើកទឹកចិត្តដល់ប្រធានសហគមន៍ព្រៃឈើ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់គ្រប់គ្រងថែរក្សាសហគមន៍ព្រៃឈើទាំង ៦៩សហគមន៍ ដែលគ្រប់ដណ្តប់លើផ្ទៃសរុបចំនួន ៥៩.១៦៥ហិកតា ដែលបានចេញប្រកាសទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។លោកបាញ្ជាក់ថា ចំពោះជនណា ដែលកាប់រុករានទន្ទ្រានយកដីព្រៃសហគមន៍ធ្វើជាកម្មសិទ្ធឯកជន ជននោះនឹងត្រូវចាត់វិធានការទៅតាមនីតិវិធីច្បាប់ ដូច្នេះសូមប្រធានសហគមន៍ព្រៃឈើនីមួយៗ ត្រូវសហការជាមួយ កម្លំាងជំនាញរដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន ជួយអន្តរាគមន៍ទប់ស្កាត់បទល្មើសការលួចកាប់រានដីព្រៃសហគមន៍ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធិផល

លោកបានបន្ថែមទៀតថា ដើម្បីថែរក្សាការពារព្រៃសហគមន៍ឱ្យបានគង់បន្ថែមទៀតនោះ សូមនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ត្រូវរៀបចំយន្តការដៃគូ វាងផ្នែកឯកជន និងសហគមន៍ ក្នុងការដាំកូនឈើនៅលើដីព្រៃសហគមន៍ឡើងវិញ ដោយធ្វើការអភិរក្សព្រៃសហគមន៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍បង្កើនការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃព្រៃឈើ និងផលប៉ះពាល់ ភាពបន្សំាទៅនឹងការបម្រែបម្រួលអាកាសធាតុ និងត្រូវបន្តជួយសហគមន៍ក្នុងការកែច្នៃអនុផលព្រៃឈើ និងស្វែងរកទីផ្សារក្នុងស្រុក ឬ ក្រៅស្រុកបន្ថែមទៀត ជាមួយគ្នានោះដែរ លោក ព្រឹម រដ្ឋា ក៏បានផ្តាំផ្ញើដល់គណៈកម្មការ និងសមាជិកសហគមន៍ព្រៃឈើ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សា ការពារ ដំាដុះព្រៃសហគមន៍ ដែលទទួលរងការកាប់រានកន្លងមក និងមិនត្រូវចូលរួមជាមួយសកម្មភាពណា ក្នុងការរំលោភយកដីព្រៃសហគមន៍នេះឱ្យសោះ ប្រសិនបើមានការពាក់ព័ន្ធនឹងបញ្ហានេះ សូមដកខ្លួនចេញជាបន្ទាន់។

លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ក៏បានធ្វើបទបង្ហាញអំពីរបាយការណ៍បច្ចុប្បន្នភាព ការគ្រប់គ្រងសហគមន៍ព្រៃឈើខេត្តកំពង់ធំ និងលើកផែនការប្រចាំឆ្នាំ២០១៩បន្តទៀត ជូនកិច្ចប្រជុំផងដែរ

ដោយ ស៊ុម វណ្ណា