ឯកឧត្ដម ឃួង ស្រេង អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនានានៅវត្ដនាគវ័ន

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្ដម ឃួង ស្រេង អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល នានាក្នុងវត្ដនាគវ័ន នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដើម្បីបម្រើឱ្យវិស័យ ព្រះពុទ្ធសាសនា ដោយចំណាយថវិកាអស់ជាង៤លានដុល្លារអាម៉េរិក កាលពីព្រឹកថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨។

ឯកឧត្ដម ឃួង ស្រេង ថ្លែងថា សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ មានដូចជា មហាកុដិព្រះចៅអធិការ ១ខ្នង សាលាឆាន់ សាលាបុណ្យ កុដិតាជី យាយជី ផ្លូវបេតុង បង្គោលភ្លើង និងរបងព័ទជុំវិញ ដែលជួយឧត្ថម្ភថវិកា ដោយសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសមិទ្ធផលនានាជាច្រើនទៀត ក្នុងវត្តនាគវ័ន បានមកពីសទ្ធាជ្រះថ្លាពីពុទ្ធបរិស័ទជិតឆ្ងាយ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន យកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីដឹកនាំនាវាកម្ពុជា ឱ្យមានការរីកចម្រើន លើគ្រប់ វិស័យ។ វិស័យព្រះពុទ្ធសាសនាបានរួមចំណែកក្នុងវិស័យសេដ្ឋកិច្ចជាតិ ការជួយកាត់បន្ថយ ភាពក្រីក្រ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការលើកស្ទួយ ខាងវិស័យព្រះពុទ្ធសាសនា គឺមិនគ្រាន់តែប្រតិ​បត្តិតាមធម៌វិន័យព្រះ​ពុទ្ធប៉ុណ្ណោះទេ តែត្រូវចូលរួមកសាងនូវសមិទ្ធផលនានា ដែលទាក់ទិនទៅនឹងសាសនាព្រះពុទ្ធ ដែលប្រទេសកម្ពុជាមានប្រជាពលរដ្ឋជាង៩០ភាគរយ ជាអ្នកកាន់សាស​នាព្រះពុទ្ធ។

សូមបញ្ជាក់ថា នៅទូទាំងប្រទេស បច្ចុប្បន្នមានវត្ត ៤៥៥៣វត្ត និងមានព្រះសង្ឃ ចំនួន៥៣.២៥៧អង្គ ក្នុងនោះវត្តធម្មយុត្តិកនិកាយមានចំនួន ១៧៧វត្ត៕

ដោយ សួស សំរិត