អភិបាលខេត្តកំពង់ធំ ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ រួមគ្នារឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងទប់ស្កាត់បទល្មើសផ្សេងៗ

AKP កំពង់ធំ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់នៅទូទាំងខេត្ត ទាំងមុនពេល អំឡុងពេល និងក្រោយពេលបោះឆ្នោត ដោយអាជ្ញាធរជំនាញ បានសហការយកចិត្តទុកដាក់ រក្សាបាននូវសន្តិសុខ សុវត្ថិភាព បរិយាកាសនយោបាយ ប្រកបដោយភាពស្ងប់ស្ងាត់ និងជំរុញដល់អាជ្ញាធរមូលដ្ឋាន កងកម្លំាងសមត្ថកិច្ច មន្រ្តីជំនាញ សហការគ្នាក្នុងការចាត់វិធានការចំពោះបទល្មើសនានាក្នុងវិស័យរបស់ខ្លួន ជាពិសេស ពាក់ព័ន្ធនឹងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បទល្មើសព្រៃឈើ ជលផល និងដីធ្លី ដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋ បាលខេត្តកំពង់ធំកាលពីថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តមបន្ថែមទៀតថា បញ្ហារថយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេសធ្វើចរាចរនៅ លើដងផ្លូវជាតិលេខ៦ មានការកាត់បន្ថយច្រើន ដូច្នេះ សូមក្រុមការងារ និងមន្ត្រីជំនាញពាក់ ព័ន្ធទាំងអស់ ត្រូវខិតខំចូលរួមធ្វើសកម្មភាពរឹតបន្តឹ ងច្បាប់ចរាចរណ៍ផ្លូវគោកដូចភ្លៀងរលឹម បន្តទៀត ដោយអនុវត្តន៍ទៅតាមច្បាប់ឱ្យបានត្រឹមត្រូវ ចំពោះរថយន្តដឹកទំនិញសំពីងសំពោង និងដឹកអ្នកដំណើរលើសចំណុះ ការបើកបរលើសល្បឿនកំណត់ មានជាតិស្រវឹង មានសារ ធាតុញៀន បើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលជាមូលហេតុចម្បងនាំឱ្យកើតមានគ្រោះថ្នាក់ ធ្វើឱ្យបាត់បង់អាយុជីវិត រងរបួស និងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ ព្រមទាំងបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ជាដើម។

ជាមួយគ្នានោះ ឯកឧត្តម បានថ្លែងអំណរគុណដល់ក្រុមការងារ និងកងកម្លំាង សមត្ថកិច្ចទាំងអស់ ដែលបានខិតខំការពារដំណើរការនៃការបោះឆ្នោត ជ្រើសរើស តំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រកដោយភាពរលូន ទទួលបានលទ្ធផលល្អ និងមានចំនួនប្រជាជនដែលបានទៅចូលរួមបោះឆ្នោតទូទាំងប្រទេស មានចំនួន ៨៣,០២ភាគរយ ដោយឡែកនៅក្នុងខេត្តកំពង់ធំ ប្រជាពលរដ្ឋមកចូលរួមបោះឆ្នោត មានចំនួន ៨០,៩៩ភាគរយ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ចំនួន ៦៨.៦០ភាគរយ ដែលជាចំនួនអ្នកគាំទ្រដ៏ច្រើនលើសលប់សម្រាប់ខេត្តកំពង់ធំ។

ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានផ្តាំផ្ញើ ឱ្យអភិបាលក្រុង ស្រុក និងមន្ទីជំនាញពាក់ព័ន្ធ ត្រូវខិតខំការពារធនធានធម្មជាតិ មានព្រៃឈើ ធនធានជល ផល និងទប់ស្កាត់ការរំលោភទន្ទ្រានដីព្រៃនានាឱ្យមានប្រសិទ្ធភាព និងបន្តថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អប្រសើរថែមទៀត។
ជាមួយគ្នានេះ ក៏ត្រូវខិតខំបម្រើសេវាសាធារណៈ (ទាំងសេវាតម្រូវការ និងសេវា សំណូមពរ) ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានប្រសើរឡើងថែមទៀត ព្រោះយើងជា មន្ត្រីបម្រើប្រជារាស្ត្រ មិនជាចៅហ្វាយនាយរបស់រាស្ត្រនោះទេ៕

ដោយ ស៊ុម វណ្ណា