ក្រុមហ៊ុនមកពីវិស័យទេសចរណ៍អន្តរជាតិប្រមាណ៤០ ពិភាក្សាគ្នាពីការផ្លាស់ប្តូរកញ្ចប់ សេវាកម្មទេសចរណ៍

AKP សៀមរាប ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០១៨ — ក្រុមហ៊ុន មកពីវិស័យទេសចរណ៍អន្តរជាតិប្រមាណ៤០ ពិភាក្សាគ្នាពីការផ្លាស់ប្តូរកញ្ចប់ សេវាកម្មទេសចរណ៍ ដើម្បីបន្តជំរុញកំណើនទេសចរណ៍ ឱ្យមានការកើនឡើង។

ថ្លែងក្នុងជំនួបពាណិជ្ជកម្មទេសចរណ៍ លើកទី១ ដែលធ្វើនៅខេត្តសៀមរាប ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍បានមានប្រសាសន៍ថា វេទិកា ធុរកិច្ចនេះ នឹងជួយពង្រឹងភាពជាដៃគូ និងបង្កើនទំនាក់ទំនង តាមរយៈការសហការគ្នារវាងក្រុមហ៊ុន ក្នុងស្រុក និងបរទេស ដើម្បីដាក់លក់នូវកញ្ចប់សេវាកម្មពីតំបន់ទេសចរណ៍សំខាន់ៗ ដែល អាចជួយលើកកម្ពស់ឧស្សាហកម្មទេសចរណ៍កម្ពុជា។ ឯកឧត្តមបន្ដថា តាមរយៈជំនួបពាណិជ្ជ កម្មទេចរណ៍នេះ កម្ពុជា នឹងធ្វើការផ្លាស់ប្តូរ កញ្ចប់ សេវាកម្មទេសចរណ៍ជាមួយ ក្រុមហ៊ុន ទេសចរណ៍អន្តរជាតិប្រមាណ៤០ក្រុមហ៊ុន ជាមួយប្រទេសបង់ក្លាដេស, ឥណ្ឌូណេស៊ី, ហ្វីលីពីន, ថៃ, វៀតណាម, មីយ៉ាន់ម៉ា, ចិន, សិង្ហបុរី, និងឥណ្ឌា ។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានលើក ឡើងថា ក្រោយវេទិកាធុរកិច្ចនេះ កម្ពុជា នឹងទទួលបានលំហូរភ្ញៀវទេសចរណ៍ បានកាន់ តែច្រើនគ្រប់រដូវកាល និងធ្វើឱ្យប្រសើរឡើងរាល់ការលក់ផលិតផលសេវាកម្មទេសចរណ៍ ផងដែរ ។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ ក្រសួងទេសចរណ៍ បានបង្ហាញថា នៅក្នុង រយៈពេល ៦ ខែដើមឆ្នំា២០១៨នេះ ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរមកពីតំបន់ អាស៊ីប៉ាស៊ីហ្វិក សរុបប្រមាណ២.៣លាននាក់ កើនឡើង១៨.២ភាគរយ។ ក្នុងនោះមកពីតំបន់ អាស៊ាន មានប្រមាណ៩៤ម៉ឺននាក់ មកពីតំបន់អឺរ៉ុបមានជាង ៤៣ម៉ឺននាក់ និងមកពីតំបន់ អាម៉េរិក ជាង២០ ម៉ឺននាក់ ៕

ដោយ ម៉ៅ ចរិយា