អភិបាលខេត្តបន្ទាយមានជ័យជំរុញមន្ត្រីពាក់ព័ន្ធ​ត្រូវ យកចិត្តទុកដាក់​ រៀបចំនិង​កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល​ឱ្យបានស៊ីជម្រៅដើម្បីធានាដល់ការអភិវឌ្ឍមូលដ្ឋាន​

AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ — អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម សួន បវរ បានក្រើនរម្លឹកដោយជំរុញមន្ត្រីពាក់ ព័ន្ធត្រូវយកចិត្តទុកដាក់ធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់ឱ្យបានច្រើន ដើម្បីរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលបានកាន់តែស៊ីជម្រៅ ដើម្បីធានាបំពេញតម្រូវការ អភិវឌ្ឍន៍របស់មូលដ្ឋាន​ចំគោលដៅ។


ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តម សួន បវរ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ​សេចក្តីណែនាំស្តីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩.២០២១)របស់រដ្ឋ​បាលខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះនៅសាលប្រជុំសាលាខេត្ត ដែលមាន ការចូលរួមពីមន្ត្រីពាក់ព័ន្ធមន្ទីរអង្គភាពអង្គការជាតិអន្តរជាតិវិស័យឯកជនជាច្រើនរយនាក់ ដែលបង្ហាញពីស្មារតីចូលរួមនិង​កិច្ចសហការល្អក្នុងការងារអភិវឌ្ឍន៍ខេត្ត។

ឯកឧត្តមមានប្រសាសន៍បញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំគឺដើម្បីឱ្យមន្ត្រីអ្នកពាក់ ព័ន្ធទាំងអស់បានយល់ពីខ្លឹមសារនៃសេចក្តីណែនាំស្តីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលលិខិតបទដ្ឋាននានាកញ្ចប់ថវិកា ប្រចាំឆ្នាំសារៈសំខាន់នៃការចូលរួមកសាងកម្ម វិធីវិនិយោគបីឆ្នាំរំកិលខេត្តឱ្យបានចំទិសដៅសំដៅធ្វើយ៉ាងណាជំរុញល្បឿនការអភិវឌ្ឍ ខេត្តឱ្យកាន់មានការរីកចម្រើនដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀតដែលឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

អភិបាលខេត្តបន្ទាយមានជ័យបន្តទៀតថា ជាការពិតណាស់ការអភិវឌ្ឍមិនមែនជា ការងារ ដែលយើងអាចសម្រេចបានក្នុងរយៈពេល១ឆ្នាំ ឬ២ឆ្នាំឬក៏ខ្វះការចូលរួម បាននោះទេហើយការងារក៏ទាមទារនូវពេលវេលាយូរអង្វែងផងដែរ ក្នុងនោះត្រូវមាន ផែនការអនុវត្តច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ និងមានកិច្ចសហប្រតិបត្តិការល្អ ពីថ្នាក់ជាតិស្ថាប័ននានាភាគីពាក់ព័ន្ធព្រមទាំងកៀរគរធនធានថវិកាសម្ភារឱ្យអស់លទ្ធភាពនិងមធ្យោបាយព្រោះថាការចូលរួមគឺជាកត្តាសំខាន់ដែលមិនអាចខ្វះបានក្នុងដំណើរការអភិវឌ្ឍប្រកបដោយចីរភាព។ ការងារកសាងផែនការនេះគឺពិតជាមូលដ្ឋានមួយដ៏មាន សារៈសំខាន់ណាស់ក្នុងការធានាធ្វើឱ្យប្រសើរដល់​​កិច្ច​ការអភិវឌ្ឍ​នោះ។

ឯកឧត្តមបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាយើងដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខបានដាក់ចេញនិងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវ គោលនយោបាយ កំណែ​ទម្រង់លើគ្រប់វិស័យដើម្បីជំរុញលើកកម្ពស់កំណើនសេដ្ឋកិច្ចបង្កើត ការងារឱ្យ បានច្រើនជូន​ប្រជាពលរដ្ឋធានាសមធម៌ក្នុងសង្គមនិងលើកស្ទួយប្រសិទ្ធភាព វិស័យ សាធារណៈហើយ​គោលដៅនេះជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ ប្រកបដោយតម្លាភាព​គណនេយ្យភាពបង្កើនភាពជឿជាក់របស់ប្រជាពលរដ្ឋ លើការដឹកនាំរបស់រាជរដ្ឋាភិបាល៕​

ដោយ ឈុន សារ៉ាត