កម្ពុជា-ថៃ ប្តេជ្ញាបង្កើនកិច្ច​ស​ហប្រ​តិ​បត្តិ​ការរួមគ្នា​ត្រួតពិនិត្យ និងបង្កា្រប​គ្រឿង​ញៀនឆ្លង ដែនឱ្យកាន់តែមាន​ប្រសិទ្ធភាព

AKP សៀមរាប ថ្ងៃទី០៤ ខែកញ្ញាឆ្នំា២០១៨ — កម្ពុជា-ថៃ បានប្តេជ្ញាបង្កើនកិច្ច​ស​ហប្រ​តិ​បត្តិ​ការរួមគ្នា​ត្រួតពិនិត្យ និងបង្កា្រប​គ្រឿង​ញៀនឆ្លង ដែនឱ្យកាន់តែមាន​ប្រសិទ្ធភាពក្នុងការរួមចំណែកជាមួយបណ្តាប្រទេសនៅក្នុងតំបន់ ដើម្បី ថែរក្សាសន្តិសុខ សណ្តាប់​ធ្នាប់សង្គម ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព​ ពិសេសនៅតាម តំបន់ព្រំដែន ស្របពេលដែលបច្ចុប្បន្ននេះសភាពការណ៍គ្រឿងញៀនបានវិវឌ្ឍន៍ទៅ​រក​ស្ថាន​ភាពមួយគួរឱ្យព្រួយបារម្ភ។

ថ្លែងនៅក្នុងកិច្ច​​ប្រជុំទ្វេភាគី កម្ពុជា-ថៃ លើកទី១២ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យ គ្រឿង ញៀន នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម នាយ ឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន​មាន​ប្រសាសន៍ថា សន្ទុះ​នៃ​ការ​ផលិត​ ការចរាចរ​គ្រឿងញៀន ​ និង​ប្រើប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់ ​នៅ​ក្នុង​តំបន់​ និង​នៅលើ​ពិភពលោក​មិន​មាន​ការ​ថយចុះ​ទេ​ ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ស្ថានភាព​គ្រឿងញៀន​កាន់​តែ​មាន​លក្ខណៈ​ស្មុ​គ្រ​ស្មាញ​ និង​រាលដាល ​ដែល​នេះ​ជា​បញ្ហា​ប្រឈម​គួរ​ឱ្យ​ព្រួយ​បារម្ភ​។ ឯកឧត្តមបានបញ្ជាក់ថា សម្រាប់ប្រទេស​​កម្ពុជា​​ នៅ​​តែ​​ត្រូវ​​ចាត់​ទុក​​ថា ​​ជា​ទី​​តាំង​​ដែល​​ក្រុម​​ឧក្រិដ្ឋ​ជន​ចរាចរ​​គ្រឿងញៀន​​ឆ្លង​កាត់​​​ដដែល ហើយ គ្រឿង​ញៀន​ដែល​បាន​ឆ្លង​កាត់​ប្រទេស​កម្ពុជា​ភាគ​ច្រើន​មកពី​តំបន់​អាម៉េរិក​ខាង​ត្បូង ​តំបន់​អាហ្វ្រ៊ិក ​តំបន់​ត្រីកោណ​មាស ​និង​តំបន់​អឌ្ឍ​ច័ន្ទ​មាស​ជាដើម។

ឯកឧត្តមបន្តថា ពាក់ព័ន្ធបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ​នូវផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងគ្រឿង ញៀនខុសច្បាប់សំដៅបង្កើនប្រសិទ្ធភាពត្រួតពិនិត្យគ្រឿងញៀននៅក្នុង​ប្រទេស និងរួមចំណែកជាមួយបណ្តាប្រទេសនៅក្នុងតំបន់ក្នុងការថែរក្សា សន្តិសុខ សណ្តាប់​ធ្នាប់សង្គម ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព​ ពិសេសនៅតាមតំបន់ព្រំដែន ជាពិសេស រវាងព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ភាគីថៃ(ONCB) ដែលក្នុងឆ្នាំ២០១៧-២០១៨នេះ បាន​ជួយ​ឧ​​បត្ថម្ភគាំទ្រដល់សកម្ម​ភាពត្រួតពិនិត្យគ្រឿងញៀននៅកម្ពុជា រួមមាន ការឧបត្ថម្ភ​ហិរញ្ញវត្ថុ ការ​បណ្តុះ​បណ្តាលធនធានមនុស្សទាំងជំនាញព្យាបាល ស្តារនីតិសម្បទាដល់មន្រ្តី ជំនាញដែល​កំ​ពុង​​បម្រើការងារនៅក្នុងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនរដ្ឋ និងឯកជន ការ​បណ្តុះ​បណ្តាលជំនាញ​មន្រ្តីអនុវត្តន៍ច្បាប់ និងការពង្រឹងប្រសិទ្ធភាពរបស់មន្ទីរពិសោធន៍។

ឯកឧត្តម ស៊ីរិនយ៉ា សិទ្ធិឆៃ អគ្គលេខាធិការ នៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃបាន​លើកឡើងថា ជាការពិតណាស់បច្ចុប្បន្ននេះ ការចរាចរគ្រឿងញៀននៅក្នុងតំបន់ពិតជាមាន ការកើនឡើងគួរឱ្យពួ្រយបារម្ភ ហើយសម្រាប់ប្រទេសថៃក៏កំពុងតែជួបបញ្ហាគ្រឿងញៀននេះ ដែរ​​ដោយក្រុម​​ឧក្រិដ្ឋ​ជន​ចរាចរ​​គ្រឿងញៀនមកពី​តំបន់​អាហ្វ្រ៊ិក ​តំបន់​ត្រីកោណ​មាសចូលមកប្រទេសថៃ។

ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជា-ថៃត្រូវបង្កើនកិច្ច​ស​ហប្រ​តិ​បត្តិ​ការ រួមគ្នា​ត្រួត ពិនិត្យ និងបង្កា្រប​គ្រឿង​ញៀនឆ្លងដែនឱ្យកាន់តែមាន​ប្រសិទ្ធភាពបន្ថែមទៀត ក្នុងការរួម ចំណែកជាមួយបណ្តាប្រទេសនៅក្នុងតំបន់ក្នុងការថែរក្សា សន្តិសុខ សណ្តាប់​ធ្នាប់សង្គម ជំរុញការអភិវឌ្ឍប្រកប ដោយចីរភាព​ ពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។

សូមបញ្ជាក់ថា រយៈពេល​៨​ខែឆ្នាំ​២០១៨នេះ សមត្ថកិច្ចកម្ពុជា បង្ក្រាប​បាន​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀននៅកម្ពុជា​ចំនួន​៥.១៤៥​ករណី ដោយ​ឃាត់ខ្លួន​មនុស្ស​១០.១៩៩​នាក់ ​(​ស្រី​៨៣១​នាក់​) ក្នុងនោះ​ជនបរទេស​២១៣​នាក់ (​ស្រី​៤៦​នាក់​) មាន​១៥​សញ្ជាតិ​។​ ដោយឡែក ក្នុងករណី​បង្ក្រាប​ជាង​៥.០០០​ករណីនេះ សមត្ថកិច្ច​រឹបអូស​វត្ថុតាង​រួមមាន​ដូចជា​ សារធាតុ​ញៀន​គ្រប់​ប្រភេទ​ដែល​ដកហូត​បាន​ជាង៤៨៧​គីឡូក្រាម និង​១.០៤៥​កញ្ចប់ ដកហូត​កញ្ឆា​ក្រៀម​ចំនួន​ជាង៣៨​គីឡូក្រាម និង​១៣២.១៧៥​ដើម និង​សម្ភារ​ចាប់​យក​មាន​រថយន្ដ៥៩​គ្រឿង ម៉ូតូ​១.២៥៨​គ្រឿង ទូរស័ព្ទ៣.៣២២​គ្រឿង ជញ្ជីង​ថ្លឹង១៣៥​គ្រឿង អាវុធខ្លី១៧​ដើម អាវុធ​វែង១២​ដើម​៕

 


ដោយ ឃុត សៅ