លោក Keisuke HONDA មកដល់កម្ពុជា ដើម្បីដឹកនាំការហ្វឹកហាត់ក្រុមបាល់ទាត់ ជម្រើសជាតិ កម្ពុជាត្រៀមប្រកួតជាមួយម៉ាឡេស៊ី

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ — លោក Keisuke HONDA គ្រូបង្គោល និងជាអ្នកចាត់ការទូទៅ ជនជាតិជប៉ុនបានមកដល់ កម្ពុជាជាថ្មីម្តងទៀត កាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ដើម្បីមកដឹកនាំការហ្វឹកហាត់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រៀមប្រកួត សាកល្បងបច្ចេកទេសជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញា ២០១៨។

បន្ទាប់ពីបានប្រកាសនូវបញ្ជីឈ្មោះ២៣រូបនៃក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាកាលពីថ្ងៃទី០១ ខែកញ្ញានេះមក លោក Keisuke HONDA នឹងត្រូវដឹកនាំការហ្វឹកហាត់ ដែលគ្រោង នឹងចាប់ផ្តើមនាល្ងាចថ្ងៃអង្គារ៍នេះតទៅ។ គ្រូបង្វឹកសញ្ជាតិជប៉ុន និងជាអតីតកីឡាករជម្រើស ជាតិជប៉ុនរូបនេះបានមកចូលរួមក្នុងកិច្ចប្រជុំភ្លាម កាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញាដែរ មុនពេលដែលត្រូវដឹកនាំការហ្វឹកហាត់នោះ។

លោក HONDA នឹងត្រូវដឹកនាំការហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ត្រៀមការប្រកួត មិត្តភាព កម្តៅសាច់ដុំជាមួយជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ និងបន្ត មិត្តភាពពីរប្រកួតផ្សេងទៀតជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា និង ជាមួយក្រុមជម្រើសជាតិ សិង្ហបុរី នាថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០១៨​ ដែល៣ប្រកួតនេះធ្វើឡើង នៅពហុកីឡដ្ឋាជាតិអូឡាំពិកម្ពុជាដូចៗគ្នា។ ៣ប្រកួតសាកល្បងបច្ចេកទេសរបស់កម្ពុជា គឺដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ អាស៊ាន AFF SUZUKI CUP ឆ្នាំ២០១៨ ដែលគ្រោងនឹងដំណើរការ នាខែវិច្ឆិកាខាងមុខ។ វគ្គជម្រុះក្នុងពូល ពានរង្វាន់ AFF Suzuki Cup 2018 មាន១០ប្រទេសក្នុងអាស៊ានចូលរួមប្រកួត ដោយក្នុងពូលA មាន៥ក្រុម រួមមាន៖ វៀតណាម, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, កម្ពុជា និងឡាវ ខណៈពូលB មាន៥ក្រុម រួមមាន៖ ក្រុមថៃ, ឥណ្ឌូណេស៊ី, ហ្វីលីពីន, សិង្ហបុរី និងព្រុយណេ ឬទីម័រខាងកើត។

សូមបញ្ជាក់ថា កីឡាករជម្រើសជាតិ២៣នាក់ក្រោមការដឹកនាំរបស់លោក Honda ត្រូវ បានជ្រើសរើសចេញពីបណ្តាក្លិបនានា ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា ក្នុងនោះមានកីឡាករ ៣នាក់មកពីក្លិបបឹងកេតអែហ្វ.ស៊ី ម្នាក់មកពីអគ្គស្នងការដ្ឋាននគរបាលជាតិ, ៤នាក់មកពីក្លិប ក្រសួងការពារជាតិ, ណាហ្គាវើល ៤នាក់ភ្នំពេញ ក្រោន៤នាក់ ព្រះខ័នរាជស្វាយរៀង៤នាក់, វិខាសា៣នាក់ និងកីឡាករ ប៊ិន ចន្ថាដារី ដែលកំពុងប្រកបអាជីព នៅក្លិប Terenganu FC នៃលីគកំពូលប្រទេសម៉ាឡេស៊ី៕

ដោយ ហេង ណាលីន