ផ្ទះមនុស្សធម៌ពីរខ្នងត្រូវបានប្រគល់ជូនគ្រួសារក្រីក្រនៅឃុំដូនពេង ស្រុកអង្គរជុំ

AKP សៀមរាប ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ — ផ្ទះមនុស្សធម៌២ខ្នង មានទំហំ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសីភ្លីធំ ក្រាលក្ដារ ជញ្ជាំងក្ដារ តម្កល់លើជើងតាងកម្ពស់១,៨០ម៉ែត្រ ដែលជាអំណោយរបស់លោក ជំទាវឧកញ៉ា សៀង ចាន់ហេង ផ្តល់តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រូវបានលោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តសៀមរាប និងលោកជំទាវ ឧកញ៉ា សៀង ចាន់ហេង រួមនឹងសហការី បានប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ គ្មានទីពឹង២គ្រួសារ នៅភូមិរកា និងភូមិបត់ ក្នុងឃុំដូន ពេង ស្រុកអង្គរជុំ ខេត្តសៀមរាប។ ដែលពិធីប្រគល់ផ្ទះនេះបានធ្វើឡើងកាលពីថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព .ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨។

លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហម បានឱ្យដឹងថានេះជាផ្ទះមនុស្សធម៌ទី៥៦ និងទី៥៧ ដែលត្រូវបានប្រគល់ជូនដល់ គ្រួសារក្រីក្រក្នុង ខេត្តសៀមរាប ហើយអំណោយសប្បុរសធម៌នេះបានធ្វើឡើងក្រោមការផ្ដួចផ្ដើមរបស់ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។

លោកបញ្ជាក់ថា គ្រួសារក្រីក្រដែលទទួលបានផ្ទះនេះគឺឈ្មោះលោក ផាវ វង់ អាយុ៣៨ឆ្នាំប្រពន្ធឈ្មោះ លឿង សុខា អាយុ៤៦ឆ្នាំ ជាគ្រួសារទីទ័លក្រខ្លាំង រស់នៅភូមិរកាឃុំដូនពេង ស្រុកអង្គរជុំខេត្តសៀមរាប ជាកសិករនិងដើរស៊ីឈ្នួល ធ្វើការតាមផ្ទះគេ ហើយប្រពន្ធចិញ្ចឹមជ្រូកដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃដោយ មានកូន៤នាក់ នៅក្នុងបន្ទុក។ រីឯគ្រួសារក្រីក្រទីពីរឈ្មោះ គី គន់ អាយុ៤៩ឆ្នាំ ជាជនពិការដោយសង្រ្គាម ដែលជាអតីតយោធាស្រុកអង្គរជុំ មានប្រពន្ធឈ្មោះ ឆប ឈីវ អាយុ៣៨ឆ្នាំជាកសិករ រស់នៅភូមិបត់ ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប។

លោកជំទាវឧកញ៉ា សៀង ចាន់ហេង និងលោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង បានមានប្រសាសន៍សំណេះសំណាល និងសម្តែងនូវការអាណិតអាសូរដល់គ្រួសារទាំងពីរ ដែលមានជីវភាពទីទ័លក្រ ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ។

លោកជំទាវ ក៏បានធ្វើការលើកទឹកចិត្តដល់គ្រួសារទាំងពីរ ត្រូវចេះដាំដំណាំរួមផ្សំ នៅជិតៗផ្ទះ ដើម្បីជួយសម្រួលដល់ជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ដើម្បីកាត់ បន្ថយក្នុងការចំណាយប្រចាំថ្ងៃ ហើយត្រូវចេះសម្អាតថែរក្សាផ្ទះថ្មីនេះ ដើម្បីបានជាជម្រកដ៏ កក់ក្តៅរបស់ខ្លួនតរៀងទៅអនាគត។

ជាមួយគ្នានោះដែរលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានធ្វើការ ក្រើនរម្លឹកផងដែរថា ក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ ត្រូវមានការថែរក្សានូវសុខភាព សំខាន់ ចំពោះបញ្ហាជំងឺឆ្លង ជាពិសេសបញ្ហាសុខភាពមាតាទារក និងស្ត្រីមានផ្ទៃពោះ ក៏ដូចប្រជា ពលរដ្ឋទូទៅសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់អំពីសុខភាព ដោយរដូវនេះងាយទទួលរង ជំងឺផ្សេងៗ។ បើមានជំងឺ ត្រូវប្រញាប់នាំកូនចៅ ទៅកាន់មណ្ឌលសុខភាពដែលនៅជិតបងប្អូន និងត្រូវហូបស្អាត ផឹកស្អាត មានអនាម័យបរិស្ថានល្អ ក្នុងការកាត់បន្ថយការចំណាយថវិកាក្នុង ក្រុមគ្រួសារទៀតផង។

នៅក្នុងពិធីប្រគល់ផ្ទះសប្បុរសធម៌នោះដែរ សាខាកាកបាទក្រហមកម្ពុជាខេត្តក៏បាន ចែកអំណោយមនុស្សធម៌បន្ថែមក្នុង១គ្រួសារទទួលបាន មុង២ ភួយ២ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងសម្ភារផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀលផងដែរ។ សម្រាប់លោកតាលោកយាយ ដែលអញ្ជើញចូលរួមក្នុង ពិធីនោះម្នាក់ៗទទួលបានសារុង១ ថវិកា១ម៉ឺនរៀលផងដែរ។

ដោយឡែក លោកជំទាវឧកញ៉ា សៀង ចាន់ហេង ក៏បានបន្ថែមនូវថវិកាផ្ទាល់ខ្លួនជូន ដល់មួយគ្រួសារ២០ម៉ឺនរៀល ប្រគេនព្រះសង្ឃ១០វត្ត ក្នុង១វត្ត ១០ម៉ឺនរៀល លោកតាលោក យាយម្នាក់ៗ២ម៉ឺនរៀល និងក្រុមសមត្ថកិច្ច១០នាក់ម្នាក់ៗ៣ម៉ឺនរៀលផងដែរ៕

ដោយ ហង្ស សៀក