លោក ពូទីន ​គ្មានគម្រោងនឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង នាថ្ងៃទី០៩​ ខែកញ្ញានេះទេ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ — អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ​ឌីមីទ្រី ប៉េស្កូវ​ បាននិយាយដោយផ្តល់យោបល់​ចំពោះ​របាយការណ៍នានាដែលថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ី​អាចនឹងប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី០៩ ខែកញ្ញានេះនោះថា ប្រធានាធិបតីរុស្ស៊ី​លោក វ្ល៉ាឌីមៀរ ពូទីន នឹងមិនបាន​គ្រោង​ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងទេ។

លោកបាននិយាយថា មិនមានគម្រោងណាមួយសម្រាប់ដំណើរទស្សនកិច្ចពិតប្រាកដ​នោះទេ។ ដោយនៅថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះ ទីក្រុងព្យុងយ៉ាង គឺចំពេលនៃការប្រារព្ធខួប​លើក​ទី៧០ នៃការស្ថាបនាប្រទេសនេះ។ តាមលោក ប៉េស្កូវ បានឱ្យដឹងថា មិនមានគម្រោងណាមួយ​សម្រាប់កិច្ចប្រជុំផងដែរ រវាង​លោក ពូទីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន ក្រៅផ្លូវការនៃវេទិកាសេដ្ឋកិច្ច​ភាគខាងកើត នៅក្នុងទីក្រុង វ្ល៉ាឌីវ៉ូស្តុក( Vladivostok) នៅភាគខាងកើតបំផុតរបស់ប្រទេស​រុស្ស៊ី នាថ្ងៃទី១១- ១៣ ខែកញ្ញាខាងមុខនេះទេដែរ។

លោកបាននិយាយទៀតថា រហូតមកដល់ពេលនេះ ភាគីកូរ៉េខាងជើងមិនបានបញ្ជាក់​យើងអំពីផែនការរបស់មេដឹកនាំក្នុងការទទួលការអញ្ជើញរបស់ប្រធានាធិបតីលោក ពូទីន​ ទៅ​កាន់ប្រទេសរុស្ស៊ីនៅឡើយទេដែរ៕​

( ប្រភព TASS បកប្រែដោយលោក មាស សំអុល )