សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

នៅវិមានសន្តិភាព ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក សុង ថាវ (SONG TAO) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។

នៅក្នុងជំនួបព្រឹកមិញនេះ លោក SONG TAO បានជម្រាបជូនសម្តេចតេជោ អំពីដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជាពេលនេះ គឺនាំសាររបស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្ដែងនូវការអបអរសាទរផ្ទាល់ ចំពោះជោគជ័យដែលកម្ពុជា ទទួលបានពីការបោះឆ្នោតថ្នាក់ជាតិថ្មីៗកន្លងមកនេះ។

ក្នុងនាមរដ្ឋាភិបាលចិនលោក ស៊ុនថាវ បានសំដែងការគាំទ្រចំពោះ គណបក្សប្រជាជនកម្ពុជាក៏ដូចជាគាំទ្រចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំកម្ពុជា ដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកចម្រើនផងដែរ។ ជាងនេះទៅទៀត ក៏ដើម្បីរក្សាសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់បន្ថែមទៀត។

លោក SONG TAO បានបញ្ជាក់សារជាថ្មីផងដែរថាកម្ពុជាគឺជាមិត្តចាស់ មិត្តល្អ ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយប្រទេសចិន។ លោក បានបន្តថាកន្លងមកទោះបីមាន អ្វីកើតឡើងក៏ដោយ ក៏ទំនាក់ទំនងនេះនៅតែបន្តយ៉ាងរឹងមាំដដែល ហើយគ្មានអ្វីផ្លាស់ប្ដូរឡើយ។ ជាមួយនឹងដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយទៀតនោះ ទំនាក់ទំនងរវាងកម្ពុជាចិនគឺបានរីកចម្រើន យ៉ាងឆាប់រហ័ស។ ទន្ទឹមគ្នានេះដែរ ក៏មានកិច្ច សន្យា នឹងកិច្ចព្រមព្រៀងជាច្រើន ដែលត្រូវបានចុះហត្ថលេខា រវាងប្រមុខដឹកនាំនៃប្រទេសទាំងពីរក្នុងការជួយកម្ពុជាអោយកាន់តែរីកចម្រើន។

លោក SONG TAO ក៏បានជម្រាបជូនសម្ដេចទៀតថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានៅពេលនេះគឺដើម្បីជំរុញករអនុវត្ត រាល់កិច្ចព្រមព្រៀងទាំងឡាយណា ដែលបានចុះហត្ថលេខារួចហើយរវាងសម្ដេចតេជោ និង លោកប្រធានាធិបតី ស៊ី ជីនពីង ធ្វើយ៉ាងណាឲ្យកិច្ចព្រមព្រៀងនោះ អនុវត្តសម្រេចបានលទ្ធផល។ លោក ក៏បានគូសបញ្ជាក់ចំពោះ មុខសម្តេចតេជោដែរថា ភាគីចិននឹង នៅតែបន្តជួយលើអ្វីដែលជាសេចក្តីត្រូវការរបស់កម្ពុជា។

នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបំពាក់មេដាយគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ជូន លោក SONG TAO ដែលបានចូលរួមប្រឹងប្រែងជួយ ដលើកម្ពុជា។ សម្តេចតេជោក៏បានអរគុណចំពោះសារដែល លោក ស៊ុន ថាវ ពាំនាំពីឯកឧត្តមប្រធានាធិបតី Xi Jinping ហើយក៏បានធ្វើបទបង្ហាញ ជូនលោក SONG TAO នូវកំណែទម្រង់របស់កម្ពុជាចាប់តាំងពីឆ្នាំ ២០១៣ ដែលបានធ្វើអោយពលរដ្ឋមានទំនុកចិត្ត លើការដឹកនាំរបស់ សម្តេចតេជោ នឹងឈានមកទទួលជោគជ័យនៅក្នុងដំណើរការបោះឆ្នោត ថ្នាក់ជាតិកន្លងមក។ ជាមួយនោះដែរសម្តេចតេជោ ក៏បានជម្រាបជូនលោក SONG TAO អំពីស្ថានភាពទូទៅរបស់កម្ពុជា និងបានថ្លែងអំណរគុណចំពោះមិត្តចិន និងប្រជាជនចិនដែលកន្លងមក តែងតែបានជួយដល់កម្ពុជា និងបានផ្ដល់កិច្ចសហប្រតិបត្តិការល្អដល់កម្ពុជា ជាបន្តបន្ទាប់។ សម្តេចតេជោ ក៏បានជម្រាបទៅមិត្តចិនផងដែរថា នៅខែក្រោយនេះ សម្តេចនឹងអញ្ជើញទៅចូលរួមពិព័ណរចិននៅទីក្រុងណានណិន ប្រទេសចិន ដែលកម្ពុជាជាប្រទេសកិត្តិយសរបស់មិត្តចិន ហើយនឹងអញ្ជើញចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសវោតណាមផងដែរ។ មិត្តចិនរីករាយស្វាគមន៍កម្ពុជា ហើយនឹងបន្តជួយ សម្តេចតេជោ ដើម្បីកសាងអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើន៕