ពិធីប្រគល់រថយន្តពន្លត់អគ្គិភ័យដល់ការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ និងអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង ៩ក្នុងខេត្ត

AKP តាកែវ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ –នៅព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច​ សំរឹទ្ធិស័ក ព. ២៥៦២ ត្រូវនឹងថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងបរិវេណ ស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំពិធីប្រគល់រថយន្តពន្លត់អគ្គិភ័យដល់ការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះដល់អធិការដ្ឋាននគរបាលស្រុកទាំង៩ ក្នុងខេត្តតាកែវ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ព្រមទាំងមានការចូលរួមពីស្នងការរងខេត្តតាកែវ អធិការ អធិការរងក្រុង ស្រុក និងមន្រ្តីនគរបាលពន្លត់អគ្គិភ័យសរុបចំនួន ១៤៥នាក់។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានមានប្រសាសន៍ក្រើនរម្លឹកដល់នាយការិយាល័យជំនាញ អធិការ អធិការរងក្រុង ស្រុក និងមន្ត្រីទទួលការងារពន្លត់អគ្គិភ័យ ត្រូវយកចិត្តទុកដាក់ថែទាំរថយន្ត ឱ្យបានល្អសម្រាប់ប្រើប្រាស់បានយូរអង្វែង។  ត្រូវបែងចែកវេនប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ត្រូវហ្វឹកហាត់ជាប្រចាំ ជាពិសេសត្រូវអនុវត្តន៍តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ​ខេង ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនឱ្យយកលុយពីប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យជាដាច់ខាត។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង មានប្រសាសន៍បន្តថា នៅពេលដែលចុះទៅធ្វើការដឹកនាំកម្លាំងជួយធ្វើការពន្លត់អគ្គិភ័យជូនបងប្អូនប្រជាពលរដ្ឋ។ ​កងកម្លាំងរបស់យើងត្រូវតែចេះធ្វើការសហការគ្នា ក្នុងការបំពេញតួនាទី និងការងារជួយសង្គ្រោះសម្រាប់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យបានលឿន ហើយទាន់ពេលវេលា។ មិនត្រូវធ្វើការបង្អែបង្អង់ដោយបណ្តាលឱ្យអគ្គិភ័យកើតឡើងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋនោះទេ។ ត្រូវធ្វើយ៉ាងណាកម្លាំងអន្តរាគមន៍របស់យើងត្រូវខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការជួយសង្គ្រោះទៅដល់ពួកគាត់។  

លោកឧត្តមសេនីយ៍ទោ បានមានប្រសាសន៍បន្ថែមទៀតថា យើងត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជំនឿជឿជាក់មកលើកងកម្លាំងពន្លត់អគ្គិភ័យរបស់យើង ពិសេសត្រូវអនុវត្តន៍ការងារឱ្យទាន់សភាពការណ៍ ក្នុងការចុះជួយពន្លត់អគ្គិភ័យដែលកើតមានក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រងកុំឱ្យមានភាពអសកម្មណាមួយកើតឡើងឱ្យសោះ។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ក៏បានប្រគល់រថយន្តពន្លត់អគ្គិភ័យដល់ការិយា ល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះចំនួន ០២គ្រឿង និងអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង ដោយក្នុងមួយក្រុង ស្រុកទទួលបានចំនួន ០១គ្រឿង សម្រាប់អន្តរាគន៍ជួយប្រជាពលរដ្ឋពេលមានអគ្គិភ័យកើតឡើង៕

ដោយ អ៊ុច សៀង