ពិធីប្រគល់និងទទួលគ្រឿងសម្ភារបរិក្ខាររោងជាង និងម៉ាស៊ីនកសិកម្ម ដែលជាជំនួយរបស់ KOICA

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ –នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់- ទទួលគ្រឿងសម្ភារបរិក្ខាររោងជាង និងម៉ាស៊ីនកសិកម្ម ដែលជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋកូរ៉េ(KOICA)

ក្នុងពិធីនេះ ឯកឧត្តម ឱម គឹមស៊ា បានសម្តែងនូវអំណរគុណដល់អង្គការ KOICA ដែលបានផ្តល់អ្នកស្ម័គ្រចិត្ត និងផ្តល់ជំនួយឥតសំណងជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសក្រសួងកសិកម្ម និងអង្គភាពនានា ក្រោមឱវាទក្រសួងនាពេលកន្លងមក។ ជាមួយគ្នានោះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់លោក Jo Kue Won អ្នកជំនាញការ KOICA ប្រចាំនៅ មហាវិទ្យាល័យវិស្វកម្មកសិកម្ម ដែលបានខិតខំយកអស់កម្លាំងកាយចិត្តក្នុងការបំពេញការងារជាជំនាញការបច្ចេកទេស ខិតខំបង្ហាត់បង្រៀនបច្ចេកទេសដល់និស្សិតជាច្រើន និងថែមទាំងបានជួយលើកគម្រោងស្នើសុំ ទៅ KOICA ដើម្បីទទួលបានគ្រឿងសម្ភារបរិក្ខារ និងម៉ាស៊ីនកសិកម្មមួយចំនួនជូនមហាវិទ្យាល័យវិស្វកម្ម កសិកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលត្រូវធ្វើពិធីប្រគល់-ទទួលនៅថ្ងៃនេះ។ សម្ភារបរិក្ខារ និងម៉ាស៊ីនកសិកម្មដែលនឹងត្រូវប្រគល់់ជូនសាកលវិទ្យាល័យ ដោយអង្គការKOICA រួមមាន៖ ម៉ាស៊ីនម៉ាស៊ូត ចំនួន ៥គ្រឿង ម៉ាស៊ីនស្ទូង ១គ្រឿង ម៉ាស៊ីនពូនរង និងគ្របផ្លាស្ទិក ១គ្រឿង ម៉ាស៊ីនពត់បំពង់ទីប ១គ្រឿង តុសម្រាប់ជួសជុលម៉ាស៊ីនចំនួន៥គ្រឿង សម្ភារជួសជុល៤២១មុខ និងបានជួសជុលលាបថ្នាំ និងសាងសង់ជណ្តើរជូនមហាវិទ្យាល័យផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ រួមទាំងថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទកសិកម្ម សិស្សនិស្សិតទាំងអស់ សូមថ្លែងអំណរគុណសារជាថ្មីដល់អង្គការ KOICA ប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលតែងតែយកចិត្តទុកដាក់ និងបញ្ជូនអ្នកបច្ចេកទេសស្ម័គ្រចិត្តជាច្រើននាក់មកបំពេញការងារនៅកម្ពុជា និងជាពិសេសសាកលវិទ្យាល័យភូមិន្ទកសិកម្មនេះ ហើយសង្ឃឹមថា អង្គការ KOICA នឹងនូវតែបន្តការខិតខំ និងជួយឧបត្ថម្ភគាំទ្រទាំងផ្នែកសា្មរតី និងសម្ភារបរិក្ខាផ្សេងៗដល់ការអភិវឌ្ឍសាកលវិទ្យាល័យភូមិន្ទកសិកម្ម បន្តទៀត

ដោយ សេង សុវណ្ណនី.(ប្រភពក្រសួងកសិកម្ម)