ឯកឧត្តម វេង សាខុន ជួបសំណេះសំណាលជាមួយនិស្សិតកម្មសិក្សាជំនាន់ទី១១

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ –កាលពីរសៀលថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅឯទីស្ដីការក្រសួងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតកម្មសិក្សាជំនាន់ទី១១ ក្នុងនោះមាននិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាជាតិកសិកម្មព្រែកលៀប និងសាលាជាតិកសិកម្មកំពង់ចាម ដែលនឹងត្រូវត្រៀមខ្លួនចេញទៅបំពេញកម្មសិក្សានៅប្រទេសអ៊ីស្រាអែលឆ្នាំសិក្សាថ្មី២០១៨-២០១៩ នាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានឱ្យដឹងពីគោលបំណងសំខាន់នៃកម្មសិក្សានេះ គឺដើម្បីផ្តល់ឱកាសឱ្យនិស្សិតធ្វើការផ្លាស់ប្តូរបទ ពិសោធន៍ សិក្សារៀនសូត្រនៅក្នុងសាលា ជាមួយសាស្រ្តាចារ្យបរទេស ដែលបានអនុវត្តន៍នៅក្នុងកសិដ្ឋាន និងនៅក្នុងខ្សែសង្វាក់ផលិតកម្មផ្ទាល់ ហើយសកម្មភាពទាំងអស់នេះគឺជា បទពិសោន៍យ៉ាងច្បាស់លាស់មួយ សម្រាប់ជាដើមទុនដ៏មានតម្លៃក្រោយពេលបញ្ចប់កម្មសិក្សានេះ។

តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយក្រុមហ៊ុនសិក្សាកសិកម្ម Agro-studies ជារៀងរាល់ឆ្នាំសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាលាជាតិកសិកម្មទាំងពីរ បានបញ្ចូននិស្សិតឆ្នាំទី៣ ដែលកំពុងសិក្សាឱ្យទៅចូលរួមធ្វើកម្មសិក្សារយៈពេល១១ខែ នៅប្រទេសអ៊ីស្រាអែលចាប់ពីឆ្នាំ២០០៨ មានរយៈពេល១១ឆ្នាំ និងមាននិស្សិតចូលរួមសរុបចំនួន៦៨០នាក់ ។ សម្រាប់ឆ្នាំ២០១៨នេះ មាននិស្សិតចំនួន២១០នាក់ ស្រី៣៧នាក់ ក្នុងនោះមាននិស្សិសាលាជាតិកសិកម្មព្រែកលៀប ១០នាក់,សាលាជាតិកសិកម្មកំពង់ចាម ១០នាក់, និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ១៩០នាក់។

ឆ្លៀតនៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំង ២១០នាក់ និងបានវាយតម្លៃខ្ពស់ព្រមទាំងបានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់នៃស្ថាប័នសិក្សាទាំងបីដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការបណ្តុះបណ្តាលចំណេះដឹងដល់ក្មួយៗនិស្សិត ដើម្បីឱ្យក្លាយទៅជាធនធានមនុស្សដ៏ល្អប្រសើរ សម្រាប់ចូលរួមចំណែកអភិវឌ្ឍន៍ វិស័យកសិកម្មឱ្យមានការរីកចម្រើនស្របតាមការវិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក្នុងបរិបទ នៃសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន និងនៅពេលអនាគត។ ដូច្នេះដើម្បីឈានទៅធ្វើទំនើបកម្មវិស័យកសិកម្ម ឆ្លើយតបទៅតាមតម្រូវការទីផ្សារ ភាពប្រកួតប្រជែងក្នុងតំបន់ និងលើសកលលោក ប្រាកដណាស់គឺត្រូវទាមទារនូវការធ្វើសមាហរណកម្មបច្ចេកទេស និងនវានុវត្តន៍ថ្មីៗ ក៏ដូចជាការប្រើប្រាស់ធាតុចូលកសិកម្មតាមបច្ចេកទេសសមស្រប ។

ឯកឧត្តមបានមានប្រសាសន៍ក្រើនរម្លឹកដល់ក្មួយៗនិស្សិតនូវមេរៀនល្អៗដែលអាចត្រង់ត្រាប់យកទៅប្រតិបត្តិតាមមាគ៌ាដ៏ត្រឹមត្រូវមួយដែលឯកឧត្តមរដ្ឋមន្រ្តី ក៏ដូចជា ថ្នាក់ដឹកនាំក្រសួងធ្លាប់បានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនរហូតសម្រេចបានជោគជ័យយ៉ាងធំធេងក្នុងឆាកជីវិតទាំងក្នុងកម្រិតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ៕

ដោយ សេង សុវណ្ណនី.(ប្រភពក្រសួងកសិកម្ម)