អាជ្ញាធរភ្នំពេញដាក់ឱសានវាទពីរសប្តាហ៍ដល់អាជីវកម្មដែលប្រើស្លាក យីហោជាភាសាបរទេសត្រូវប្តូរជាបន្ទាន់

វិទ្យុជាតិកម្ពុជា៖ ដោយលោក អ៊ួង វុធ៖

អាជ្ញាធររាជធានីភ្នំពេញបានទុកឱកាសចំនួនពីរសប្តាហ៍ឲ្យកន្លែងអាជីវកម្ម ដែលប្រើស្លាកយីហោ ជាភាសាបរទេសនៅខាងលើ ដោយគ្មានអក្សរខ្មែរ តាមការកំណត់របស់ច្បាប់ ដូចជាភាសាអង់គ្លេស ចិន និងកូរ៉េជាដើមនោះ ត្រូវប្តូរចេញជាបន្ទាន់ បើមិនដូច្នេះទេ រដ្ឋបាលសាលារាជធានីភ្នំពេញ នឹងមានវិធានការតាមផ្លូវច្បាប់។

ក្នុងកិច្ចប្រជុំ ស្តីពីការណែនាំ និងលុបបំបាត់ការប្រើប្រាស់ ការជួញដូរ និងការចែកចាយគ្រឿងញៀនតាមបណ្តាក្លឹមកំសាន្ត និងអាជីវកម្មដ្ឋាន ក្នុងវិស័យទេសចរណ៏នៅរាជធានីភ្នំពេញលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា ដោយកន្លងមករដ្ឋបាលរាជធានីពិនិត្យឃើញមានម្ខាស់អាជីវកម្មដ្ឋានជាច្រើន បានដាក់ស្លាកយីហោរបស់ខ្លួនជាភាសាបរទេសនៅខាងលើ ដែលខុសពីសារាចរ ណែនាំរបស់ក្រសួងទេសចរណ៏។លោកបន្តថា ដើម្បី រួមចំណែកដល់ការអភិវឌ្ឍ ការថែរក្សាការពារប្រពៃណី ស្នាដៃស្ថាបត្យកម្ម អក្សរសាស្រ្ត ក្បាច់កម្លាក់ សិល្បះ វប្បធម៌ ដែលជាអត្តសញ្ញាណជាតិ និងជាមរតក ដ៏មានតម្លៃរបស់ជាតិយើង ក្រសួងទេសចរណ៏បានណែនាំម្ខាស់អាជីកម្មដ្ឋានទេសចរណ៏ទាំងអស់ ត្រូវដាក់តាំងយីហោជាអក្សរខ្មែរនៅខាងលើ ហើយស្លាកយីហោអាជីវកម្ម ត្រូវ សរសេរអក្សរអង់គ្លេស ឬភាសាផ្សេងទៀតបន្ទាប់ពីអក្សរខ្មែរនៅផ្នែកខាងក្រោម ដោយមានទំហំ១ភាគ២ នៃអក្សរខ្មែរ។

លោក អភិបាលរងរាជធានីបញ្ជាក់ថា បន្ទាប់ពីដាក់ឱសាន្តវាទនេះ រួចរដ្ឋាបាលរាជធានីភ្នំពេញ នឹងចុះពិនិត្យមើល បើក្នុងករណីរកឃើញថា ម្ចាស់អាជីវកម្មដ្ឋានណាមិនគោរព និង មិនអនុវត្តតាមការណាំនាំរបស់អាជ្ញាធររាជធានីភ្នំពេញ អាជវកម្មនោះ នឹងមានវិធានការផ្លូវច្បាប់។ ក្រៅពីនោះ លោក អភិបាលរង ក៏បានជំរុញឲ្យមានការ ស្នើសុំអាជ្ញាប័ណ្ណ សម្រាប់បង្កើតអាជីវកម្ម និងបន្តសុពលភាព សម្រាប់អ្នកដែលបានស្នើសុំរួច ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំ នៅតាមច្រកចេញចូលតែមួយ និងត្រូវបង់កម្រៃទៅតាមច្បាប់កំណត់ ។

សូមបញ្ជាក់ថា៖ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៩ មីនា២០១៨បានចេញសេចក្ដីប្រកាសណែនាំដល់ម្ចាស់អាជីវកម្មដ្ឋានទេសចរណ៍ទាំងអស់ ត្រូវលើកស្លាកយីហោជាអក្សរខ្មែរនៅខាងលើ។ស្លាកយីហោអាជីវកម្មទាំងអស់ ត្រូវសរសេរអក្សរអង់គ្លេស នៅបន្ទាប់ពីអក្សរខ្មែរនៅផ្នែកខាងក្រោម និងមានទំហំអក្សរ១ភាគ២នៃអក្សរខ្មែរ ហើយបើម្ចាស់អាជីវកម្មទេសចរណ៍ មានបំណងប្រើប្រាស់ អក្សរបរទេសទី៣ អាច ដាក់បាននៅផ្នែកបន្ទាប់ទៀត ដោយមានត្រូវទំហំអក្សរ១ភាគ២នៃអក្សរខ្មែរដែរ៕