កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ រៀបចំសិក្ខាសាលាស្ដីពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដើម្បី​រិះរកជំហានបន្ទាប់សម្រាប់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៨ — ស្របពេលដែលបច្ចេកវិទ្យាជំរុញផលិតភាព និងកំពុងធ្វើឱ្យពិភពលោក ដែលយើងកំពុងរស់ នៅបច្ចុប្បន្ននេះ មានការប្រែប្រួល ដូចជា របៀបដែលយើងផលិត និងប្រើប្រាស់ជាដើម នេះគឺជាបដិវត្តន៍ ឧស្សហកម្មជំនាន់ទី៤ ដែលគេហៅម្យ៉ាងទៀតថា ឧស្សាហកម្ម ៤.០។ នេះបើយោងតាម សេចក្ដីប្រកាសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)ប្រចាំនៅ កម្ពុជា។


កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) និងអង្គការពលកម្មអន្តរជាតិ (ILO) បានរួមគ្នារៀបចំសិក្ខាសាលាកម្រិតខ្ពស់ ដើម្បីពិភាក្សា និងកំណត់ពីចំណុចខ្វះខាតគោលនយោបាយនានា និងដាក់ចេញនូវអនុ សាសន៍សំខាន់ៗ ដែលអាចជួយសម្រួលដល់ការអភិវឌ្ឍឧស្សាហកម្ម៤.០ នៅកម្ពុជា។ ឧស្សាហកម្ម ៤.០ សំដៅលើការអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿនមួយចំនួនដូចជា ការបោះពុម្ព 3D បច្ចេកវិទ្យាមនុស្សយន្ត បច្ចេកវិទ្យាជីវសាស្ត្រ quantum computing ទំនើបកម្ម លើបណ្ដាញទូរគមនាគមន៍ និងចំណេះធ្វើថ្មីៗអំពីការគ្រប់គ្រងផលិតកម្ម។ បច្ចេកវិទ្យាទាំង នេះ ក៏នឹងធ្វើឱ្យមានការផ្លាស់ប្តូរដំណើរការផលិតកម្ម ដែលនាំឱ្យមានការចោទសួរអំពី ទស្សន ទានសេដ្ឋកិច្ចជាមូលដ្ឋានមួយចំនួន ក៏ដូចជាការបែងចែកកម្លាំងពលកម្ម និងឧត្តមភាពនៃការ ប្រកួតប្រជែងជាដើម។ ទន្ទឹមនេះ មានន័យថា នឹងមានការផ្លាស់ប្តូរយ៉ាងខ្លាំងដល់ផលិតកម្ម ការរៀបចំសេដ្ឋកិច្ច និងការដឹកជញ្ជូន ដោយសារតែមានការបង្កើនយ៉ាងឆាប់រហ័សនូវ ផលិត ភាព តារយៈការកាត់បន្ថយថ្លៃដើម និងការបង្កើនគុណភាពផលិតផល។

លោកស្រី Pauline Tamesis អ្នកសម្របសម្រួលប្រចាំប្រទេសកម្ពុជានៃអង្គការសហប្រជាជាតិ បានលើកឡើងថា ការរៀបចំព្រឹត្ថិ ការណ៍នៅថ្ងៃនេះ អង្គការសហប្រជាជាតិមានគោលបំណង បង្កើនការយល់ដឹងដល់តួរអង្គ សំខាន់ៗអំពីប្រធានបទដ៏សំខាន់នេះ ដើម្បីគាំទ្រដល់គោល នយោបាយឆ្លើយតបរបស់រដ្ឋាភិបាល និងឈ្វេងយល់ពីតម្រូវការនានារបស់វិស័យឯកជន ជុំវិញឧស្សាហកម្ម ៤.០។ ទីភ្នាក់ងារ សហប្រជាជាតិ នៅតែមានសុទ្ធិដ្ឋិនិយមជុំវិញកាលានុវឌ្ឍ ភាព និងសក្តានុពលនានារបស់ បច្ចេកវិទ្យាឧស្សាហកម្ម ៤.០។ លោកស្រីបានបន្ដថា គោល នយោបាយ និងសកម្មភាពអនុវត្តន៍ នៅតែមានភាពចាំបាច់ ប្រសិនបើគេចង់ ធានានូវការ ទទួលបានកាលានុវឌ្ឍភាព និងសក្ដានុពលពីបច្ចេកវិទ្យាឧស្សាហកម្ម ៤.០នេះ។

ទន្ទឹមនេះ សម្រាប់ប្រទេសមួយចំនួន ក៏ដូចជាកម្ពុជា បច្ចេកវិទ្យាឧស្សាហកម្ម 4.0 នាំឱ្យមានការគិតពិចារណាពីថ្លៃដើមមូលធន ធៀបនឹងកម្លាំងពលកម្ម និងភាពចម្រុះគ្នារវាង ថ្លៃដើមមូលធន និងកម្លាំងពលកម្មនៅក្នុងផលិតកម្ម។ ប្រការនេះមានភាពពាក់ព័ន្ធជាមួយនឹង ទីតាំងផលិតផលកម្ម ការបែងចែផលចំណេញរវាងប្រទេស និងប្រទេស និងរវាងអ្នកចូលរួម នានារួមនៅក្នុងចង្វាក់តម្លៃ។ ហេតុនេះ ឧស្សាហកម្ម ៤.០ អាចធ្វើឱ្យប៉ះពាល់ដល់របៀប អភិវឌ្ឍន៍សេដ្ឋកិច្ចសកលតាមបែប ប្រពៃណី ដោយហេតុការវិនិយោគ និងផលិតកម្ម និងងាក ចេញពីបណ្ដាប្រទេសអភិវឌ្ឍន៍នៅភាគខាងជើង ដែលសម្បូរដោយមូលធនទៅរកប្រទេស នៅភាគខាងត្បូង ដែលសម្បូរដោយកម្លាំងពលកម្ម តាមរយៈលំហូរការវិនិយោគដោយផ្ទាល់ ពីក្រៅប្រទេស និងការវិនិយោគក្នុងស្រុក។

លោក Nick Beresford នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការUNDP បានថ្លែងថា ឧស្សាហកម្ម៤.០ កំពុងកើតមាននាពេលបច្ចេប្បន្ននេះ ហើយមិនយូរប៉ុន្មាន នឹងមានឥទ្ធិពល មកលើយើងទាំងអស់គ្នា។ លើសពីនេះ ការពិចារណាលើសំណួរជុំវិញប្រធានបទនេះ ឱ្យបាន ទាន់ពេលវេលា អាចផ្តល់ឱ្យរដ្ឋាភិបាលថ្មីនៅកម្ពុជា នូវតំនរភ្ជាប់ ដើម្បីឈានទៅសម្រេច ចក្ខុវិស័យឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ ស្របតាមយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធ សាស្ត្រអភិវឌ្ឍន៍ជាតិ។ លោកបានបន្ដថា ឧស្សាហកម្ម ៤.០ បង្ហាញពីកាលនុវឌ្ឍភាព និងការប្រឈម ដូច្នេះចាំបាច់ដត្រូវមានការប្រើប្រាស់ អភិក្រមគោលនយោបាយជាយុទ្ធ សាស្ត្រ ដោយរដ្ឋភិបាលត្រូវដឹងពីផលប៉ះពាល់ និងប្រមើលមើលជាមុនពីបញ្ហាប្រឈមនានា ក៏ដូចជាត្រុវរៀបចំផែនការ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាថ្នាក់ខ្ពស់ស្ដីពីបដិវត្ដន៍ឧស្សាហកម្មជំនាន់ទី៤ នៅកម្ពុជា នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង ប្រៃកសណីយ៍ និងទូរគមនាគមន៍ បានមាន ប្រសាសន៍ថា ដើម្បីសម្រេចបាននូវគោលបំណង ក្នុងការពាំនាំ ឧស្សាហកម្ម ៤.០ មកកម្ពុជា ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការឱ្យបានរឹងមាំ រវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ក្នុងឧស្សាហកម្ម និងស្ថាប័នសិក្សាស្រាវ ជា្រវនានា។ ឯកឧត្តមបានបន្ដថា តាមរយៈ កិច្ចសហប្រតិបត្តិការបែបនេះ យើងអាចបង្កើតនូវ លក្ខខណ្ឌចាំបាច់ ធ្វើឱ្យមានការផ្លាស់ប្តូរ ជាវិជ្ជមាន និងផ្តល់លទ្ធភាពឱ្យមានការសម្របខ្លួន ដើម្បីឈានទៅសម្រេចលទ្ធផលជាវិជ្ជ មាន សម្រាប់សេដ្ឋកិច្ច និងសង្គមរបស់យើង៕

ដោយ ម៉ៅ ចរិយា

រូបថត៖ UNDP