រដ្ឋមន្ត្រីក្រសួងអប់រំលើកទឹកចិត្តដល់អត្តពលិកពិការ មុនពេលចូលរួមកីឡាអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡាបានលើក ទឹកចិត្ត ដល់កីឡា កីឡាការិនីពិការលើ៦ប្រភេទកីឡា មុនពេលដែលត្រូវប្រមូលផ្តុំហ្វឹកហាត់ ១ខែ នៅក្នុងស្រុក និងត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០១៨ ដែលត្រូវប្រារព្ធធ្វើឡើង នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ក្រោយពីកីឡាអាស៊ី Asian Games ត្រូវបានប្រារព្ធពិធី បិទជាផ្លូវការដោយជោគជ័យ កាលពីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ថវិកាបំប៉នសម្រាប់កីឡាជនពិការគឺដូចគ្នានឹងថវិកាបំប៉នកីឡា ជម្រើសជាតិផ្សេងៗទៀតដែរ ហើយប្រាក់រង្វាន់មេដាយក៏ដូចគ្នានឹងកីឡាករមិនពិការដែរ។ ជាមួយគ្នានោះ ឯកឧត្តមសុំឱ្យគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាអនុញ្ញាតឱ្យមន្ត្រីមជ្ឈ មណ្ឌលជាតិហ្វឹកហ្វឺនកីឡាទៅចូល រួមជាមួយដើម្បីស្រាវជ្រាវមើលពីប្រភេទកីឡានានា របស់ ប៉ារ៉ាឡាំពិកដើម្បីឱ្យដឹងថា ប្រភេទកីឡាណាដែល កម្ពុជាមានសក្ដានុពល ដើម្បីយើងបង្កើន ប្រភេទកីឡាឱ្យបានច្រើនត្រៀមទទួលធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣ ខាងមុខ។

អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ឯកឧត្តម យី វាសនា បានជម្រាបជូន ថា ព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេមនឹងចាប់ផ្ដើមពីថ្ងៃទី១ដល់ទី១៤តុលា នាប្រទេសឥណ្ឌូណេស៊ី ដោយកីឡាពិការកម្ពុជា បានសម្រេចប្រមូលផ្ដុំកីឡាចំនួន៦ប្រភេទរយៈពេលមួយខែ ដែល កីឡាទាំង៦ប្រភេទនោះមានហែលទឹក អត្តពលកម្ម បាញ់ធ្នូ វាយកូនឃ្លីលើតុ បាល់បោះ នារីជិះរទេះ និងប៊ូលីង។ ៦ប្រភេទកីឡានេះមាន៤៦វិញ្ញាសា និង មានអត្តពលិកចំនួន២៩នាក់ និងរួមទាំងប្រតិភូ គ្រូបង្វឹក គ្រូជំនួយសរុប៤៥នាក់។

គួរបញ្ជាក់ថា សម្រាប់ការប្រមូលផ្តុំហ្វឹកហាត់ត្រៀមនេះអត្តពលិកពិការលើប្រភេទ កីឡាហែល ទឹក អត្តពលកម្ម បាល់បោះនារីជិះរទេះនឹងត្រូវហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិ ក្រោមការអនុ ញ្ញាតពីឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអប់រំ និងជួយសម្របសម្រួលពីអគ្គនាយកដ្ឋានកីឡា៕

 

ដោយ ហេង ណាលីន