ក្រសួងសេដ្ឋកិច្ចពង្រឹងជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដល់មន្ត្រីរាជការចំនួន១.០១៤ នាក់

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ — ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលជាស៊េរីស្តីពី “ជំនាញបច្ចេកទេស លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ក្នុងគោលដៅលើកកម្ពស់សមត្ថភាពជំនាញ និង ពង្រឹងពង្រីកចំណេះដឹងបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់សិក្ខាកាម គោលដៅជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាញសរុប១.០១៤នាក់ ដែលទទួលបន្ទុកការងារ គ្រប់គ្រងថវិកា លទ្ធកម្ម ហិរញ្ញវត្ថុកិច្ច និងគណនេយ្យហិរញ្ញវត្ថុ របស់ក្រសួងស្ថាបប័ន នៃរាជ រដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាង​សមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ក្នុងរយៈពេល៥ឆ្នាំ កន្លង ទៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទទួលបានជោគជ័យក្នុងការងារបណ្ដុះបណ្ដាល និង កសាង សមត្ថភាពជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការកក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល លើជំនាញ សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាតម្រូវការចាំបាច់ សម្រាប់អនុវត្តន៍ការកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្តមបានបន្តថា បច្ចុប្បន្ន ធនធានមនុស្សទាំង នោះ បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ចនៅតាមអង្គភាព រៀងៗខ្លួន និងបានរួមចំណែកធ្វើឱ្យកម្ពុជាអាចបន្តរក្សាបានយ៉ាងរឹងមាំនូវ ភាពជឿទុក ចិត្ត បាន នៃថវិកាដែលសម្រេចបានជាសារវន្ត នៅក្នុងដំណាក់កាលទី១ និងទទួលបានជោគជ័យ ថែមទៀត ក្នុងការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ នៅក្នុងដំណាក់កាលទី២ នៃការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងថា ការកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គន្លឹះមួយរបស់រាជរដ្ឋាភិបាល ប្រកបដោយគតិបណ្ឌិតដ៏ខ្ពងខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា សម្រាប់ធានាជោគជ័យ ក្នុងការអនុវត្ត របៀបវារៈគោលនយោបាយអភិវឌ្ឍន៍ ជាតិ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ។

ឯកឧត្តមបានបន្ដទៀតថា បច្ចុប្បន្ន ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតនៅដំណាក់កាលទី៣ ក្នុងគោលដៅ បង្កើនការផ្សាភ្ជាប់ថវិកាទៅនឹងគោលនយោ បាយជាអាទិភាពរបស់រាជរដ្ឋាភិបាល និងមានតួអង្គអនុវត្តន៍កាន់តែច្រើនឡើង ទន្ទឹមនឹងការ ផ្ទេរភាពជាម្ចាស់ និងការទទួលខុសត្រូវកាន់តែច្រើនជាងមុន ទៅកាន់ក្រសួងស្ថាប័ន ក្នុង កាលៈទេសៈដែលសមត្ថភាពធនធានមនុស្សនៅមានកម្រិត, ទាំងចំណេះដឹង ជំនាញ និងឆន្ទៈ ក្នុងការចូលរួមអនុវត្តន៍។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់ថា ក្នុងក្រប ខ័ណ្ឌការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅឆ្នាំ ២០១៨ រាជរដ្ឋាភិបាលបានដាក់ ឱ្យអនុវត្តន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហានទី២ ដែលពង្រីកទៅដល់ក្រសួងស្ថាប័នចំនួន១០ រួមនឹងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ទន្ទឹមជាមួយនឹងការដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវ “ផែនការយុទ្ធសាស្រ្តកែទម្រង់ ប្រព័ន្ធថវិកា ២០១៧-២០២៥” ក្នុងគោលដៅធ្វើឱ្យប្រព័ន្ធថវិកាកម្ពុជា ទៅជាប្រព័ន្ធថវិកា​ព័ត៌មានសមិទ្ធកម្ម ដែលនឹងធានាក្នុងការប្រែក្លាយថវិកាឱ្យទៅឧបករណ៍គោលនយោបាយ ដ៏ពិតប្រាកដ សម្រាប់ អនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។

ឯកឧត្ដមបានបន្ថែមថា កិច្ចការទាំងអស់នេះបានធ្វើឱ្យគ្រប់ក្រសួងស្ថាប័ន ចាំបាច់ត្រូវ យកចិត្តទុកដាក់ខ្ពស់ថែមទៀត ក្នុងការពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និងការលើក កម្ពស់ការយល់ដឹង ពិសេសលើ “ជំនាញបច្ចេកទេសចាំបាច់សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ” ជូនមន្រ្តីរាជការ ដើម្បីអាចធានាបាននូវប្រសិទ្ធភាព សង្គតិភាព និងចីរភាពក្នុង ការអនុវត្តតួនាទីភារកិច្ច ពិសេសការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា និងការអនុវត្ត ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព និងចីរភាព។

លោកស្រី កាមីឡា ឡំបាដ៍ (Ms. Camilla Lombard) អនុប្រធានក្រុមសហប្រតិបត្តិការ នៃសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជាដែលបានចូលរួមវគ្គបណ្តុះបណ្តាលនោះដែរ បានឱ្យដឹងថា ក្នុងនាមតំណាងដៃគូអភិវឌ្ឍន៍ សូមអបអរសាទរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបាន អនុម័ត និងប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការដោយជោគជ័យនូវ ផែនការយុទ្ធសាស្រ្តកសាង និងអភិវឌ្ឍន៍សមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣។ លោកស្រីបានបញ្ជាក់ថា ដៃគូអភិវឌ្ឍន៍ពិតជាមានសេចក្ដីរីករាយ និង មានកិត្តិយស ដែលបានចូលរួមនៅក្នុងដំណើរការរៀបចំ និងអនុវត្តន៍ផែនការយុទ្ធសាស្រ្ត ដ៏មានសារៈសំខាន់នេះ។ លោកស្រីបានឱ្យដឹងទៀតថា វគ្គបណ្តុះបណ្តាលជំនាញបច្ចេក ទេសនេះ ពិតជាមានសារៈខាន់ និងបានសន្យាថា ដៃគូអភិវឌ្ឍន៍នឹងបន្តសហការនិងគាំទ្រ ថែមទៀត ក្នុងការអនុវត្តការកសាង និងអភិវឌ្ឍន៍សមត្ថភាពលើជំនាញសម្រាប់ការគ្រប់ គ្រង ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ៕

ដោយ គង់ សិរីរ័ត្ន