ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង១.៧ លាននាក់

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៨ — រយៈពេល៨ខែដើមឆ្នាំនេះ ភ្ញៀវទេសចរអន្តរជាតិជាង១,៧លាននាក់ បានទិញសំបុត្រចូល ទស្សនាតំបន់រមណីយដ្ឋានអង្គរ ដែលបាននាំចំណូលប្រមាណ៨០លានដុល្លារដល់សេដ្ឋកិច្ច កម្ពុជា។

នេះបើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ដែលបានចេញផ្សាយ កាលពី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨។ ក្នុងរបាយការណ៍បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០១៨ ភ្ញៀវទេសចរ អន្តរជាតិប្រមាណ១.៧លាននាក់ បានទិញប័ណ្ណចូលទស្សនារមណីដ្ឋានអង្គ កើនឡើង ៨.៤៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល៨ខែនេះ គ្រឹស្ថាន អង្គរអាចប្រមូលចំណូលពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានរហូតដល់ ជិត ៨០លានដុល្លារ កើនឡើងប្រមាណ១៣ភាគរយ ដោយក្នុងនោះ ភ្ញៀវទេសចរចិន ឈរនៅ​លេខរៀងទី១ ដែលបានទិញសំបុត្រចូលទស្សនាច្រើនជាងគេ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចណ៍កម្ពុជា បានមាន ប្រសាសន៍ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរនាពេលនេះ គឺដោយសារភ្ញៀវទេសចរកាន់ តែមានទំនុកចិត្តមកលើកញ្ចប់សេវាកម្មទេសចរណ៍របស់កម្ពុជា ស្របពេលដែលក្រសួងទេស ចរណ៍ និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងខិតខំផ្សព្វផ្សាយពីសក្តានុពលតំបន់ទេសចរណ៍ របស់កម្ពុជា។ លោកជំទាវបន្ថែមថា ដើម្បីសម្រេចឱ្យបាននូវគោលដៅទាក់ទាញភ្ញៀវ ទេសចរ ឱ្យកាន់ដល់៧លាននាក់នៅឆ្នាំ២០២០ ក្រសួងបានស្នើឱ្យគ្រប់ស្ថាប័នពាក់ និងភាគីពាក់ ព័ន្ធបន្តចូលរួមអភិរក្ស និងរុករក តំបន់ទេសចរ ធម្មជាតិ និងវប្បធម៌បន្ថែម ខណៈកម្ពុជា បច្ចុប្បន្ន កំពុងស្ថិតក្នុងគោលដៅទេសចរបែបធម្មជាតិ និងវប្បធម៌ ពីភ្ញៀវទេសចរអន្តរជាតិ ក្នុងតំបន់ និងប៉ែកអឺរ៉ុប។

ឯកឧត្តម ថោង ខុន រដ្ឋមន្រី្ត ក្រសួងទេសចរណ៍ធ្លាប់បានញ្ជាក់ថា កំណើននៃភ្ញៀវ ទេសចរបរទេសមកកម្ពុជា បានផ្ដល់នូវឱកាសវិនិយោគយ៉ាងច្រើនដល់កម្ពុជា ក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិ ដោយវិស័យនេះ បានចូលរួមចំណែកក្នុងផលទុនជាតិសរុបប្រមាណ​១១ភាគរយ កាលពីឆ្នាំមុន។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍ មានការ អភិវឌ្ឍគួរឱ្យគត់សម្គាល់ ហើយសម្រាប់គោលដៅទៅ៥ឆ្នាំបន្ត ក្រសួងនឹងបន្តទាក់ទាញ ភ្ញៀវទេសចរមកកម្ពុជា ឱ្យកើនដល់១៥លាននាក់នៅឆ្នាំ២០៣០៕

ដោយ ម៉ៅ ចរិយា