ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងទទួលស្វាគមន៍អត្តពលិកកម្ពុជាពីការប្រកួតកីឡា អាស៊ីលើកទី១៨ នៅប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងទទួល​ស្វា​គមន៍​អត្តពលិកកម្ពុជាពីការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេស​ឥណ្ឌូ​ណេ​​ស៊ី​នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅវិមានសន្តិភាព ក្នុងខណៈដែលអត្តពលិក​ក​ម្ពុ​ជា បាននាំមកនូវកិត្តិយសដ៏ធំធេងជូនជាតិមាតុភូមិនៅក្នុងប្រវត្តិសាស្ត្ររយៈពេល ៦៤ឆ្នាំ​ក​ន្ល​ង​​មកនោះ។

បើតាមកម្មវិធីដែលបានគ្រោងទុកគណៈប្រតិភូ និងអត្តពលិកកម្ពុជា ដែលទទួលបាន​ជ័​យ​​លាភី ក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅឥណ្ឌូណេស៊ី នឹងមក​ដល់​ព្រ​លា​ន​យន្តហោះអន្តរជាតិភ្នំពេញនាវេលាម៉ោង ៥ និង៣៥នាទី នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ​២០​១៨ ដែលមានពិធីទទួលស្វាគមន៍យ៉ាងពិសេស ដោយមានក្បួនដង្ហែរ​ថយន្ដ​អម​ដោយ​ម៉ូតូ​កិត្តិ​​យស ៦គ្រឿង ដើម្បីហែម្ចាស់មេដាយមាស និងសំរឹទ្ធ ពីអាកាសយានដ្ឋាន​អន្ដរ​ជាតិ​ភ្នំ​ពេ​ញ​ ឆ្ពោះទៅវិមានសន្ដិភាព។ ការប្រកួតកីឡាអាស៊ី បានចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១៨ ខែសីហា ដ​ល់​​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ដែលឥណ្ឌូណេ​ស៊ីធ្វើជាម្ចាស់ផ្ទះ កម្ពុជាបាន បញ្ជូនកីឡា១៣​ប្រ​ភេទ ទៅចូលរួមប្រកួតហើយ ក្នុងចំណោមប្រភេទកីឡាទាំងនោះ កម្ពុជាដណ្ដើមបាន​មេ​ដា​យ​មាស២ និងសំរឹទ្ធ១ លើប្រភេទកីឡាម៉ូតូទឹក ដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយ​មា​ស​១ និងសំរឹទ្ធ១ និង កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយ មាស១ លើវិញ្ញាសាកីឡាជឺ​ជិត​ស៊ូ។

ជោគជ័យជាប្រវត្តិសាស្ដ្រនេះ គឺជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ពិសេស​ស​ម្ដេច​តេជោនាយករដ្ឋមន្ដ្រី និងឯកឧត្តមរដ្ឋមន្ដ្រីទាំងពីរ មាន ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រ​សួ​ង​ទេសចរណ៍ និងជាប្រធាន NOCC និងឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ រួម​ទាំ​ងមន្ដ្រីក្រោមឱវាទ និងការខិតខំប្រឹងប្រែងផ្ទាល់របស់កីឡាករ-កីឡាការិនី គ្រូបង្វឹក ពិសេស​កីឡា​ករ-កីឡាការិនីកីឡាម៉ូតូទឹក និងកីឡាជឺជិតស៊ូ ដែលដណ្ដើមបានមេដាយ​ប្រវត្តិសាស្ដ្រ​ជូន​ជាតិ និងប្រជាជនកម្ពុជា។

គួរបញ្ជាក់ដែថា ការប្រកួតកីឡាអាស៊ី ត្រូវបានធ្វើឡើងជាលើកដំបូងនៅទីក្រុងញូវ ដេលីប្រ​ទេសឥណ្ឌានាឆ្នាំ១៩៥១។ កម្ពុជាបានចូលរួមការប្រកួតកីឡាអាស៊ីលើកទី២ ឆ្នាំ១៩៥៤ តែ​​ពុំដណ្តើមបានមេដាយនោះទេ។ កម្ពុជាដណ្តើមបានមេដាយសំរឹទ្ធលើកដំបូងក្នុង​ការប្រកួតកី​ឡា​​អាស៊ីលើកទី៤ នៅឆ្នាំ១៩៦២ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី ដោយកីឡាករ​ប្រដា​ល់​​សកល គឺលោក យូ ជិនហុង ទម្ងន់ ៥៨គីឡូក្រាម។ ក្រោយមកទៀត ដណ្តើមបាន​មេ​ដា​យ​ប្រាក់​២ និងសំរឹទ្ធ២បន្ថែមទៀតនៅឆ្នាំ១៩៧០ នៅទីក្រុងបាងកក ប្រទេសថៃ។ ដោយសារ​វិប​ត្តិ​នៃ​​សង្គ្រាម កម្ពុជាត្រូវបានអវត្តមានពីការ ប្រកួតកីឡាអាស៊ី ចាប់ពីឆ្នាំ១៩៧៤ រហូតដល់ឆ្នាំ​១​៩​៩៤ ទើបបានចូលរួមប្រកួតកីឡាអាស៊ីជាផ្លូវការឡើងវិញ រហូតមកដល់ពេលបច្ចុប្បន្ន។

ក្រោយ​ការចូលរួមការប្រកួតឡើងវិញនៅឆ្នាំ១៩៩៤ កម្ពុជាបាន ប្រឹងប្រែងអភិវឌ្ឍន៍​សមត្ថភាពលើវិស័យ​កីឡា​ជាបន្តបន្ទាប់ រហូតសម្រេចបាន លទ្ធផលប្រកបដោយមោទនភាពជាតិដ៏ឧត្តុងឧត្តម​បំផុត​ក្រោម​ដំបូលសន្តិភាព ដែលក្នុងនោះកញ្ញា ស៊ន សៀវម៉ី បានក្លាយជាវីរកីឡាការិនីជាតិ ដែ​ល​បាន​បំបែកឯតទគ្គកម្មដណ្តើមបានមេដាយមាស១គ្រឿងជាលើកដំបូងក្នុងកំណត់​ត្រាប្រវត្តិសា​ស្ត្រ ៦០ឆ្នាំ គឺគិតពីឆ្នាំ១៩៥៤ ដែលកម្ពុជាចូលរួមប្រកួតលើកដំបូងរហូតដល់ឆ្នាំ២០១៤ ទើប​ដណ្តើម​បានមេដាយមាស។ ការដណ្តើមបានមេដាយមាសរបស់កីឡាករ សាលី អ៊ូមើត និងក​ញ្ញា​ ខាន់ ចេសា ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៨ នៅប្រទេសឥណ្ឌូណេ​ស៊ី​នា​ពេលនេះ គឺជាការបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា​ក្នុងរយៈ​ពេ​ល ៦៤ឆ្នាំចាប់តាំងពីបានចូលរួមប្រកួតកីឡាប្រចាំទ្វីបអាស៊ីនៅឆ្នាំ១៩៥៤ ហើយដែលធ្វើឱ្យក​ម្ពុ​ជាវិញស្ថិតនៅលំដាប់ទី២៤ ក្នុងតារាងមេដាយនៃការប្រកួតកីឡាអាស៊ីលើកទី១៨ ដោយទ​ទួ​ល​​បានមេដាយសរុបចំនួន៣ ក្នុងនោះមេដាយមាស ២គ្រឿង និងសំរឹទ្ធ ១គ្រឿង។

ចំពោះប្រាក់រង្វាន់ជ័យលាភីអត្តពលិកដណ្ដើមបានមេដាយកីឡាអាស៊ី Asian Games​នា​​ពេលកន្លងមក បើយោ​​ង​តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល គឺមេដាយមាសទទួលបាន ៨០​លា​នរៀល, មេដាយ​ប្រា​ក់ ទទួលបាន ៤០លានរៀល និងមេដាយសំរឹទ្ធ ទទួលបាន ២៤លាន​រៀ​ល ដែល​ជាប្រា​ក់​​រ​ង្វា​ន់​របស់រាជរដ្ឋាភិបាល ។ លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បាន​សម្រេច​ជា​គោល​ការ​ណ៍​ ដើម្បីលើកទឹកចិត្តបន្ថែម ដល់អត្តពលិកដណ្ដើម​បានជ័យលាភីជូន​ជា​តិ​ផង​ដែរ ដោយមេដាយមាស សម្ដេចឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចចំនួន ១ម៉ឺនដុល្លារ, មេដា​យប្រាក់ ៥ពាន់ដុល្លារ និងមេដាយសំរឹទ្ធ ៣ពាន់ដុល្លារទៀតផង៕

ដោយ ជឹម ណារី