ក្រសួងការងារនឹងពន្លឿនការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយភ័ណ្ឌកាត់ដេរ និងផលិតផលស្បែកជើង សម្រាប់ឆ្នាំ២០១៩អោយចប់ចុងខែនេះ

វិទ្យុជាតិកម្ពុជា៖ ដោយលោក ជួន បូណា៖

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងពន្លឿនការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយភ័ណ្ឌកាត់ដេរ និងផលិតផលស្បែកជើងសម្រាប់ឆ្នាំ២០១៩អោយចប់នាចុងខែកញ្ញានេះ ដើម្បីផ្ដល់នូវប្រាក់ឈ្នួលអប្បបរមាដែលអាចទទួលយកបានពីវិនិយោគជិតនិងនយោជក។

ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារអាណត្ដិទី៨ លើកទី១៨ នាព្រឹកថ្ងៃទី ០៣ ខែកញ្ញា នៅទីស្ដីការក្រសួងការងារ ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា តាមរយៈការពិភាក្សារបស់សមាជិកគណៈកម្មការគណៈកម្មការប្រឹក្សាការងារដែលមានសមាសភាពមកពីភាគីកម្មករនិយោជិត ភាគីនិយោជក និងភាគីរាជរដ្ឋាភិបាលបានធ្វើអោយកិច្ចប្រជុំសម្រេចបានលទ្ឋផលសំខាន់ចំនួន២ ក្នុងនោះទី១. បន្តប្រើប្រាស់យន្តការក្រុមការងារបច្ចេកទេសត្រី ភាគី ដែលមានសមាសភាពចំនួន ១៦រូប មកពីភាគីនីមួយៗ ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា។ ក្រុមការងារនេះនឹងចាប់ផ្ដើម ប្រជុំពិភាក្សាចាប់ពីថ្ងៃ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០៩:០០នាទីព្រឹកតទៅ និងទី២.បន្តប្រើប្រាស់លក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច ( ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សាការងារ និងកម្រិតចំណេញរបស់វិស័យ )ដើម្បីធ្វើជាមូលដ្ឋានក្នុងការពិភាក្សា ព្រមទាំងលើកជាមួយអនុសាសន៍ ដល់គណៈកម្មការប្រឹក្សាការងារដើម្បីពិនិត្យសម្រេច។

ឯកឧត្ដមបណ្ឌិតអ៊ិត សំហេង សង្ឃឹមថា ការពិភាក្សានៅឆ្នាំនេះ នឹងពិភាក្សាគ្នាប្រព្រឹត្ដិទៅដោយរលូន និងក្នុងន័យពិភាក្សាដោយយោគយល់គ្នា ក្នុងស្មារតីឈ្នះៗ ដោយប្រកាន់យកយុទ្ធសាស្រ្ដ ពិភាក្សាហើយពិភាក្សាទៀត ដើម្បីរកតួលេខមួយដែលមានគម្លាតតិចបំផុត និងឈានទៅអនុវត្ដន៍ជាចុងក្រោយ។ឯកឧត្ដមជឿកជាក់ថា ការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយភ័ណ្ឌកាត់ដេរ និងផលិតផលស្បែកជើងសម្រាប់ឆ្នាំ២០១៩អាចបញ្ចប់នៅមុនពិធីបុណ្យភ្ជុំបិណ្យខាងមុខនេះ ដោយប្រាក់ឈ្នួលអប្បបរមាមានលក្ខណៈល្អជាងឆ្នាំ២០១៨។

លោកឧញ្ញ៉ា ណាង ស៊ីធី អនុប្រធានគណៈកម្មការប្រឹក្សាការងារ ភាគីតំណាងនិយោជក បានឲ្យដឹងថា ការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយភ័ណ្ឌកាត់ដេរ និងផលិតផលស្បែកជើងសម្រាប់ឆ្នាំ២០១៩ ក្រសួងការងារតំណាងអោយរាជរដ្ឋាភិបាលនឹងកំណត់ប្រាក់ឈ្នួលអប្បបរមាមួយល្អដែលទទួលយកបានពីនិយោគជិតនិងនយោជកដើម្បីនិយោជកអនុវត្ដន៍តាមការកំណត់របស់រាជរដ្ឋាភិបាល។

ប៉ុន្តែ លោកឧញ្ញ៉ា បានស្នើអោយរាជរដ្ឋាភិបាលកំណត់ការផ្ដល់ប្រាក់សោធន៍ធន និងប្រាក់ធានាសុខភាពរបស់កម្មករ ដែលទទួលបន្ទុករបស់និយោជកក្នុងការពារដល់កម្មករ ដោយនិយោជកមានលទ្ធភាពធ្វើបានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕