ស៊ីរីបដិសេដថា គ្មានការវាយប្រហារដោយមីស៊ីលអ៊ីស្រាអែលលើមូលដ្ឋានអាកាសខ្លួនទេ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ — តាមទូរទស្សន៍រដ្ឋឱ្យដឹងថា យោធាស៊ីរីបានបដិសេធសេចក្តីរាយការណ៍នានាដែលថា មីស៊ីលអ៊ីស្រាអែលមួយបានវាយប្រហារដែលផ្តោតទៅលើមូលដ្ឋានអាកាសស៊ីរីមួយនៅខាងលិចទីក្រុងដាម៉ាស់ កាលពីព្រឹកថ្ងៃអាទិត្យដោយនិយាយថា ការឆ្លងចរន្តអគ្គិសនី បានបង្កឱ្យមានការផ្ទុះនៅក្នុងឃ្លាំងអាវុធមួយ ក្បែរមូលដ្ឋានអាកាសនោះ ។

សេចក្តីថ្លែងការណ៍កងទ័ពស៊ីរីនេះធ្វើឡើងមិនដល់មួយម៉ោងផងបន្ទាប់ពីគេបានឮស្នូរការផ្ទុះយ៉ាងហោចណាស់២ លើកនៅឯមូលដ្ឋានអាកាស Mazzeh ក្នុងសង្កាត់ Mazzeh ខាងលិចក្រុងដាម៉ាស់ ។ ការផ្ទុះបានធ្វើឱ្យខ្ទរនៅទូទាំងរដ្ឋធានី ដាម៉ាស់ ។
ទូរទស្សន៍ Pan-Arab al –Mayadeen នឹងពួកសកម្មជនស្និទ្ធរដ្ឋាភិបាលខ្លះនៅក្នុងប្រទេសស៊ីរី បាននិយាយថា ការផ្ទះនេះ គឺជាលទ្ធផលនៃការវាយប្រហារដោយ មីស៊ីលរបស់អ៊ីស្រាអែលលើមូលដ្ឋានអាកាសនេះដែលពីមុនត្រូវបានវាយប្រហារដោយអ៊ីស្រាអែល ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )