នាវាដឹកអ្នកដំណើរដែលមានមនុស្សជិះ១២៤នាក់ឆេះនៅហ្វីលីពីនភាគកណ្តាល

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ — អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្សហ្វីលីពីនបាននិយាយថា នាវាចម្លងអ្នកដំណើរមួយគ្រឿង ដែលមាន មនុស្ស១២៤នាក់ជិះនៅលើនោះបានឆេះ កាលពីថ្ងៃអាទិត្យនៅក្បែរ Argo Pier ក្នុងខេត្តសេប៊ូប្រទេស ហ្វីលីពីនភាគកណ្តាល ។

លោក Armand Balilo បាននិយាយថា អ្នកដំណើរ៩៧នាក់របស់នាវានេះ ព្រមទាំងនាវិក២៧នាក់ មានសុវត្ថិភាព បន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះមួយបានបើកធ្វើឡើង ដោយឆ្មាំឆ្នេរសមុទ្រ ។

លោក Balilo បាននិយាយថា ឧប្បត្តិហេតុនេះ បានកើតឡើងនៅប្រហែលម៉ោង១០ព្រឹកនៅពេល ដែលអគ្គិភ័យនេះបានឆាបឆេះនាវាចម្លង MV Life Ferry 28នៅចម្ងាយប្រហែល៣០០ម៉ែត្រ Taloot Whaf ។

លោកបាននិយាយបន្ថែមថា នាវាចម្លងនេះដែលបានចាកចេញពីទីក្រុងTagbilaran City នៅក្នុងខេត្ត Bohol ដែលនៅជិតខាងនៅប្រហែលម៉ោង៨ព្រឹកនោះ កំពុងចូលទៅជិតសេប៊ូនៅពេល ដែលឧប្បត្តិហេតុ នេះបានកើតឡើង ។

លោកបាននិយាយថា អគ្គិភ័យនេះត្រូវគេពន្លត់បានក្នុងពេលជាង៤ម៉ោងក្រោយមក ដែលរៀបចំផ្លូវ សម្រាប់ការស៊ើបអង្កេតមួយនៅក្នុងមូលហេតុនៃឧប្បត្តិហេតុនេះ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)