ប្រធានគណបក្សកុម្មុយនីស្តវៀតណាមធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ — អគ្គលេខាធិការបក្សកុម្មុយនីស្តនៃគណៈកម្មាធិការមជ្ឈិមវៀតណាម លោក Nguyen Phu Trong នឹងធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ខាងមុខនេះ។

គណៈកម្មការទំនាក់ទំនងខាងក្រៅរបស់គណៈកម្មាធិការមជ្ឈិមបក្ស បានប្រកាសកាលពីថ្ងៃទី១ ខែកញ្ញាថា ដំណើរទស្សនកិច្ចនេះនឹងត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន។ វៀតណាម និងរុស្ស៊ី បានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៥០ ហើយបានសម្រេចចិត្តលើកកម្ពស់ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០០១ និងបន្ទាប់មកដល់ភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយក្នុងរយៈពេល ១១ឆ្នាំក្រោយមក។

ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរដែលមានទំនុកចិត្តខ្ពស់ ត្រូវបានពង្រឹងតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចប្រជុំទ្វេភាគីជាទៀងទាត់នៅគ្រប់កម្រិត និងតាមរយៈយន្តការនៃកិច្ចពិគ្រោះយោបល់ និងកិច្ចសន្ទនាគ្នាជាយុទ្ធសាស្រ្ត។ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទុន រវាងវៀតណាម និងរុស្ស៊ី មានការរីកចម្រើនយ៉ាងខ្លាំងក្លា។

បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ានបានចូលជាធរមានជាផ្លូវការកាលពីខែតុលា ឆ្នាំ ២០១៦ តម្លៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៥,៣ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០១៧ ។ ប្រទេសទាំងពីរកំពុងព្យាយាមលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ១០ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ ២០២០ ។

ចំពោះវិស័យវិនិយោគ ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យប្រេង និងឧស្ម័ន គិតមកដល់ខែមិថុនា ឆ្នាំ ២០១៨ រុស្ស៊ីមានគម្រោងវិនិយោគទុនផ្ទាល់ចំនួន ១១៧គម្រោងនៅក្នុងប្រទេសវៀតណាម ដែលមានដើមទុនជិត ១ប៊ីលានដុល្លារអាម៉េរិក។ ទន្ទឹមនឹងនេះដែរ វៀតណាមកំពុងប្រតិបត្តិការគម្រោងវិនិយោគចំនួន ២២ ដែលមានតម្លៃជិត ៣ប៊ីលានដុល្លារអាម៉េរិកនៅក្នុងប្រទេសរុស្ស៊ី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)