រាជរដ្ឋាភិបាលកម្ពុជាគាំទ្រការថតភាពយន្តបរទេសនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

រាជរដ្ឋាភិបាលកម្ពុជាគាំទ្រការថតភាពយន្តបរទេសនៅកម្ពុជា ខណៈការផលិតក្នុងស្រុកបានតែជាង៣០រឿង ក្នុងមួយឆ្នាំៗ ហើយការនាំចូលភាពយន្តបរទេសមានជាង២០០រឿង។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការផលិតខ្សែភាពយន្តបរទេសនៅកម្ពុជា រួមចំណែកដល់ការផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក ខណៈរាជរដ្ឋាភិបាលកំពុងដាក់ផែនការទាក់ទាញទេសចរអន្តរជាតិឱ្យបានប្រមាណ៦,២លាននៅដំណាច់ឆ្នាំ២០១៨នេះ និងប្រមាណ៧លាននាក់ នៅត្រឹមឆ្នាំ២០២០ខាងមុខ ដើម្បីនាំចំណូលដល់សេដ្ឋកិច្ចជាតិប្រមាណ៥.០០០លានដុល្លារអាមេរិក និងឱកាសបង្កើតការងារក្នុងស្រុកជាង១លាននាក់។

ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងក្នុងកាលពីចុងសប្តាហន៍នេះ ក្នុងឱកាសចូលរួមជាអធិបតីប្រកាសចាប់ផ្តើមថតភាពយន្តខ្នាតធំបែបស្នេហា របស់យុវវ័យឆ្លងដែនមួយរវាងក្រមុំកំលោះជនជាតិខ្មែរ និងចិន ក្រោមស្នាដៃនិពិន្ធ និងដឹកនាំរឿងដោយផលិតករចិន ដោយប្រើចំណាយទុនជាង២លានដុល្លារអាមេរិក ដើម្បីយកទៅចូលរួមប្រកួតប្រជែងក្នុងមហោស្របភាពយន្តពិភពលោកដែលនឹងប្រារព្ធឡើងនៅទីក្រុងឡូសអេនជឺឡេស សហរដ្ឋអាមេរិក នាខែមេសា ឆ្នាំ២០១៩។

ឯកឧត្តម ថោង ខុន សង្ឃឹមថា ភាពយន្តមួយនេះ នឹងនាំឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្រើន។ ជាមួយគ្នានេះ ផ្សព្វផ្សាយពីវប្បធម៌ទេសចរណ៍ទៅកាន់ទីផ្សារប្រទេសចិនបន្ថែមទៀតអំពីតំបន់ទេសចរណ៍កម្ពុជា។

ឯកឧត្តម គង់ កន្ថារ៉ា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកការថតខ្សែភាពយន្តនេះ គឺជាការជំរុញ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីចិន-កម្ពុជា ឱ្យកាន់តែស្អិតរមួតថែមទៀត ពិសេសលើវិស័យសិល្បៈវប្បធម៌។

លោក ជៀង យុនមីន(Jiang Yunmin) អ្នកដឹកនាំរឿងនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្តេត(ខេមបូឌា) គ្រុប បានឱ្យដឹងថា ភាពយន្តដែលថតនៅលើទឹកដីកម្ពុជា ដែលត្រូវយកទៅចូលរួមប្រកួតប្រជែងក្នុងមហោស្របភាពយន្តពិភពលោក នៅសហរដ្ឋអាមេរិក នាដើមឆ្នាំក្រោយនេះ នឹងត្រូវបានថតនៅនឹងទីតាំងផ្ទាល់មួយចំនួននៅរាជធានីភ្នំពេញ ប្រាសាទអង្គរវត្តខេត្តសៀមរាប កោះរ៉ុងក្នុងខេត្តព្រះសីហនុ ភ្នំបូកគោក្នុងខេត្តកំពត ជាដើម។ ជាមួយគ្នានេះ ក៏ទៅថតនៅតំបន់ទេសចរណ៍មួយចំនួននៅប្រទេសចិនផងដែរ។

រាជរដ្ឋាភិបាល បានដាក់គោលនយោបាយឱ្យកម្ពុជា ក្លាយជាដែនដីថតភាពយន្តបរទេស តាមរយៈជំរុញការថតភាពយន្តក្នុងស្រុក និងទាក់ទាញផលិតករបរទេសឱ្យមកថតភាពយន្តនៅកម្ពុជា៕