សម្ដេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលម្ចាស់មេដាយមាស Asian Games ភ្លាមៗ ក្រោយត្រឡប់ពីឥណ្ឌូនេស៊ីនាល្ងាចនេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ជៀង យ៉ារ៉េត រូបថត លោក ចន ណារិទ្ធ៖

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអនុញ្ញាតឲ្យប្រតិភូ កីឡាករ- កីឡាការិនី ពិសេសម្ចាស់មេដាយមាសកីឡាអាស៊ី( Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ចូលជួបសម្ដែងការគួរសម្យ និងសំណេះសំណាល ភ្លាមៗ បន្ទាប់ពីថ្នាក់ដឹកនាំ ប្រតិភូ និងអត្តពលិកទាំង អស់ បញ្ចប់បេសកកម្ម និងត្រឡប់មកដល់មាតុភូមិវិញ នាល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងនាយបេសកកម្ម បានឲ្យដឹងថា ស្របពេលកម្ពុជាកំពុងឈ្នះមេដាយមាស ២ គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង នៅក្នុងការប្រកួតកីឡាអាស៊ី លើកទី១៨ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ដល់ស្ថាប័នថ្នាក់ដឹកនាំកីឡា ដោយមានក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវរៀបចំនូវក្បួនដង្ហែរយ៉ាងអធិកអធមបំផុត អមដោយម៉ូតូធំចំនួន ៦គ្រឿង ដើម្បីអបអរសាទរម្ចាស់មេដាយមាសកីឡាអាស៊ី បន្ទាប់ពីធ្វើដំណើរនិវត្តន៍មកដល់មាតុភូមិវិញ នាល្ងាចថ្ងៃទី០៣ ខែកញ្ញានេះ ។

ឯកឧត្តមបន្ដថា អ្វីដែលពិសេសនោះ គឺសម្ដេចតេជោនាយករដ្ឋមន្ដ្រី នឹងអនុញ្ញាតឲ្យប្រតិភូ និងកីឡាករ- កី ឡាការិនី ពិសេសគឺម្ចាស់មេដាយមាសកីឡាអាស៊ីផ្ទាល់តែម្ដង ចូលជួបសម្ដែងការគួសមរម្យ និងសំណេះសំណាលព្រមទាំងជូនរង្វាន់ភ្លាមៗតែម្ដង ក្រោយធ្វើដំណើរពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញមកដល់វិមានសន្ដិភាព ។ ជាមួយនឹងកាយវិការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងនាមនាយបេសកកម្ម និងកីឡាករ- កីឡាការិនី បានសម្ដែងនូវការគោរពដឹងគុណ និងជំរុញឲ្យកីឡាករ-កីឡាការិនីកាន់តែមានកម្លាំងចិត្តក្នុងការប្រ កួតប្រជែងស្វែងរកមេដាយជូនជាតិបន្ថែមទៀត ។

គួរបញ្ជាក់ថា ការប្រកួតកីឡាអាស៊ី លើកទី១៨ នៅឥណ្ឌូនេស៊ី កម្ពុជាបានបញ្ជូនប្រតិភូកីឡា១៣ប្រភេទកីឡា ដែលមានអត្តពលិកចំនួន៧១នាក់ទៅចូលរួម ហើយកម្ពុជាឈ្នះបានមេដាយមាស ២ និងសំរឹទ្ធ ១ លើប្រភេទកីឡាជីជិតស៊ូ និងកីឡាម៉ូទឹក៕