សមាគមធនធានមនុស្សខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរា ដាំកូនឈើនៅក្នុងតំបន់ប្រសាទអង្គរ

AKP សៀមរាប ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ –សមាគមធនធានមនុស្សខេត្តសៀមរាប រួមសហការជាមួយអាជ្ញាធរជាតិអប្សរា បាននាំយកកូនឈើចំនួន .៣០០ដើម ជាប្រភេទឈើទាលគគី និងកកោះ ទៅដាំនៅលើផ្ទៃដី៣ហិកតា នៅភាគខាងត្បូងប្រាសាទបន្ទាយក្តី ស្ថិតនៅក្នុងសង្កាត់នគរធំ ក្រុងខេត្តសៀមរាប ដែលការដាំនោះមានការចូលរួមពីបុគ្គលិកចំនួន ៣១០នាក់ មកពី ២៤ក្រុមហ៊ុន ដែលបម្រើការងារឱ្យវិស័យទេសចរណ៍នៅក្នុងខេត្ត។ ការដាំកូនឈើនេះគឺជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់អាជ្ញាធរជាតិអប្សរា ក្នុងការចូលរួមថែរក្សានិងលើកកម្ពស់នូវសោភណភាពបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ ប្រកបទៅដោយពណ៌បៃតង និងការទ្រទ្រង់ការពារ ថែរក្សាប្រាង្គប្រាសាទ កុំឱ្យមានការរេចសឹកពីឥទ្ធិពលនៃធម្មជាតិ ហើយការដាំនេះដែរបានប្រព្រឹត្តកាលពីថ្ងៃសៅរ៍ ៦រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព. ២៥៦២ ត្រូវនឹងថ្ងៃទី ខែកញ្ញា ឆ្នាំ២០១៨

       លោក យិត សូវ៉ាត ប្រធានគ្រប់គ្រងឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា កូនឈើដែលយកមកដាំសរុបទាំងអស់មានចំនួន .៣០០ដើម ក្នុងនោះមានឈើទាល .០០០ដើម គគី៧០០ដើម និងកកោះ ៥០០ដើម។ តាមការប្រមាណមើលកូនឈើទាំងអស់នឹងរស់គ្រប់ដើម ព្រោះមជ្ឈដ្ឋានជុំវិញមិនមានការបំផ្លាញ ហើយរយៈពេលប្រហែលពី ៧ទៅ១០ឆ្នាំ ព្រៃពូជនេះនឹងលូតលាស់ល្អបំផុត ក្រោមការថែទាំពីបុគ្គលិកព្រៃឈើក្នុងឧទ្យានអង្គរក្រោយពេលដាំរួច។ ដូច្នេះហើយ ក្រុមការងារព្រៃឈើក្រៅពីមានតួនាទីទ្រទ្រង់ប្រាសាទ គឺយកចិត្តទុកដាក់ខ្លាំងលើការការពារបរិស្ថាននៅជុំវិញប្រាសាទ។

       លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ក៏បានឱ្យដឹងពីគោលបំណងនៃការរៀបចំកម្មវិធីដាំកូនឈើនេះថា អាជ្ញាធរជាតិអប្សរាតែងតែប្រារព្ធពិធីដាំដើមឈើជារៀងរាល់ឆ្នាំ  តែនេះជាករណីពិសេសដែលអាជ្ញាធរជាតិអប្សរា សហការជាមួយភ្នាក់ងារឯកជនជាច្រើន ក្នុងការបំផុសដល់យុវជនយើងឱ្យចូលរួមចំណែកថែរក្សា

បរិស្ថាន អភិរក្សពូជឈើដែលជិតផុតពូជ ដើម្បីតបស្នងទៅអង្គរវិញ ព្រោះពួកគាត់អាស្រ័យផលនឹងអង្គរ។ លើសពីនេះទៅទៀត កម្មវិធីនេះជាការរួមចំណែកមួយនៃការបម្រើដល់ការអប់រំបេតិកភណ្ឌ តាមរយៈការបណ្តុះបណ្តាលដល់សិស្សកម្ពុជាគ្រប់រូបឱ្យពួកគេចេះស្រឡាញ់ ថែរក្សា ស្រាវជ្រាវមរតកបេតិកភណ្ឌក្នុងតំបន់ឱ្យបានប្រសើរដើមី្បជាអ្នកបន្តវេនពីមនុស្ស     ចាស់។  

       លោក អ៊ឹម សុខរិទ្ធី ក៏បានលើកឡើងផងដែរអំពីអត្ថប្រយោជន៍ នៃព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ ដែលជាជម្រកដ៏សុខសាន្តមួយសម្រាប់ប្រាង្គប្រាសាទរបស់យើង ក្នុងការការពារគ្រោះធម្មជាតិ និងទ្រទ្រង់គ្រឹះនៃប្រាសាទឱ្យបានរឹងមាំយូអង្វែង និងភាពរេចសឹកប្រាង្គប្រាសាទជាដើម៕

ដោយ ហង្ស សៀក