ពង្រឹងការយល់ដឹងដល់និស្សិត ព្រះសង្ឃ ស្តីពីកម្ពុជា-ចិន នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ផ្លួវសូត្រ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ –រសៀលថ្ងៃសៅរ៍ ៦រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ និស្សិត ព្រះសង្ឃប្រមាណជាង៤០០អង្គ/នាក់ បាននិមន្ត និងចូលរួមស្តាប់បទបង្ហាញ ស្តីពី កម្ពុជា-ចិន នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ផ្លូវសូត្រ ក្រោមការរៀបចំពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការជាមួយមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅអាគារខេមរាឌី ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា(ស...ក) រាជធានីភ្នំពេញ ដែលមានទីតាំងថ្មីស្ថិតនៅខណ្ឌជ្រោយចង្វារ

លោកបណ្ឌិត នាក់ ចិន្តារិទ្ធិ ប្រធានមជ្ឈមណ្ឌលកម្ពុជា សម្រាប់ការស្រាវជ្រាវ ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ថា បទបង្ហាញនេះរៀបចំធ្វើឡើងដើម្បីបញ្ជ្រាបការយល់ដឹងពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន។ ជាពិសេសពីគោលនយោបាយផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ដើម្បីនិស្សិត បញ្ញវន្ត ទទួលបានចំណេះដឹងជាមូលដ្ឋាននៅក្នុងការសិក្សារៀនសូត្រឱ្យកាន់តែស៊ីជម្រៅថែមទៀត ទាក់ទងគំនិតផ្តួចផ្តើមខ្សែក្រវាត់ផ្លួវសូត្រ លោកបណ្ឌិត បានបញ្ជាក់ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ផ្លួវសូត្រ ជាគំនិតផ្តួចផ្តើមស្របតាមតម្រូវការជាក់ស្តែងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជា ហើយគំនិតនេះវាបានផ្តល់ការជំរុញសហប្រតិបត្តិការក្នុងតំបន់ ដើម្បីភ្ជាប់ការអភិវឌ្ឍនៅគ្រប់វិស័យ និងជាប្រភពមូលធនថ្មីបំពេញបន្ថែមលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ថាមពលរួមដល់ការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា ដើម្បីសម្រេចគោលដៅក្លាយខ្លួនជាប្រទេសដែលមានប្រាក់ចំណូលមធ្យមក្នុងឆ្នាំ២០៣០ ព្រមទាំងជាគោលអភិវឌ្ឍន៍គំរូថ្មី ដើម្បីឈានទៅទទួលបានអនាគត រួម និងសហគមន៍មួយសម្រាប់មនុស្សជាតិ។

តាមឯកសារយោងរបស់មជ្ឈមណ្ឌលកម្ពុជា សម្រាប់ការស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញថា ផ្លូវសូត្របានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍអរិយធម៌ប្រទេសសចិន ជប៉ុន កូរ៉េ និងឧបទ្វីបឥណ្ឌា អ៊ីរ៉ង់ ឬតំបន់ភើសៀន អារ៉ាប់ អឺរ៉ុប និងឧបទ្វីបអាហ្វ្រិក។ ផ្លូវសូត្រមានការរីកចម្រើនខ្លាំងនៅក្នុងរាជវង្សថាង ហើយបន្តរហូតដល់រាជវង្សសុង។ ផ្លូវសូត្រសមុទ្រជាផ្លូវទឹកតភ្ជាប់ប្រទេសចិន ទៅនឹងអាស៊ីអាគ្នេយ៍ ប្រជុំកោះឥណ្ឌូណេស៊ី ឧបទ្វីបឥណ្ឌា ជ្រោយទ្វីបអារ៉ាប់ សូម៉ាលី ទៅដល់អេហ្សីប ហើយបញ្ចប់ភ្ជាប់ផ្លូវសូត្រដីគោកនៅអឺរ៉ុប។ ផ្លូវសូត្រសមុទ្រជាបណ្តាញផ្លូវពាណិជ្ជកម្មភ្ជាប់លោកខាងកើត និងលោកខាងលិចតាំងពីរាជវង្សហាន។ ផ្លូវសូត្រជាផ្លូវទំនិញដ៏សំខាន់ក្នុងការដោះដូរពាណិជ្ជកម្មជាមួយប្រទេសចិន តែក្រោយមកមានការដោះដូរគ្នា ដូចជាទស្សនៈវិជ្ជាសាសនា និងបច្ចេកវិទ្យាតាមផ្លូវនេះ។ ផ្លូវសូត្រសមុទ្ររីកលូតលាស់ចាប់តាំងពី សតវត្សរ៍មុនគ្រឹស្តសករាជមកដល់ទី១៥ ហើយរីកចម្រើនខ្លាំងនៅរាជវង្សសុង លុះមកដល់រាជវង្សម៉េង    បច្ចេវិទ្យាគមនាគមន៍ជើងទឹករបស់ប្រទេសចិនរីចម្រើនលើសគេនៅក្នុងពិភពលោក។ នៅឆ្នាំ២០១៣ ប្រធានាធិបតីចិន ឯឧត្តមស៊ីន ជីងពីង បានផ្តួចផ្តើមកសាងឡើងវិញនៃផ្លូវសូត្រ រួមទាំងក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ហៅរួមថា គំនិតផ្តួចផ្តើមផ្លូវក្រវាត់និងផ្លូវសូត្រ។ ក្នុងនោះស្មារតីផ្លូវសូត្រផ្តោតសំខាន់លើ៣ចំណុច-សន្តិភាព និងកិច្ចសហប្រតិបត្តិការ, ភាពបើកចំហ និងបរិញ្ញាបណ្ណ, -ការរៀនសូត្រពីគ្នា និងផលប្រយោ ជន៍ឱ្យគ្នាទៅវិញទៅមក។ ចំណែក«គំនិតផ្តួចផ្តើមក្រវាត់និងផ្លូវសូត្រ»នេះអាចជួយ៖ បង្កើតឡើងវិញនូវ​ «ស្មារតីផ្លូវសូត្រ» ដើម្បីជំរុញការតភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងអស់តាមផ្លូវសូត្រ, លើកស្ទួយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់, ពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងអរិយធម៌ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍក្នុងសហគមន៍អន្តរជាតិ។ បច្ចុប្បន្នគំនិតផ្តួចផ្តើមផ្លូវក្រវាត់ និងផ្លូវសូត្រ បានតភ្ជាប់ ៦៥ប្រទេស លើប្រជាជន ៤.៤០០លាននាក់ គឺមានប្រហែលជា ៤០ភាគរយ នៃ GDP សកលលោក។

ដោយឡែកកម្ពុជា និងចិនបានចុះហត្ថលេខាលើចំណុចគោលនៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រនិងកិច្ចសហ ប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០៧៕

ដោយ ប៉ាល់ សុង