ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៩៦០គ្រួសារ នៅស្រុកបុរីជលសារ ក្នុងខេត្ដតាកែវ ទទួលអំណោយឧបត្ថម្ភពីក្រុមការងារនារីនៅធនាគារជាតនៃកម្ពជា

AKP តាកែវ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ — ប្រជាពលរដ្ឋរងគ្រោះពីទឹកជំនន់ចំនួន៩៦០គ្រួសាររស់នៅក្នុងភូមិចំនួន៥ របស់ឃុំកំពង់ ក្រសាំង នៃស្រុកបុរីជលសារ ខេត្តតាកែវ បានទទួលអំណោយឧបត្ថម្ភមនុស្សធម៌របស់ ព្រះសង្ឃ និងក្រុមការងារនារីធនាគារជាតនៃកម្ពជាដឹកនាំដោយលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ។ ពិធីចែកអំណោយនេះ បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។

សម្ដេចព្រះពុទ្ធិជ័យ ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះ រាជាណាចក្រកម្ពុជា បានមានសង្ឃដិកាថា គ្រោះទឹកជំនន់នេះ មិនអាចប៉ាន់ប្រមាណនូវ កម្លាំងគ្រោះធម្មជាតិទុកជាមុនបានទេ ប៉ុន្តែអ្វីដែលសំខាន់ និងការជួយសង្គ្រោះបន្ទាន់ចំពោះ មុខនោះគឺយើងត្រូវរួមគ្នាជួយគ្នាឱ្យបានឆ្លងផុតក្នុងគ្រាលំបាកមួយគ្រានេះបានសិនតាមលទ្ធភាពដែលមាន។

លោកជំទាវ ខៀវ ស៊ីណា បានណែនាំដល់បងប្អូនដែលរងគ្រោះទាំងអស់​ត្រូវមាន​ការ ប្រុងប្រយ័ត្នចំពោះសុវត្ថិភាពក្មេងៗ និងបញ្ហាសុខភាពព្រោះរដូវនេះងាយទទួលរងនូវការ ឆ្លងជំងឺដង្កាត់ផ្សេងៗណាស់។ លោកជំទាវបានបន្ដថា កន្លងមកនេះទាំងរាជរដ្ឋាភិបាល ក៏ដូច កាកបាទក្រហមកម្ពុជា រួមទាំងព្រះសង្ឃផងដែរ បានយកចិត្តទុកដាក់ចុះជួយឧបត្ថម្ភជាបន្ត បន្ទាប់ទៅតាមតំបន់ដែលរងគ្រោះនៅទូទាំងប្រទេសតាមលទ្ធភាពរៀងៗខ្លួនបានរួចហើយ។

យោងតាមរបាយការណ៍របស់អាជ្ញាធរស្រុកបុរីជលសារ បានឱ្យដឹងថា បច្ចុប្បន្ន កម្ពស់ ទឹកនៅស្ថានីយជលសាស្ត្រ កំពង់អំពិល មានកម្ពស់៤.៤៤ម៉ែត្រ ធៀបនឹងឆ្នាំ២០១៧ គឺខ្ពស់ ជាង១.១៦ម៉ែត្រ​ ដែលកម្ពស់ទឹកនេះ បានធ្វើឱ្យស្រូវស្រែប្រជាពលរដ្ឋដែលបានធ្វើចំនួន ២លើកមកហើយនោះ គឺខូចខាតទាំងស្រុងចំនួនជាង១១៨ហិកតា និងប្រជាពលរដ្ឋ១៣
គ្រួសារផ្សេងទៀត ត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាព។

សូមបញ្ជាក់ថា អំណោយដែលបាននាំទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះពីទឹកជំនន់ ទាំង៩៦០គ្រួសារក្នុងភូមិទាំង៥ ក្នុងឃុំកំពង់ក្រសាំង ក្នុងស្រុកបុរីជលសារ ខេត្ដតាកែវ ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ ស្កសរ ទឹកដោះគោ មី ទឹកត្រី ទឹកស៊ីអីវ អំបិល សារុង និងថវិកា២ម៉ឺនរៀល ដើម្បីជួយសម្រួលការខ្វះខាតចាំបាច់ចំពោះមុខ ស្របពេលដែលទឹកនៅ តែបន្តឡើងមិនទាន់អាចប្រកកិច្ចការបានភ្លាមៗនោះ៕

ដោយ អ៊ុន រិទ្ធី