គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បើកកិច្ចប្រជុំពិភាក្សា ស្តីពីការប្រឡងប្រណាំង ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២

AKP ព្រះសីហនុ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ — គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានប្រជុំពិភាក្សា ស្តីពីការប្រឡងប្រណាំងទីក្រុង ទេសចរណ៍ស្អាតអាស៊ានលើកទី២ និងការបណ្តុះបណ្តាលអំពីស្តង់ដារសួនទេសចរណ៍ដល់ មន្ត្រីពាក់ព័ន្ធនៅខេត្តព្រះសីហនុ​ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់ គ្រងឧស្សាហកម្មទេសចរណ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ និងលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ។ កិច្ចប្រជុំនេះ ធ្វើឡើងកាល ពីរសៀលថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច ពស​២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៨ នៅសាលាខេត្តព្រះសីហនុ។

ឯកឧត្តម ណេប សាមុត បានមានប្រសាសន៍ថា ខេត្តព្រះសីហនុជាខេត្តគោលដៅ ទេសចរណ៍ដែលមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប មានឆ្នេរសមុទ្រ កោះ និងជីវចម្រុះ បាតសមុទ្រជាច្រើន ហើយចង់ឃើញខេត្តព្រះសីហនុទទួលបានជ័យលាភីទីក្រុងស្អាត អាស៊ានក្នុងការប្រឡងប្រណាំងលើកទី២ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យចូលមក លេងខេត្តព្រះសីហនុ កាន់តែច្រើនថែមទៀតនៅពេល ខាងមុខ ។

ឯកឧត្តមបាន បន្តថា ដើម្បីប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ ទទួលជោគជ័យ គ្រប់ ភាគីពាក់ព័ន្ធរួមគ្នាជាមួយរដ្ឋបាលភូម ឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត ធ្វើចលនាបំផុស ប្រជាពលរដ្ឋឱ្យចេះស្រឡាញ់បរិស្ថាន កាលណាបរិស្ថានល្អ រួមផ្សំនឹងរៀបចំកែលម្អរសួនច្បារ នៅតាមទីធ្លាសាធារណៈកាន់តែមានសោភណភាព និងមានបរិស្ថានល្អនោះ យើងនឹងទទួល បានជ័យលាភីទីក្រុងស្អាតអាស៊ានជាក់ជាមិនខាននៅពេលខាងមុខ។

ទន្ទឹមនេះ​ អាជ្ញាធរខេត្ដ ត្រូវធ្វើការជំរុញការគ្រប់គ្រងឆ្នេរសមុទ្រឱ្យបានស្អាត ដោះស្រាយបញ្ហាសំរាមឱ្យបានល្អ ធានា ការគ្រប់គ្រងសំណល់រឹង រាវឱ្យមានសុវត្ថិភាព រៀបចំបង្គន់អនាម័យ និងរក្សាតំបន់បៃតង ក្នុងនោះគួរបង្កើតឱ្យមានសួនទេសចរណ៍ ដើម្បីឱ្យភ្ញៀវទេសចរគេចាប់អារម្មណ៍ចង់នាំគ្នាមក កម្សាន្តខេត្តព្រះសីហនុ។ ឯកឧត្តមបានបង្ហាញក្ដីសង្ឃឹមថា អាជ្ញាធរខេត្តព្រះសីហនុ នឹង ទទួលបានការវាយតម្លៃពីគណ:កម្មការជាតិវាយតម្លៃជាទីក្រុងស្អាតអាស៊ានលើកទី២ នៅឆ្នាំ ២០១៩ខាង។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានឱ្យដឹងថា ជុំវិញការងារ ប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ គឺមានរយ:ពេលមួយឆ្នាំពេញ ដើម្បី ឱ្យខេត្តព្រះសីហនុ រៀបចំខ្លួនត្រៀមប្រកួតប្រជែង ហើយការវាយតម្លៃនឹងធ្វើឡើងនៅខែសីហា ឆ្នាំ២០១៩ខាងមុខ៕

ដោយ ងូ សុមុនី