នាំអំណោយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋប្រឈមនឹងការបាក់ច្រាំង ១៣ខ្នង នៅស្រុកកងមាសដែល ត្រូវបង្ខំចិត្តរុះរើផ្ទះ ទៅកាន់ទីទួលសុវត្ថិភាព

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ខេត្តកំពង់ចាម៖ ដោយការយកចិត្តទុកដាក់គិតគូរ សុខទុក្ខប្រជាពលរដ្ឋជា ប្រចាំនោះដើម្បី ស្វែងយល់អំពីស្ថានភាពទឹកជំនន់ ក៏ដូចជាសុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារគ្រោះធម្មជាតិ ទឹកជំនន់ទន្លេមេគង្គ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្តបានអញ្ជើញសាកសួរសុខទុក្ខ និងនាំអំណោយសង្គ្រោះបន្ទាន់ ចែកជូនប្រជាពលរដ្ឋ ដែលប្រឈមនឹងការបាក់ច្រាំង ហើយត្រួវបង្ខំចិត្តរុះរើផ្ទះ ទៅកាន់ទីទួលសុវត្ថិភាព ចំនួន ១៣គ្រួសារ ស្ថិតនៅភូមិបឹងសាងកើត ឃុំសូរគង់ ស្រុកកងមាស ខេត្តកំពង់ចាម ។

បើតាមការឲ្យដឹងពី លោក មឿន ផា អភិបាល នៃគណៈអភិបាលស្រុកកងមាស បានបញ្ជាក់ថា មកដល់ពេលនេះ ទឹកជំនន់ទន្លេមេគង្គ ឆ្នាំ២០១៨ បានធ្វើឲ្យប៉ះពាល់ លិចភូមិ ចំនួន ៥៨ភូមិ លើ ៩៣ភូមិ លិចស្រូវសំណាប ចំនួន ៣៦ហ.ត ពោត ចំនួន ២០ហ.ត ដំណាំផ្សេងៗ ចំនួន ៨១៩ហ.ត រុះរើផ្ទះចំនួន ១៧ខ្នងផ្ទះ បាក់ច្រាំងទន្លេ ១.៨១៧ម និងទទឹង ៧០ម មនុស្ស ០៤នាក់ បានលង់ទឹកស្លាប់ ។

ដោយឡែក ពេលនេះ ប្រជាពលរដ្ឋ ១៣គ្រួសារ ក្នុងចំណោម ប្រជាពលរដ្ឋផ្សេងៗ នៅភូមិបឹងសាងកើត ឃុំសូរគង់ ដែលប្រឈមនឹងការបាក់ច្រាំងទន្លេ កំពុងរុះរើផ្ទះ ទៅកាន់ទីទួលសុវត្ថិភាព ដែលបានជួយអន្តរាគមន៍ ពីកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មន្ត្រីរដ្ឋបាលស្រុក ក្រុមយុវជន សសយក និងកម្លាំងយុវជនស្រឡាញ់សន្និភាព និងការអភិវឌ្ឍន៍ ផងដែរ ។

ជាមួយនឹងការលើកឡើង នូវប្រសាសន៍ផ្តាំផ្ញើ និងការសាកសួរសុខទុក្ខ ពីសំណាក់សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ប្រជាពលរដ្ឋរងគ្រោះទាំង ១៣គ្រួសារ ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា៖ ដោយសារល្បឿនទឹកជំនន់បានហូរខ្លាំង បណ្តាលអោយបាក់ច្រាំងទន្លេ តាមបណ្តាឃុំមួយចំនួន នៅតាមបណ្តោយទន្លេមេគង្គ ហេតុនេះក្នុងនាមអាជ្ញាធរ បង្ខំចិត្តស្នើសុំបងប្អូនប្រជាពលរដ្ឋ ១៣គ្រួសារ នៅឃុំសូគង ស្រុកកងមាស ឲ្យរុះអើផ្ទះទៅកាន់ទីសុវត្ថិភាព ដើម្បី បញ្ជៀសពីហេតុការណ៍ចៃដន្យ ជាយថាហេតុនេះ ។

ឯកឧត្តម បានបញ្ជាក់ទៀតថា៖ បញ្ហាគ្រោះធម្មជាតិ បានកើតមានឡើង ពាសពេញលើពិភពលោក ។ បច្ចុប្បន្ន ខេត្តមួយចំនួន នៅជាប់ដងទន្លេមេគង្គ នៃប្រទេសកម្ពុជា បាននឹងកំពុងរងការគម្រាមកំហែង ពីគ្រោះទឹកជំនន់ ។

ជាក់ស្ដែង មកដល់ពេលនេះ ទឹកជំនន់ទន្លេមេគង្គ ខេត្តកំពង់ចាម បានបង្កផលប៉ះពាល់ស្រុក ចំនួន ៩ លិច ៥៤ឃុំ ស្មើនឹង ២៨០ភូមិ ប៉ះពាល់ប្រជាពលរដ្ឋ ចំនួន ៣៦.៨៣១គ្រួសារ ស្លាប់មនុស្ស ១៨នាក់ រុះរើផ្ទះ ចំនួន ៥៦ខ្នង លិចផ្ទះ ចំនួន ២៨.០៦៦ខ្នង មនុស្ស ចំនួន ៤.៨៣២នាក់ និងសត្វ ៥.១៩៧ក្បាល ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ។

ឯកឧត្តម អភិបាលបាន លើកឡើងថា គ្រោះធម្មជាតិនេះ យើងទាំងអស់គ្នា មិនអាចទប់ស្កាត់បានឡើយ ។ ដូច្នេះ រាល់ព័ត៌មាន ទាក់ទងទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ ជាពិសេស ពលរដ្ឋរងគ្រោះការបាក់ច្រាំង និងបានរុះរើផ្ទះ ក៏ដូចជា ការចុះពិនិត្យស្ថានភាពជាក់ស្ដែង តាមបណ្ដាស្រុកផ្សេងៗ ដែលរងផលប៉ះពាល់ដូចគ្នា យើងនឹងដាក់បញ្ចូលបញ្ហានេះ ទៅក្នុងផែនការ របស់ស្រុក ខេត្ត ឲ្យទៅជានីតិវិធីជាកញ្ចប់ ដើម្បី អាជ្ញាធរបានធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ទាន់ពេលវេលា ជាពិសេស ការជួយរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ៖ ផ្លូវ ភ្លើង…។ល។ ខណៈដែលប្រជាពលរដ្ឋ បានផ្លាស់ទីលំនៅទៅកាន់ទីសុវត្ថិភាពនោះ ។ ដូច្នេះ ចាប់ពីពេលនេះតទៅ ឃុំ និងស្រុកនីមួយៗ ដែលរងការលិចទឹក ត្រូវចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលបានរុះរើផ្ទះ ដោយចាប់គិតត្រឹមពីឆ្នាំ២០១៧ មក ហើយយើងនឹងគិតគូថា នៅឆ្នាំខាងមុខបន្តបន្ទាប់ តើមានប្រជាពលរដ្ឋ ប៉ុន្មានគ្រួសារទៀត ដែលរងផលប៉ះពាល់ ដោយការបាក់ច្រាំង នឹងត្រូវរុះរើផ្ទះនោះ ។

ឯកឧត្តម គួច ចំរើន ក៏បានថ្លែងអរគុណ ចំពោះ អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងអាវុធទាំងប្រភេទ និងយុវជន ដែលបានចុះអន្តរាគមន៍រុះរើផ្ទះប្រជាពលរដ្ឋ បានទាន់ពេលវេលា ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈ រួមមាន ៖ អង្ករ ៥០គីឡូក្រាម មី ២កេស ត្រីខ ១យួរ មុង ១ សារ៉ុង១ និងថវិកា ១០ម៉ឺនរៀល ចែកជូនប្រជាពលរដ្ឋដែលរុះរើផ្ទះទាំង ១៣គ្រួសារ ខាងលើ ផងដែរ ៕