កិច្ច​ប្រជុំបូក​សរុប​បិទការធ្វើសវនកម្ម​ផ្ទៃក្នុង​សម្រាប់​ការិយ​បរិច្ឆេទ​២០១៧ នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​

AKP ​ព្រះសីហនុ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ — កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ៣០ ខែសីហា​ ឆ្នាំ​២០១៨ នៅស្នងការ​ដ្ឋាន​នគរបាលខេត្តព្រះសីហនុ បាន​បើក​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​ធ្វើសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ​២០១៧ ដែល​បាន​ធ្វើ​សវនាការ​រយៈ ពេលជាងមួយសប្តាហ៍កន្លងមក ក្រោមអធិបតីភាពឯកឧត្តម ឧត្តម​សេនីយ៍​ទោ​ សៀន សុវណ្ណា​ អគ្គ​នាយក​រង​ នៃ​អគ្គ​នា យកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ​ ស្នងការ​នគរបាលខេត្តព្រះសីហនុ ដោយ​មាន​ការ​ចូល​រួម​ពី​អស់​លោក លោកស្រី ស្នងការរង នាយ​ នាយរងការិ​យា​ល័យ​ជំនាញ​ អធិការ​នគរបាល​ក្រុង​ ស្រុក​ និងនានិងនាយនគរបាលប៉ុស្តិ៍ រដ្ឋបាលទាំង២៩ ក្នុងខេត្តព្រះសីហនុ។

ឯកឧត្ដម​ ឧត្តមសេនីយ៍ទោ សៀន សុវណ្ណា​ អគ្គ​នាយករង នៃ​អគ្គ​នាយក​ដ្ឋាន​សវនកម្ម​ផ្ទៃក្នុងក្រសួងមហាផ្ទៃបានបញ្ជាក់ថា ស្ថាប័ន​រដ្ឋ​នៅ​តាម​អង្គ​ភាព​នីមួយ​ៗ​ត្រូវមាន​ធនធាន មនុស្ស​ ថវិកា​ ទ្រព្យ​សម្បត្តិជាអចលនទ្រព្យ និង​ចលនទ្រព្យ ដើម្បីបម្រើការងារក្នុងអង្គភាពចំទិសដៅ។ ក្រុម​ការងារ​សវនកម្ម​ផ្ទៃក្នុង​ចុះ​មក​ធ្វើ​សវនកម្ម​ ដើម្បី​ជួយ​ពិនិត្យ​មើល​ឯកសារ​ បញ្ជី​គណនេយ្យ​ ការចំណូល​ចំណាយ​ថវិកា​ជាតិ​ ការ​គ្រប់គ្រង​ និង​ការ​បែង ចែកសម្ភារប្រើប្រាស់ផ្សេងៗឱ្យ​បាន​ត្រឹមត្រូវតាមលក្ខណបច្ចេកទេស​ ជួយ​កែ​តម្រូវ​ កែលម្អការងារប្រកប ដោយតម្លាភាព ចៀសវាង​មានហានិភ័យ​កើត​ឡើង។ ការគ្រប់ គ្រងធនធានមនុស្ស ការគ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ និង​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្ដិ​រដ្ឋ​ប្រកបដោយគុណ​ភាព​ និង​ប្រសិទ្ធភាព។

ឯកឧត្ដម​ ឧត្តមសេនីយ៍ទោ ជួន​ ណា​រិន្ទ​ ស្នងការនគរ បាលខេត្តព្រះសីហនុ បាន​ថ្លែង​អំណរគុណចំពោះប្រតិភូក្រុម​ការងារ​សវនកម្ម​ផ្ទៃក្នុង​ក្រ​សួង​មហា​ផ្ទៃ​ ដែល​បានចុះមកធ្វើ សវនកម្មរយៈពេល ១០ថ្ងៃកន្លងមកនេះ បានជួយបង្ហាត់បង្រៀនដល់មន្ត្រីនគរបាលខេត្ត ព្រះសីហនុឱ្យចេះគ្រប់គ្រង ចេះ​បែងចែក​ការចំណាយថវិកាឱ្យបានត្រឹមត្រូវ​ដោយមានបញ្ជី ស្នាមច្បាស់លាស់ក្នុងការគ្រប់គ្រងថវិកា ប្រើប្រាស់ថវិកាឱ្យចំទិសដៅធានាបានគុណភាព តម្លាភាព គណនេយ្យភាព ក្នុងការគ្រប់គ្រងថវិកាជាតិ៕

ដោយ ងូ សុមុនី