`រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដាក់បទបញ្ជាឱ្យស្នងការដ្ឋាន និងអភិបាលរាជធានី ខេត្តបង្រ្កាប ទីតាំងលួចចែកចាយគ្រឿងញៀន នៅតាមទីកន្លែងកម្សាន្តសប្បាយ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា​ ឆ្នាំ២០១៨ — រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យស្នងការដ្ឋាន និងអភិបាលរាជធានី ខេត្តទូទាំង ប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ បង្កើនការបង្រ្កាប ទីតាំងកម្សាន្តសប្បាយដូចជាក្លិបកម្សាន្តជាដើម ដែលមានលួចបង្កប់ចែកចាយគ្រឿងញៀន ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ។

ថែ្លងក្នុងវេទិកាអន្ដរសាសនាថ្នាក់ជាតិនៅកម្ពុជា លើកទី២ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ត្រូវធ្វើការស្រាវជ្រាវ និងប្រមូលភស្តុតាងឱ្យបានច្បាស់ដើម្បីឈានទៅដល់ការបង្រ្កាបទីតាំងកម្សាន្តសប្បាយបង្កប់ចែកចាយថ្នាំញៀនឱ្យមានប្រសិទ្ធភាព។

សម្ដេចក្រឡាហោមបានបញ្ជាក់ថា គ្រប់រាជធានី ខេត្ដ ត្រូវធ្វើការផ្សព្វផ្សាយជាចំហរឱ្យបានទូលំទូលាយដល់ម្ចាស់ទីតាំងកម្សាន្តសប្បាយទាំង អស់បញ្ឈប់ និងមិនត្រូវធ្វើការចែកចាយគ្រឿងញៀននៅទីតាំងដែលពួកគេធ្វើអាជីវកម្ម ប្រសិនបើមិនចង់ប្រឈមចំពោះមុខច្បាប់។ ត្រង់ចំណុចនេះសម្តេចក៏បានសង្កត់ធ្ងន់ថា ច្បាប់ អនុញ្ញតឱ្យបើកអាជីវកម្មកម្សាន្តសប្បាយ ប៉ុន្តែច្បាប់មិនបានអនុញ្ញាតឱ្យ មានគ្រឿងញៀននៅ ទីតាំងដែលបើកនោះដែរ។ សម្តេចក្រឡាហោមបានបន្តថា បច្ចុប្បន្ននេះ សមត្ថកិច្ចបានខិតខំ ប្រឹងប្រែងក្នុងការបង្រ្កាបការហូរចូលគ្រឿងញៀនពីក្រៅប្រទេសចូលមកក្នុងប្រទេស។ តែផ្ទុយ ទៅ​វិញសមត្ថកិច្ចហាក់មាន ការចន្លោះប្រហោងចំពោះការចែកចាយគ្រឿងញៀននៅក្នុង ប្រទេស ដែលបច្ចុប្បន្នបញ្ហាគ្រឿងញៀននេះបានកំពុងរីករាលដាលនៅតាមតំបន់ជនបទ មួយ ចំនួន ដែលនេះ គឺជាហានិភ័យរបស់កម្ពុជាថ្មីក្នុងប្រវត្តិសាស្ដ្រមិនដែលមាន។

ពាក់ព័ន្ធការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងក្លិបកម្សាន្ដនេះដែរ កាលពី ពេល​ថ្មីៗនេះ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិបង្ក្រាបបានជាបន្ដបន្ទាប់ និង ឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ផងដែរ ដែលបានប្រើប្រាស់គ្រឿងញៀននៅតាមកន្លែង កម្សាន្ដផ្សេងៗក្នុងខេត្ដ។

សូមបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៨នេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនបានសហការជាមួយសមត្ថកិច្ចគ្រប់ផ្នែកទាំងអស់ ចុះបង្រ្កាបករណីគ្រឿងញៀន បានប្រមាណ៣.៨៣៨ករណី ធ្វើការឃាត់ខ្លួនទាំងអ្នកជួញដូរ និងអ្នកប្រើប្រាស់បានប្រមាណ ជាង១ម៉ឺននាក់ រួមជាមួយសារធាតុញៀនជាង១០០គីឡូក្រាមផងដែរ៕

ដោយ ចាន់ សុធីវង្ស

(រូបថត៖ ក្រសួងមហាផ្ទៃ)