លោក អាប់បាស់ នឹងបញ្ជាក់ពីការបដិសេធរបស់ប៉ាឡេស្ទីន ចំពោះផែនការសន្តិភាពមជ្ឈិមបូព៌ារបស់អាមេរិក

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ — មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនមួយរូបបាននិយាយពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ​អាប់បាស់ ( Mahmoudd Abbas ) នឹងបញ្ជាក់អះអាងនូវការបដិសេធរបស់ប៉ាឡេស្ទីន ចំពោះផែនការសន្តិភាពមជ្ឈិមបូព៌ារបស់អាមេរិកនាពេលខាងមុខ ដែលគេស្គាល់ថា « កិច្ចព្រមព្រៀងសតវត្ស » នៅឯកិច្ចប្រជុំមហាសន្និបាត អ.ស.ប ប្រចាំឆ្នាំក្នុងខែកញ្ញា ។


លោក រ៉េយ៉ាដ អាល់ – ម៉ាល់គី ( Reyad al –Malki ) រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន បានប្រាប់ ស្ថានីយ៍វិទ្យុ ប៉ាឡេស្ទីនផ្លូវការសំឡេងប៉ាឡេស្ទីនថា ប្រធានាធិបតីលោក អាប់បាស់ នឹងទាមទារឱ្យមានសន្និសីទអន្តរជាតិមួយ សម្រាប់កិច្ចចរចាសន្តិភាពជាមួយអ៊ីស្រាអែលស្របទៅតាមតារាងពេលវេលាដែលជាក់លាក់មួយ ។

លោក អាល់ – ម៉ាល់គី បានពន្យល់ថា កិច្ចចរចាសន្តិភាពជាមួយអ៊ីស្រាអែលមានបំណងបញ្ជាក់ការកាន់កាប់របស់អ៊ីស្រាអែល ព្រមទាំងបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយលើព្រំដែនឆ្នាំ ១៩៦៧ ដោយមានហ្សេរុយសាឡឹមខាងកើតធ្វើជារដ្ឋធានីរបស់ខ្លួន ។

លោកក៏បានបង្ហើបឱ្យដឹងផងដែរថា គណៈប្រតិភូដែលដឹកនាំដោយលោក អាប់បាស់ នឹងខិតខំធ្វើឱ្យបានទទួលការគាំទ្រជាអន្តរជាតិថែមទៀត ដើម្បីប្រឈមមុខនឹងផែនការសន្តិភាព ស.រ.អា នៅខាងក្រៅកិច្ចប្រជុំមហាសន្និបាត អ.ស.ប ។

អ្នកការទូតជាន់ខ្ពស់ប៉ាឡេស្ទីននេះបាននិយាយថា ភាគីប៉ាឡេស្ទីននឹងប្រឈមមុខតាមផ្លូវច្បាប់ចំពោះផែនការនេះជាមួយភ័ស្តុតាងត្រឹមត្រូវតាមច្បាប់ទាំងអស់ ដែលប៉ាឡេស្ទីនមាននៅក្នុងដៃរបស់ខ្លួន៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )