រុស្ស៊ីបាញ់សាកល្បងមីស៊ីលស្ទាក់ចាប់ថ្មីប្រកបដោយជោគជ័យ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ — ក្រសួងកាពារប្រទេសរុស្ស៊ីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា យោធារុស្ស៊ីបានបាញ់សាកល្បងប្រកបដោយជោគជ័យ មីស៊ីលស្ទាក់ចាប់ថ្មីមួយនៅឯកន្លែងសាកល្បង Sary-Shagan នៅកាហ្សាក់ស្ថាន ។


តាមសេចក្តីរាយការណ៍ក្រសួងការពារប្រទេសរុស្ស៊ី កាលពីមុនឱ្យដឹងថា មីស៊ីលថ្មីនេះត្រូវបានគេ ធ្វើការសាកល្បងប្រកបដោយជោគជ័យនៅឯកន្លែងសាកល្បង Sary-Shagan កាលពីក្នុងខែកុម្ភៈ,មេសា និង កក្កដា ឆ្នាំនេះ ។ សេចក្តីរាយការណ៍មិនបានផ្តល់ឱ្យនូវព័ត៌មានលំអិតថែមទៀតទេ ប៉ុន្តែកាសែតផ្លូវការ Krasuaya Zvezda ( ផ្កាយក្រហម ) របស់ក្រសួង ដែលបានធ្វើអត្ថាធិប្បាយ ស្តីពីការធ្វើតេស្តកាលពីខែកក្កដា បាន និយាយថា មីស៊ីលថ្មីនេះដែលអាចមានល្បឿនដល់ទៅ៤គីឡូម៉ែត្រក្នុងមួយវិនាទីនោះ គ្មានមីស៊ីលណា មួយប្រៀបបានឡើយនៅក្នុងពិភពលោក ។

កាសែត Krasuaya Zvezda បានសរសេរថា នៅក្នុងបរិយាកាសពិតប្រាកដមួយនោះរឿងនេះនឹង មានន័យថា ក្បាលមីស៊ីលរបស់សត្រូវនឹងត្រូវគេកម្ទេចបានដោយជោគជ័យនៅក្នុងកម្ពស់និងចម្ងាយជា អតិបរមាចេញពីគោលដៅដែលការពារនេះ ។
កាសែតនោះបាននិយាយថា មីស៊ីលនេះ អាចនឹងចាប់ផ្តើមធ្វើការផលិតទ្រង់ទ្រាយធំក្នុងអនាគត ជិតៗនេះ ហើយជាបណ្តើរៗនឹងដាក់ជំនួសម៉ូដែល ដែលប្រើចាប់តាំងពីឆ្នាំ ១៩៩៥មក ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)