ទីក្រុង Hai Phong រៀបចំពិធីរំលឹកខួបទំនាក់ទំនងការទូតរវាងវៀតណាម និងសិង្ហបុរី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ — ទីក្រុង Hai Phong ដែលជាទីក្រុងកំពង់ផែភាគខាងជើងបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសិង្ហបុរី ថ្ងៃទី ១ (ខែសីហា ឆ្នាំ ១៩៧៣)។
ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំឡើងដោយសមាគមមិត្តភាពវៀតណា- មសិង្ហបុរី និងសហភាពមិត្តភាពវៀតណាមប្រចាំទីក្រុង Hai Phong ។


ថ្លែងសុន្ទរកថានៅក្នុងពិធីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong លោក Nguyen Van Thanh បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនសិង្ហបុរីចំពោះការគាំទ្រដ៏មានប្រសិទ្ធភាពរបស់ពួកគេចំពោះទីក្រុង Hai Phong និងប្រទេសវៀតណាម។

លោក Thanh បាននិយាយថា ប្រទេសសិង្ហបុរីជាប្រទេសដែលមានគម្រោងវិនិយោគទុនធំជាងគេនៅទីក្រុង Hai Phong ដោយមានគម្រោងចំនួន ៣០ ជាមួយនឹងទឹកប្រាក់វិនិយោគប្រមាណជិត ៧០០លានដុល្លារអាម៉េរិក។ នៅក្នុងនោះ រួមមានគម្រោងទីក្រុង ឧស្សាហកម្ម និងសេវាកម្មសួនឧស្សាហកម្ម Hai Phong វៀតណាម – សិង្ហបុរី ដែលបានទាក់ទាញក្រុមហ៊ុនពហុភាគីមួយចំនួន ដូចជាក្រុមហ៊ុន Nipro Pharma និងក្រុមហ៊ុន Fuji Xerox ជាដើម។

លោកបាននិយាយថា រដ្ឋាភិបាលសិង្ហបុរីបានផ្តល់អាហារូបករណ៍មួយចំនួនដល់ទីក្រុង Hai Phong សម្រាប់វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការទីក្រុង និងការគ្រប់គ្រងសាធារណៈប្រកបដោយចីរភាព ស្របពេលដែលទីក្រុងកំពង់ផែមួយនេះក៏បានស្វាគមន៍គណៈប្រតិភូនិស្សិតមួយចំនួនមកពីប្រទេសសិង្ហបុរី ដែលបានធ្វើទស្សនកិច្ចសិក្សាទៅកាន់ប្រទេសវៀតណាមផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)