វិទ្យាស្ថានជាតិស្រាវជ្រាវប្រគល់វត្ថុបុរាណជូនអាជ្ញាធរជាតិអប្សរា

AKP សៀមរាប ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ –វិទ្យាស្ថានជាតិស្រាវជ្រាវនៃប្រទេសជប៉ុនឈ្មោះ ណារ៉ា បានប្រគល់វត្ថុបុរាណដែលបានពីកំណាយស្រាវជ្រាវ និងជួសជុលនៅតំបន់អង្គរ ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក ដែលការប្រគល់និងទទួលនេះបានធ្វើឡើងកាលពីថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងលោក Hiroshi SUGIYAMA ប្រធានគម្រោងវិទ្យាស្ថានជាតិស្រាវជ្រាវ ណារ៉ារបស់ប្រទេសជប៉ុន។

      លោក Hiroshi SUGIYAMA បានឱ្យដឹងថា វត្ថុបុរាណទាំងនេះមានបំណែកកុលាលភាជន៍ ដែលបានពីការធ្វើកំណាយស្រាវជ្រាវនៅឡតានី​ ដែលស្ថិតនៅក្នុងឃុំរុនតា​ឯក ស្រុកបន្ទាយ ស្រី និងបំណែកតូចៗធ្វើពីលោហធាតុ ដែលសង្ស័យថាជារបស់ដែលគេយកមកធ្វើពិធីបូជាអ្វីមួយនៅប្រាសាទតុបខាងលិចនៃតំបន់នោះដែរ។ វិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ា ក៏មានសេចក្តីរីករាយក្នុងការគោរពទៅតាមច្បាប់បេតិកភណ្ឌនៃប្រទេសកម្ពុជា និងមានមោទកភាព ដែលបានចូលរួមចំណែកក្នុងការថែរក្សា ការពារ ជួសជុល និងអភិរក្សនូវសំណង់បុរាណក្នុងតំបន់អង្គរ ព្រមទាំងការស្រាវជ្រាវនៅទីនោះផងដែរ។

នៅក្នុងពិធីប្រគល់និងទទួលនោះ ឯកឧត្តម ហង់ ពៅ បានមានប្រសាសន៍ថា វិទ្យាស្ថានជាតិស្រាជ្រាវ ណារ៉ា របស់ប្រទេសជប៉ុន គឺជាស្ថាប័នអន្តរជាតិទី១ ដែលបានប្រគល់នូវបុរាណវត្ថុដល់អាជ្ញាធរជាតិអប្សរា ក្រោយពីធ្វើការស្រាវជ្រាវរួចរាល់។ ការប្រគល់វត្ថុបុរាណទាំងនោះមកអាជ្ញាធរជាតិអប្សរានាពេលនេះ គឺតបតាមការអំពាវនាវរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។

ដែលការអំពាវនាវនេះដែរបានធ្វើឡើងនាឱកាសជួបប្រជុំជាមួយស្ថាប័នអន្តរជាតិបំពេញភារកិច្ចក្នុងរមណីយដ្ឋានអង្គរ ឱ្យបញ្ជូនវត្ថុបុរាណនានាដែលប្រទះឃើញក្នុងពេលធ្វើកំណាយស្រាវជ្រាវ ឬជួសជុល មកឱ្យអាជ្ញាធរជាតិអប្សរា ដើម្បីចុះបញ្ជីសារពើភណ្ឌក្នុងក្របខណ្ឌជាតិនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

       ឯកឧត្តម ហង់ ពៅ បានបន្តទៀតថា វត្ថុទាំងនេះនឹងត្រូវរក្សាទុកនៅអាជ្ញាធរជាតិអប្សរា ដើម្បីសិក្សាអំពីប្រវត្តិ ចុះបញ្ជីសារពើភណ្ឌ និងធ្វើការជួសជុលអភិរក្សនូវបុរាណវត្ថុសិល្បៈទាំងនេះឱ្យបានល្អប្រសើរ។ឯកឧត្តមក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះវិទ្យាស្ថានជាតិស្រាវជ្រាវ ណារ៉ា ដែលមានកិច្ចសហការដ៏ល្អជាមួយអាជ្ញាធរជាតិអប្សរាជាច្រើនឆ្នាំលើកិច្ចការអភិរក្ស និងជួសជុលប្រាសាទក្នុងតំបន់អង្គរ ការស្រាវជ្រាវ ការបណ្តុះបណ្តាល ធនមនុស្ស និងការផ្តល់ការងារដល់អ្នកជំនាញខ្មែរផងដែរ៕

ដោយហង្ស សៀក