គណៈកម្មការទន្លេមេគង្គរៀបចំវេទិកាស្តីពីគម្រោងវារីអគ្គិសនីនៅប្រទេសឡាវ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ — យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការទន្លេមេគង្គកាលពីថ្ងៃទី ៣០ ខែសីហា បានឱ្យដឹងថា គណៈកម្មការទន្លេមេគង្គ (MRC) នឹងរៀបចំវេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកដំបូង ស្តីពីគម្រោងវារីអគ្គិសនីប៉ាក់ឡាយ (Pak Lay) នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែកញ្ញា ខាងមុខនេះ។

គម្រោងវារីអគ្គិសនីប៉ាក់ឡាយនឹងក្លាយជាមជ្ឈមណ្ឌលវារីអគ្គិសនីទី ៤ ដែលត្រូវបានសាងសង់នៅលើទន្លេមេគង្គតាមការស្នើសុំរបស់រដ្ឋាភិបាលឡាវ បន្ទាប់ពីគម្រោងវារីអគ្គិសនីដុនសាហុង សាយ៉ាបូរី និងប៉ាក់បេង។ វេទិកានេះមានគោលបំណងផ្តល់ព័ត៌មានអំពីគម្រោងវារីអគ្គិសនីប៉ាក់ឡាយ និងដំណើរការពិគ្រោះយោបល់ជាមុនរបស់គណៈកម្មការទន្លេមេគង្គ។

លោក Pham Tuan Phan នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC បាននិយាយថា វេទិកានេះនឹងបង្កើតកម្មវិធីមួយដើម្បីលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យលើកឡើងអំពីកង្វល់ស្របច្បាប់របស់ពួកគេ និងផ្តល់យោបល់លើគម្រោង ព្រមទាំងសកម្មភាពរបស់ខ្លួនផងដែរ។

លោកបាននិយាយបន្ថែមថា នេះក៏ជាឱកាសតែមួយគត់សម្រាប់ភាគីពាក់ព័ន្ធក្នុងការចែករំលែក និងកត់សម្គាល់អំពីការព្រួយបារម្ភទាំងអស់ជាមួយបណ្តាប្រទេសជាសមាជិក MRC ជាពិសេសអ្នកដែលស្នើសុំសាងសង់រោងចក្រវារីអគ្គិសនី ដើម្បីកាត់បន្ថយភាពតានតឹង។

ថ្ងៃដំបូងនៃវេទិកានេះនឹងផ្តល់ព័ត៌មាន និងពង្រឹងការយល់ដឹងអំពីដំណើរការរបស់ MRC ក្រោមនីតិវិធីនៃការជូនដំណឹង ការពិគ្រោះយោបល់មុន និងកិច្ចព្រមព្រៀង (PNPCA) ។ ថ្ងៃទីពីរនឹងត្រូវបានគេយកទៅអនុវត្តន៍ការងារសំខាន់ៗរបស់ MRC ដែលជាផលប្រយោជន៍ សាធារណៈ ដូចជាផែនការសកម្មភាពរួមគ្នាដើម្បីអនុវត្តន៍គម្រោងវារីអគ្គិសនីប៉ាក់បេង ការត្រួតពិនិត្យ បរិស្ថាននៃគម្រោងវារីអគ្គិសនីនៅតាមដងទន្លេមេគង្គ និងការផ្លាស់ប្តូរនៃការរចនាគម្រោងវារីអគ្គិសនី សាយ៉ាបុរី។

មតិដែលចែករំលែកដោយភាគីពាក់ព័ន្ធនានា នឹងត្រូវបានកត់សម្គាល់នៅក្នុងរបាយការណ៍មួយដែលនឹងត្រូវបានបោះពុម្ពផ្សាយ និងយកទៅពិចារណាដោយគណៈកម្មាធិការចម្រុះរបស់ MRC ក្នុងអំឡុងពេលដំណើរការកិច្ចពិគ្រោះយោបល់៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី )