កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នា ដោយមិនទុកនរណាម្នាក់ចោលឡើយ !

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោចខែ ស្រាពណ៍ ឆ្នាំ ច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានរៀបចំពិធីចែកអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ៥១គ្រួសារ គឺឃំុផ្លូវទូក​ ១១គ្រួសារ​ ឃំុប្រឡាយមាស​១០គ្រួសារ​ ឃំុសំរោងសែន​៣០គ្រួសា​ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា ឯកឧត្តម ហ៊ី ណាត ប្រធានគណៈកម្មាធិការសាខា អមដំណើរជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្នុងផែកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ក្នុងពិធីនេះផងដែរឯកឧត្តមបានផ្តាំផ្ញើក្តីនឹករលឹក និងការអាណិតអាសូរដោយព្រហ្មវិហារធម៌របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទូទៅដោយពុំប្រកាន់និន្នាការនយោបាយ ឬពណ៌សម្បុរឡើយ ។
ម៉្យាងទៀតសូមឱ្យបងប្អូនកូនក្មួយត្រូវប្រុងប្រយ័ត្នចំពោះបញ្ហានានាក្នុងដូវទឹកជំនន់នេះ ជាពិសេសក្មេងៗ ចាស់ជរា ស្រ្តីមានផ្ទៃពោះ បើមានបញ្ហាផ្សេងៗគឺសូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានភ្លាមៗ ។

ក្រោយចប់ការសំណេះសំណាល ឯកឧត្តម បាននាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារនីមួយៗទទួលបានៈ អង្ករ ៣០គក មី១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ២០,០០០រៀល។