រដ្ឋមន្រ្ដីក្រសួងកសិកម្ម ចាត់ទុកព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារ​ថែរក្សា លំនឹងបរិស្ថាន ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ — រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកព្រៃឈើគឺបានដើរតួនាទីយ៉ាង សំខាន់ក្នុងការការពារថែរក្សាលំនឹងបរិស្ថាន ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ចូលរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ នេះបើ យោងតាមការចេញផ្សាយរបស់ក្រសួងកសិកម្ម។

ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “សេចក្តីព្រាងផែនការយុទ្ធសាស្រ្តគ្រប់ គ្រង ព្រៃផ្តល់ផល” នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ដោយមើលឃើញពីអត្ថប្រយោជន៍នៃ​ធនធានព្រៃឈើជាតិ ដែលមិនអាចកាត់ថ្លែបាន រាជ រដ្ឋាភិបាលបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់បន្តធ្វើសកម្មភាព កំណែទម្រង់ស៊ីជម្រៅលើវិស័យព្រៃឈើ តាមយៈការដាក់ចេញនូវគោលនយោបាយ និងបទបញ្ជាជាបន្តបន្ទាប់ក្នុងគោលបំណងសំខាន់ គឺការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយនិរន្តរភាពតាមរយៈការត្រួតពិនិត្យលើការធ្វើអាជីវកម្មព្រៃឈើ ការថែរក្សាព្រៃបម្រុងទុកសម្រាប់ការ ប្រើប្រាស់ក្នុងស្រុក និងរក្សាបាននូវតំបន់ដី សើមដែលជាដែនជម្រកមច្ឆជាតិ។

ទន្ទឹមនេះ ការពារធនធានធម្មជាតិ ជីវចម្រុះ និងប្រភេទ រុក្ខជាតិ និងសត្វព្រៃដែលរកកលជិតផុតពូជ និងអភិវឌ្ឍន៍សហគមន៍ព្រៃឈើ ប្រកបដោយ តម្លាភាព និរន្តរភាព តាមរយៈការអភិវឌ្ឍនៅនឹងកន្លែងដោយប្រជាសហគមន៍ នៅមូលដ្ឋាន ផ្ទាល់ សមស្របទៅតាមសក្តានុពលនៅតាមភូមិសាស្រ្តនីមួយៗ ជាពិសេសការអភិវឌ្ឍ សហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើតការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយការពឹង ផ្អែកទាំងស្រុងលើផលនិងអនុផលព្រៃឈើ ការកាប់ទន្ទ្រានរានដីព្រៃធ្វើចម្ការ រួចឈានទៅធ្វើ ការកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។

តែទោះបីយ៉ាងនេះក្ដី ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា វិស័យព្រៃឈើបាននិងកំពុង​ប្រឈមជាមួយបញ្ហាធំៗជាច្រើនដូចជាការថយចុះទំហំផ្ទៃដីព្រៃឈើដែលបណ្តាលមកពីកំណើនតម្រូវការដីកសិកម្ម ស្របទៅនឹងកំណើនប្រជាជន ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ឧស្សាហកម្ម ទេសចរណ៍ កសិកម្មខ្នាតតូចនិងមធ្យម ការកាប់ព្រៃទន្ទ្រានយកដីធ្វើជា​កម្មសិទ្ធិ ខុសច្បាប់ ការកំណត់ព្រំរវាងតំបន់ព្រៃឈើ និងព្រៃផ្តល់ផលនៅមិនទាន់ច្បាស់លាស់ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីព្រៃឈើនៅមានកម្រិត និងគម្លាតធំរវាងការផ្គត់ផ្គង់ និងការ ប្រើប្រាស់ឈើ ផលិតផលឈើ និងអនុផលព្រៃឈើជាដើម។ល។

ជាមួយគ្នានេះដែរ រាជរដ្ឋា ភិបាលដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការបានដាក់ចេញ​នូវ កម្មវិធីកែទម្រង់វិស័យព្រៃឈើ ដែលក្នុងនោះមានផែនការសកម្មភាពសំខាន់ៗ ជាច្រើនរួមមាន ការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ការបង្កើតនិងពង្រឹងសហគមន៍ព្រៃឈើ ការអនុវត្ត វិធានការយ៉ាងម៉ឺងមាត់ក្នុងការគ្រប់គ្រងនិងទប់ស្កាត់បទល្មើសព្រៃឈើ ការពង្រឹងប្រសិទ្ធភាព គ្រប់គ្រងព្រៃបម្រុងទុក ការបង្កើតតំបន់ព្រៃសម្រាប់អភិរក្សធនធានពន្ធុរុក្ខជាតិ និងសត្វព្រៃ ព្រមទាំងបោះបង្គោលព្រំប្រទល់ព្រៃបម្រុងទុកអចិន្ត្រៃយ៍ ការបណ្តុះកូនឈើនៅតាមស្ថានីយ ផ្សព្វផ្សាយ ការដាំកូនឈើនៅតំបន់ស្ដារព្រៃឈើឡើងវិញ និងទីតាំងផ្សេងៗ ពិសេសការ រៀបចំពិធី “រុក្ខទិវា” ជារៀងរាល់ឆ្នាំដើម្បីបំផុសចលនាមហាជនទាំងអស់ឱ្យចូលរួមដាំដើមឈើ ថែរក្សា ការពារធនធានព្រៃឈើ និងជីវចម្រុះដែលជាមរតកដ៏មានតម្លៃសម្រាប់ មនុស្សជាតិ ទាំងមូល។

ឯកឧត្តមបានបន្ថែមទៀតថា សេចក្តីព្រាងផែនការយុទ្ធសាស្រ្តគ្រប់គ្រងព្រៃផ្តល់ផល​ដែលកំពុងរៀបចំធ្វើនាពេលនេះគឺក្នុងគោលបំណងបង្កើននិងពង្រឹងសមត្ថភាពគ្រប់គ្រង​ព្រៃ ផ្តល់ផលឱ្យមាននិរន្តរភាពនាពេលអនាគតដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ បង្កើនកម្រិត ជីវភាពរបស់ប្រជាសហគមន៍ រក្សាកំណើនសេដ្ឋកិច្ច និងអេកូឡូស៊ីរបស់ព្រៃផ្តល់ផល ពង្រីក ជំនួញផលិតផលព្រៃឈើដោយឈរលើគោលការណ៍ច្បាប់ទាំងថ្នាក់ជាតិនិងអន្តរជាតិ។
លើសពីនេះទៀត សេចក្ដីព្រាងនេះ ក៏នឹងពង្រឹងអភិបាលកិច្ចព្រៃឈើ អភិវឌ្ឍន៍ សមត្ថភាពស្ថាប័ន និងធនធានមនុស្ស ជំរុញឱ្យមានការចូលរួម ពីសហគមន៍ គាំទ្រការគ្រប់ គ្រងព្រៃឈើដោយនិរន្តរភាព ពង្រឹងកិច្ចសហការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូល ដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់។

សូមបញ្ជាក់ថា សិក្ខាសាលានេះត្រូវបានសហការរៀបចំឡើងដោយរដ្ឋបាលព្រៃឈើ រួមជាមួយអង្គការ UNDP ប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណង តាមដានពីវឌ្ឍនភាពនៃការ រៀបចំឯកសារផែនការយុទ្ធសាស្រ្តគ្រប់គ្រងព្រៃផ្តល់ផលឆ្នាំ២០១៨-២០៣២ ការស្វែងរកធាតុ ចូលពីគ្រប់តួអង្គពាក់ព័ន្ធទាំងចំណេះដឹង បទពិសោធន៍ និងអនុសាសន៍ល្អៗរួចដាក់បញ្ចូល ទៅក្នុងសេចក្តីព្រាងនេះប្រយោជន៍ដើម្បីកែសម្រួល ឱ្យបានកាន់តែល្អប្រសើរថែមទៀតទាំង លក្ខណៈច្បាប់ និងបច្ចេកទេសរួចដាក់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យនិងអនុម័ត៕

ដោយ អ៊ុន រិទ្ធី

រូបថត៖ ក្រសួងកសិកម្ម