ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកល្វាឯម បានទទួលអំណោយសប្បុរសធម៌ពីសមាគមមិត្តភាពសភាពាណិជ្ជកម្មចិនហ្វូជាន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ — ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គចំនួន ៦០គ្រួ​​សារ នៅភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តា​ល បានទទួលអំណោយសប្បុរសធម៌ពីសមាគម មិត្តភាពស​ភាពាណិជ្ជកម្មចិនហ្វូជាន និងអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀ​ល អ៊ីស្នេត នៅកម្ពុជា ដោយក្នុងមួយគ្រួសារទទួលបានអង្ក ១៥គីឡូ​ក្រាម តង់កៅស៊ូធំមួយ មុងមួយ មីមួយកេស ទឹកត្រីមួយយួរ ទឹកស៊ីអីវមួយយួរ និងប្រេងឆា៥លីត្រមួយដប​។

លោក ចាង ជៀឆាយ តំណាងឱ្យសមាគមមិត្តភាពសភាពាណិជ្ជកម្មចិនហ្វូជាន និងអង្គការមូលនិធិ​សប្បុរសធម៌ ព្រីនស៍ រៀ​ល អ៊ីស្នេតនៅកម្ពុជា បានថ្លែងនាព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៨នេះថា អំណោយថ្ងៃនេះ ទោះបីមិនច្រើន តែអាចជួយដោះស្រាយ ការលំបាករបស់ប្រជាជនកម្ពុជា ដែលបានកំពុងជួបការលំបាករងគ្រោះដោយទឹកជំនន់បាន មួយគ្រា។ ក្នុងនាមរូបលោកជាប្រជាជនចិន លោកត្រូវតែមានទឹកចិត្តជួយដល់ប្រជា​ជនកម្ពុជា ដោយសារប្រជាជន និងប្រទេសយើងទាំងពីរធ្លាប់ជាបងប្អូនល្អ មិត្តល្អជាអ្នកជិតខាងល្អ។

លោកបន្តថា ចាប់តាំងពីអង្គការមូលនិធិសប្បុរសធម៌របស់លោកបង្កើតឡើងនៅ កម្ពុជាតាំ​ងពីឆ្នាំ២០១៦មក ជារៀ​ង​រាល់ខែលោកតែងបានជួយដល់ប្រជាជនកម្ពុជាជាច្រើន ដូចជាជួយជីកអណ្តូង ជួយកសាងសា​លារៀន និងជួយដល់សិស្សក្រីក្រ ពិសេសកន្លែងណា ដែលប្រជាពលរដ្ឋកម្ពុជាជួបការលំ​​បាក​ អង្គការមូលនិធិសប្បុរសធម៌ របស់លោកតែងបាន ជួយជាបន្ត​បន្ទាប់​។
លោក សួន សំអឿន មេភូមិព្រែកក្មេងបានបញ្ជាក់ថា ជាង១០ថ្ងៃមកនេះកម្ពស់ ទឹកទន្លេមេគង្គបន្តកើនឡើង ធ្វើឱ្យប្រជាពល​រដ្ឋក្នុងភូមិព្រែកក្មេងចំនួន ៥២០គ្រួសារ ជួបគ្រោះ​ទឹកជំនន់ទន្លេមេគង្គ ក្នុងនោះប្រជាពលរដ្ឋ ២៥គ្រួសាររងគ្រោះធ្ងន់ធ្ងរជាងគេ។

លោក ចាន់ សេង ជំទប់ទី១ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល បាន លើកឡើងថា ១០ថ្ងៃមកនេះគ្រោះទឹកជំ​នន់​បានធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកជាច្រើន ផ្ទះសម្បែង ផ្លូវថ្នល់ និងផលដំណាំជាច្រើន ត្រូវលិចលង់រងគ្រោះដោយសារទឹកជំនន់ ទន្លេមេគង្គបន្តកើនឡើង។

លោកជំទប់ទី១ ឃុំព្រែកក្មេង ថ្លែងអំណរគុណដល់ក្រុមការងារសមាគមមិត្តភាព សភាពាណិជ្ជកម្មចិនហ្វូជាននៅកម្ពុជា ដែលកាលពីថ្ងៃកន្លងមកនេះ បាននាំយកអំណោយ មកជួយដល់ប្រជាពលរដ្ឋឃុំព្រែកក្មេងចំនួន២០គ្រួសារ ហើយថ្ងៃនេះទៀតបាននាំយក អំណោយសប្បុរសធម៌មកចែកជូនចំនួន ៦០គ្រួសារទៀត សរុបទាំងពីរលើកមានប្រជាពលរដ្ឋ ឃុំព្រែកក្មេងចំនួន៨០គ្រួសារហើយដែលបានទទួលអំណោយនេះ។

តាងនាមប្រជាជន ឃុំព្រែកក្មេងទាំងមូល សូមថ្លែងអំណរគុណ​ដល់សមាគមមិត្តភាព សភាពាណិជ្ជកម្មចិនហ្វូជាន អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្នេត ដែលបានរួម សហការគ្នាបង្កើតកម្មវិធីសប្បុរសធម៌ នាំយកអំណោយមកចែកជូនប្រជាពលរដ្ឋក្នុង ឃុំព្រែកក្មេង​ ដែលរងគ្រោះដោយទឹកជំនន់នាពេលនេះ៕

ដោយ ប៉ាល់ សុង