អភិបាលខេត្តបាត់ដំបងអញ្ជើញចូលរួមក្នុងពិធីសម្ពោធផ្សាររាត្រី

AKP បាត់ដំបង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ — នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ ផ្សាររាត្រីក្រុងបាត់ដំបង ដែលមានតម្លៃ៣ រយពាន់ដុល្លារ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុនតាមរយៈ ADB ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយក្រោមអធិបតីភាព ឯកឧត្ដម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។

ឯកឧត្ដម ងួន រតនៈ មានប្រសាសន៍ថា ការកសាងផ្សាររាត្រីថ្មី នៅក្រុងបាត់ដំបងនេះ ឡើង គោលបំណងដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ដែលត្រូវបានផ្តល់ ហិរញ្ញប្បទានឥតសំណងដោយមូលនិធិជប៉ុនដើម្បីកាត់បន្ថយភាពក្រីក្រ ហើយគ្រប់គ្រង ដោយគណៈកម្មការគ្រប់គ្រងទីផ្សារMMC ដែលដឹកនាំដោយអភិបាលក្រុងបាត់ដំបង។ គម្រោងនេះ មានបំណងសាកល្បងការអភិវឌ្ឍទីផ្សារ ជាវិធីសាស្ត្រមួយដើម្បី របៀងសម្រាប់ លើកស្ទួយជីវភាពរស់នៅប្រជាជនរស់នៅតាមទន្លេមេគង្គ ដែលរាជរដ្ឋាភិបាលតែង តែរិះ រកគ្រប់វិធីដោយធ្វើយ៉ាងណា ដើម្បីកាត់បន្ថយភាពក្រីក្រតាមរយៈមុខរបរ និងប្រាក់ ចំណូល។

ផ្សាររាត្រីថ្មី មានទីតាំងស្ថិតនៅកណ្តាល ក្រុងបាត់ដំបង នៅជិតសាលាក្រុងបាត់ដំបង នៅចន្លោះរវាង សាលាខេត្តបាត់ដំបង និងដងស្ទឹងសង្កែ ដែលមានតំបន់ទីផ្សារ ទំហំ៣០៦៤ម៉ែត្រក្រឡា ស្មើនឹង ១៥២តូប និង​មានសមាជិកអាជីករផ្សារចំនួន ១៥២នាក់៕

ដោយ ណយ នឿន

(ប្រភព៖សាលាខេត្តបាត់ដំបង)