ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បន្តជំរុញបង្កើនការយកចិត្តទុកដាក់ ​ថែរក្សា​ការពារសន្តិសុខជូនប្រជាពលរដ្ឋ

AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨​ — ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបន្តជំរុញបង្កើនការយកចិត្តទុកដាក់ក្នុងកិច្ច​ថែរក្សាការពារសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត។

នៅក្នុងកិច្ចប្រជុំបូកសរុបការងារសន្តិសុខកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ​ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ​ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានជំរុញទៅ ដល់កងកម្លាំងនគរបាលគ្រប់​ជាន់ថ្នាក់ត្រូវសហការគ្នាប្រមូលផ្តុំនូវវិធានការជំនាញ និងកម្លាំង សរុបនៅក្នុងការចាត់វិធានការបង្ការទប់ស្កាត់និងបង្ក្រាបនូវបទល្មើសគ្រប់ប្រភេទនិងបាតុភាពអសកម្មផ្សេងៗនៅក្នុងសង្គមប្រកបដោយស្មារតីទទួលខុសត្រូវនិងត្រូវមានភាពអត់ធ្មត់។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់វិធានការចាំបាច់និងសំខាន់ៗមួយចំនួន​ដែលគប្បីត្រូវយកចិត្តទុកដាក់នោះដូចជាត្រូវធ្វើការប្រជុំដាក់ផែនការការពារឱ្យបានច្បាស់លាស់រៀបចំក្រុមការងារប្រចាំការតាមប៉ុស្តិ៍ការដាក់កម្លាំងតាមចំណុចគោលដៅ​​ ​ចល័តកម្លាំង ចុះល្បាតតាមផ្លូវទីសាធារណៈការរៀបចំបន្ថែមទៀតកម្លាំងប្រជាការពារភូមិឱ្យបានច្រើននិងការឆែកឆេរអាវុធជាតិផ្ទុះឱ្យកាន់តែទទួលបានប្រសិទ្ធភាព។

នៅក្នុងកិច្ចប្រជុំនេះលោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានលើកឡើងពីប្រតិបត្តិចុះ​ត្រួតពិនិត្យក្លឹបកម្សាន្តនានា​ដែលបាន ​ធ្វើឡើងកាល​ពីវេលាម៉ោង១២យប់ អធ្រាត្រថ្ងៃទី២៩ រហូតដល់ម៉ោង៤ទាបភ្លឺថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ក្រោមការសម្របសម្រួលពីសំណាក់ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅចំណុចក្លឹបរាំឌីស្កូ ខារ៉ាអូខេ នៅក្រុងសិរីសោភ័ណ និងនៅក្រុងប៉ោយប៉ែត ចំនួន៣ទីតាំង​គឺ ក្លឹបហ្គោលថោន ​និងក្លឹបថាច់ ដោន ក្លឹបឡាហ្វ៊ីរ៉ា ជនជាតិចិនជួល ​ពេលត្រួតពិនិត្យនេះ សមត្ថកិច្ចរកឃើញ វត្ថុតាងឧបករណ៍ប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លឹបថាច់ដោន និងក្លឹបឡាហ៊្វីរ៉ា ក្រុងប៉ោយប៉ែត មានការសង្ស័យទីតាំងនេះ អាចមានការប្រើ ប្រាស់គ្រឿងញៀន។បច្ចុប្បន្ន សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមួយចំនួនត្រូវបានកម្លាំងជំនាញកំពុងសាកសួរ និងធ្វើតេស្តទឹកនោម ដោយឡែកម្ចាស់ ទីតាំងលោកព្រះរាជអាជ្ញា ឱ្យធ្វើកិច្ចសន្យាមិនឱ្យមាន អ្នកប្រើប្រាស់គ្រឿងញៀនតទៅទៀត។

​លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបន្ថែមទៀតថា ការអនុវត្តគោល​នយោបាយភូមិ ឃុំមានសុវត្ថិភាពនោះ​នៅតែជាការងារគន្លឹះក្នុងការបង្ក្រាបនិងទប់ស្កាត់ ការប្រើប្រាស់និងការជួញដូរគ្រឿងញៀនការជួញដូរមនុស្សអំពើហិង្សាក្នុងគ្រួសារ និងបទ​ល្មើសផ្សេងៗគ្រប់រូបភាព ហេតុនេះត្រូវរួមគ្នាបន្តជំរុញធ្វើដោយ​បន្តយកចិត្តទុកដាក់​ក្នុងការចុះធ្វើវេទិកាសាធារណៈនៅតាមភូមិឃុំ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងចូលរូមក្នុង​ចលនានេះកាន់តែបានច្រើនសំដៅធានាបាននូវសុវត្ថិភាពសន្តិសុខមូលដ្ឋានរបស់ពួកគាត់។

លោកបន្តទៀតថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកសមត្ថកិច្ចជំនាញត្រូវ បន្តពង្រឹងដោយចុះ​អនុវត្តន៍ច្បាប់នេះនៅតាមដងផ្លូវឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយនោះដែរក៏ត្រូវចុះ ធ្វើការផ្សព្វផ្សាយច្បាប់ចរចរណ៍ផ្លូវគោក នេះឱ្យបានកាន់ទូលំទូលាយចូលដល់ស្រទាប់​ប្រជាពលរដ្ឋនៅតាមភូមិតាមខ្នងផ្ទះសិស្ស នៅតាមសាលារៀនធ្វើយ៉ាងណាឱ្យមានយល់ដឹងទាំងអស់គ្នាចូលរួមអនុវត្តន៍ទាំងអស់គ្នានោះទើបកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍។

លោកឧត្តមសេនីយ៍ទោអាត់ខែមក៏បានរម្លឹកដល់​មន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ត្រូវប្រឹង​ប្រែងថែមទៀតក្នុងការបម្រើសេវារដ្ឋបាលសាធារណៈដែលក្នុងនោះត្រូវបង្កើនល្បឿនការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់ប្រជាពលរដ្ឋដែលនៅសេសសល់តាមមូលដ្ឋានឱ្យបានឆាប់រហ័ស៕

ដោយ ឈុន សារ៉ាត