កំណាត់ផ្លូវច្រាំងទន្លេសាបដែលបាក់ដោយសារទឹកជំនន់នោះ ពេលនេះស្ថាបនារួចរាល់ និងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរដូចធម្មតាវិញហើយ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ង៊ួង វុធ រូបថត លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ កំណាត់ផ្លូវច្រាំងទន្លេមួយខ្សែ ដែលទទួលរងការខូចខាត ដោយជំនន់ទឹកទន្លេសាបហូរបាក់ផ្តាច់ កាលពីពេលកន្លងទៅ ស្ថិតនៅក្រុមទី២ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារនោះ នៅពេលនេះ ការដ្ឋានស្ថាបនាបានបញ្ចប់រួចរាល់ នឹងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរធម្មតាវិញហើយ ។

លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា កំណាត់ផ្លូវមួយខ្សែខាងលើ ដែលរងការខូចខាតដោយជំនន់ទឹកទន្លេសាបនោះ នៅពេលនេះ ក្រុមមន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរធនធានទឹក និងឩតុនិយមរាជធានីភ្នំពេញ បានរួមគ្នាចាក់ថ្ម និងច្រកបាវខ្សាច់ចាក់បំពេញច្រាំងទន្លេសាប ដែលបាក់នេះបានបញ្ចប់១០០%ហើយ ដើម្បី ជាប្រយោជន៏បើកឲ្យប្រជាពលរដ្ឋបានធ្វើដំណើរជាធម្មតាឡើងវិញ ។

គួររំលឹកថា ក្នុងពេលចុះត្រួតពិនិត្យជាក់ស្តែង ស្ថានភាពច្រាំងទន្លេ ដែលបាក់ដោយជំនន់ទឹកទន្លេសាបនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ត្រី ជំនាញពាក់ព័ន្ធ រួមគ្នាស្ថាបនាកំណាត់ផ្លូវនេះឡើងវិញជាបន្ទាន់ ដើម្បី ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ធ្វើដំណើរប្រកបមុខរបរជាធម្មតាឡើងវិញ ។

ឯកឧត្តម ក៏បានបញ្ជាក់ដែរថា នៅរដូវទឹកស្រក ឬរដូវប្រាំងខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់មន្រ្តីជំនាញ ចុះសិក្សាបច្ចេកទេសឲ្យបានហ្មត់ចត់ ទៅតាមបទស្ថានបច្ចេកទេស ដើម្បីបុកស៊ីវផាយចាក់បេតុង ធ្វើឲ្យផ្លូវនេះ បានរឹងមាំជាប់តែម្តង ។

សូមបញ្ជាក់ថា កំណាត់ផ្លូវច្រាំងទន្លេនេះ តែងតែបាក់ជារៀងរាល់ឆ្នាំ ប៉ុន្តែការបាក់នោះ មិនមានសភាពធ្ងន់ធ្ងរនោះទេ អាជ្ញាធរមូលដ្ឋាន តែងតែជួសជុលជាបន្តបន្ទាប់ តែឆ្នាំនេះ បែជាមានសភាពបាក់ខ្លាំង មិនអាចជួសជុលបាន ទើបសាលារាជធានីសម្រេចធ្វើការជួសជុលតែម្តង៕