ការប៉ះទង្គិចគ្នាថ្មីបានផ្ទុះឡើងក្នុងទីក្រុងទ្រីប៉ូលីរបស់ប្រទេសលីប៊ី

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ — ការប៉ះទង្គិចគ្នាថ្មីបានផ្ទុះឡើងកាលពីថ្ងៃពុធ នៅខាងត្បូងទីក្រុងទ្រីប៉ូលី រវាងកងកម្លាំងរដ្ឋាភិបាល ដែល ​អ.ស.ប គាំទ្រនិងពួកកងជីវពលមកពីទីក្រុងតាហ៊ូណា ដែលនៅជិតខាងចម្ងាយប្រហែល ៨០គីឡូម៉ែត្រភាគអាគ្នេយ៍រដ្ឋធានី ។

ប្រភពមួយនៃការិយាល័យសន្តិសុខរួមបានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា កងកម្លាំងរបស់យើងបានប្រើអាវុធធុនធ្ងន់ នឹងបានវាយប្រហារកន្លែងមួយចំនួននៅក្នុងតំបន់ Qasr Ben Ghasgir ជាយក្រុងទ្រីប៉ូលីភាគខាងត្បូង ។ យើងត្រូវការស្តាឡើងវិញកន្លែងដែលត្រួតត្រាដោយពួកជនប្រដាប់អាវុធកងពលតូចទី៧ ​របស់តាហ៊ូណា ។

ប្រភពនោះបាននិយាយជាអនាមិកថា ការប៉ះទង្គិចគ្នា បានបន្តទៅចាប់តាំងពីព្រឹកមក ។ កាលពីព្រឹកថ្ងៃនេះ បេសកកម្ម​គាំទ្រ ​អ.ស.ប ក្នុងប្រទេសលីប៊ី ( UNSMIL ) បានព្រមានប្រឆាំងនឹងសកម្មភាពយោធាក្នុងទីក្រុងទ្រីប៉ូលី ។ នៅក្នុងទីក្រុងទ្រីប៉ូលីភាគខាងត្បូង មានការប៉ះទង្គិចគ្នាយ៉ាងឃោរឃៅរវាងកងកម្លាំងរដ្ឋាភិបាល និងពួកកងជីវពលប្រដាប់អាវុធក្នុងពេលពីរបីថ្ងៃកន្លងទៅនេះ ដែលសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ និងរបួស ៣៣នាក់ទៀត នេះបើតាមក្រសួងសុខាភិបាលឱ្យដឹង ។

រដ្ឋមន្ត្រីមហាផ្ទៃ លោក អាប់ឌុលសាឡាម អាសួ (Abdulalam Ashour) បានប្រាប់បណ្តាញទូរទស្សន៍ក្នុងស្រុកមួយកាលពីថ្ងៃចន្ទថា គេបានសម្រេចកិច្ចព្រមព្រៀងឈប់បាញ់មួយក្នុងទីក្រុងទ្រីប៉ូលី ។ តែយ៉ាងណាក៏ដោយពួកសាក្សីបាននិយាយថា ការបាញ់កាំភ្លើងគេនៅតែអាចឮនៅឡើយម្តងម្កាលក្នុងទីក្រុងទ្រីប៉ូលីភាគខាងត្បូង សូម្បីនៅបន្ទាប់ពីការប្រកាសឈប់បាញ់ក៏ដោយ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )