កូរ៉េខាងត្បូងថា កិច្ចចរចាដំណើរការទៅហើយជាមួយកូរ៉េខាងជើង ដើម្បីបើកការិយាល័យសម្ព័ន្ធការរួមគ្នា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ — ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយពីថ្ងៃពុធថា កិច្ចចរចាជាមួយកូរ៉េខាងជើងបានដំណើរការទៅហើយ ដើម្បីបើកការិយាល័យទំនាក់ទំនងរួមគ្នាមួយនៅក្នុងទីក្រុងព្រំដែនកាវសុង របស់កូរ៉េខាង-ជើង ។

អ្នកនាំពាក្យក្រសួងបង្រួបបង្រួមលោក BAIK Tae –Hyun បានប្រាប់សន្និសីទសារព័ត៌មានមួយថា កិច្ចចរចាបច្ចុប្បន្នបានដំណើរការទៅហើយរវាងកូរ៉េទាំងពីរ អំពីការបើកការិយាល័យទំនាក់ទំនងអន្តរកូរ៉េទោះបីជាគ្មានការជឿនលឿនជាក់លាក់ណាមួយ ត្រូវបានគេធ្វើឡើងនៅឡើយក៏ដោយ ។

ការបើកការិយាល័យទំនាក់ទំនងរួមគ្នានេះ ត្រូវបានព្រមព្រៀងគ្នាដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា- អ៊ីន ( Moon Jae –in ) និងមេដឹកនាំកំពូលកូរ៉េខាងជើង​ លោក គីម ជុង អ៊ុន ក្នុងអំឡុងកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេកាលពីថ្ងៃទី២៧ ខែមេសា នៅក្នុងភូមិព្រំដែនប៉ានមុនហ្សូម ។

កូរ៉េខាងត្បូងមានបំណងបើកការិយាល័យទំនាក់ទំនងនេះ នៅត្រឹមដំណាច់ខែសីហានេះ ដើម្បីបង្កើនការទាក់ទងគ្នាជាមួយកូរ៉េខាងជើង ប៉ុន្តែវាបានក្លាយទៅមានការលំបាកដើម្បីបើកការិយាល័យនេះ ដូចដែលបានគ្រោងទុកដោយសារតែកាលបរិច្ឆេទ ដែលនៅសេសសល់នៃខែនេះ ។

នៅពេលគេសួរអំពីថា តើការលុបចោលទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉ែវ ( Mike Pompeo ) ទៅកាន់​កូរ៉េខាងជើង មានឥទ្ធិពលដល់កាលបរិច្ឆេទបើកការិយាល័យសម្ព័ន្ធការនេះដែរឬយ៉ាងណានោះ អ្នកនាំពាក្យនោះបាននិយាយថា មានការវិលចុះឡើងប្រកបដោយគុណធម៌មួយរវាងទំនាក់ទំនងអន្តរកូរ៉េ និងទំនាក់ទំនង​កូរ៉េខាងជើង -ស.រ.អា ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានស្នើដល់លោក ប៉ុមប៉ែវ ឱ្យលុបចោលទស្សនកិច្ចដែលបានគ្រោងទុករបស់លោក​ទៅកាន់ក្រុងព្យុងយ៉ាង ។

អ្នកនាំពាក្យនោះបាននិយាយថា កិច្ចចរចាអន្តរកូរ៉េបានដំណើរទៅហើយតាមរយៈបណ្តាញផ្សេងៗ ដើម្បីកំណត់នូវកាលបរិច្ឆេទនៃកិច្ចប្រជុំកំពូលលើកទីបី រវាងមេដឹកនាំបច្ចុប្បន្នរបស់កូរ៉េទាំងពីរ ។ កូរ៉េខាងត្បូង និងខាងជើង បានព្រមព្រៀងគ្នាធ្វើកិច្ចប្រជុំកំពូល មូន – គីម ក្នុងក្រុងព្យុងយ៉ាងនៅមុនដំណាច់ខែកញ្ញា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )